Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

បានផុស

នៅ

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ មន្ទីរពាក់ព័ន្ធបានបន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អាជីវករនិងប្រជាពលរដ្ឋដែលកំពុងប្រកបអាជីវកម្មនិងរស់នៅតាមសងខាង បណ្តោយផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ ផ្លូវលេខ១០៧ ផ្លូវលេខ១០៨ ផ្លូវលេខ២០៦ ផ្លូវលេខ២០៩ និងផ្លូវលេខ២១០ ត្រូវធ្វើការរុះរើចេញនូវសំណង់ សំយាប ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើចំណីផ្លូវ ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពឱ្យកាន់តែមានភាពស្រស់បំព្រង និងដើម្បីត្រៀមប្រារព្ធទិវាបរិស្ថានជាតិនិងបរិស្ថាន ពិភពលោក ៥ មិថុនា ២០២៦ នៅកីឡដ្ឋានខេត្តកណ្តាលនាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ គោលបំណងសំខាន់ ក្នុងការចុះរៀបចំនេះ គឺដើម្បីរៀបចំសោភ័ណភាពនៅតាមកំណត់ផ្លូវជាតិសំខាន់ៗនេះ ឲ្យបានស្អាតសមរម្យសាកសមជាទីក្រុងស្អាត មានសន្ដិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងមានបរិស្ថានអនាម័យបានល្អប្រសើរ។ ពិសេសគឺដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋទូទៅ មិនឲ្យមានការកក់ស្ទះបន្តទៀត និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតទៀតផងដែររ។

លោកអភិបាលរងខេត្ត ក៏បានបន្តថា៖ អាជ្ញាធរត្រូវណែនាំដល់អាជីវករ ដែលលក់ដូរលើចិញ្ចើមផ្លូវ និងរស់នៅតាមសងខាងផ្លូវ ឱ្យរុះរើតូប ឬការដាក់តាំងទំនិញដែលបង្កការរំខាន់ដល់ការធ្វើដំណើរថ្មើរជើងរបស់ប្រជាពលរដ្ឋ និងយានយន្តធ្វើដំណើរ ពិសេសទៀតនោះគឺស្លាកយីហោរបស់ពួកគាត់លយមកចំណីផ្លូវសាធារណៈ គឺអាជ្ញាធរតម្រូវអោយរុះរើជាបន្ទាន់ដោយគ្មានការលើកលែងឡើយ។

ទន្ទឹមនឹងការចុះអនុវត្តនេះ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់អាជីវករទាំងអស់ សូមមេត្តាបន្តចូលរួមសហការដោយស្ម័គ្រចិត្ត ជាមួយអាជ្ញាធរដោយមិនត្រូវត្រឡប់មកលក់ដូររំលោភលើចិញ្ចើមផ្លូវវិញឡើយក្រោយពេលសមត្ថកិច្ចចេញទៅ។  អាជ្ញាធរនឹងបន្តតាមដាន និងចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថាវិធានការនេះមានប្រសិទ្ធភាពយូរអង្វែង។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី៤ហើយដែលលោកអភិបាលរងខេត្ត បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅជុំវិញតំបន់ក្នុងភូមិសាស្ត្រក្រុងតាខ្មៅផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម