ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្ដុះបណ្ដាលស្ដីពីអ្នកសារព័ត៌មានបេតិកភណ្ឌ រយៈពេល ៣ ថ្ងៃ នៅខេត្តសៀមរាប
អាជ្ញាធរជាតិអប្សរា បើកវគុ្គបណ្ដុះបណ្ដាលស្ដីពីអ្នកសារព័ត៌មានបេតិកភណ្ឌ ដែលមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១១ រហូតដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការចូលរួមពី ក្រុមអ្នកសារព័ត៌មាន និង គេហទំព័រ មកពីអង្គភាពចំនួន ១១ ផ្សេងគ្នា មកពីរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាសរុបប្រមាណ ៦០ នាក់ ផងដែរ។

នាឱកាសនោះ លោក យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលស្ដីពីអ្នកសារព័ត៌មានបេតិកភណ្ឌ នាពេលនេះ ក្នុងគោលបំណងចង់ផ្សារភ្ជាប់តួនាទីរបស់អ្នកសារព័ត៌មានឲ្យយល់ដឹងពីសម្បត្តិបេតិកភណ្ឌរបស់ដូនតាខ្មែរដ៏មានតម្លៃ ដែលមិនអាចកាត់ថ្លៃបាន ហើយជួយផ្សព្វផ្សាយ និង លើកតម្លៃបេតិកភណ្ឌជាតិ ឲ្យកាន់តែមានតម្លៃលេចធ្លោជាសកលថែមទៀត។

លោកបន្តថា បេតិកភណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា គឺជាដួងព្រលឹងរបស់ប្រទេស និង ជាតិសាសន៍របស់ខ្មែរ។ «អ្នកសារព័ត៌មាន មានសារៈសំខាន់ ប្រៀបបានទៅនឹងអ្នកការទូត ដែលអាចផ្សព្វផ្សាយពីតម្លៃ នៃសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ ទៅកាន់ប្រទេសនានា ក្នុងពិភពលោក ឲ្យស្គាល់កម្ពុជាកាន់តែច្បាស់»។ នៅប្រទេសកម្ពុជា មានប្រាសាទ និង បុរាណដ្ឋាន ជាច្រើន ដែលនៅរាយប៉ាយស្ទើរតែគ្រប់ទីកន្លែងនៅទូទាំងប្រទេស ក៏ប៉ុន្តែរមណីយដ្ឋានអង្គរ គឺជាសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យជាងគេ ធ្វើឲ្យពិភពលោកទទួលស្គាល់។

លោកបន្តទៀតថា នៅក្នុងតំបន់អង្គរ មានសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ គឺបេតិកភណ្ឌវប្បធម៌ ដែលក្នុងនោះមានទាំងវប្បធម៌រូបី និង អរូបី ព្រមទាំងមានសម្បត្តិបេតិកភណ្ឌធម្មជាតិផងដែរ។

លោកបញ្ជាក់ថា នៅក្នុងរមណីយដ្ឋានអង្គរ ដែលបច្ចុប្បន្នមានផ្ទៃដី ចំនួន ៤០១ គីឡូម៉ែត្រក្រឡា គឺមានសម្បត្តិបេតិកភណ្ឌជាច្រើន ដោយរាប់ទាំងប្រាសាទបុរាណ ប្រឡាយទឹកបុរាណ ត្រពាំងបុរាណ និង ទីបុរាណដ្ឋានផង មានប្រមាណជា ១០១៨៨ កន្លែង។ ចំណែកនៅក្រៅតំបន់អង្គរ ក្នុងស្រុក-ក្រុង ចំនួន ១៣ វិញ គឺមានស្ថានីយបុរាណប្រមាណជាង ១២០០០ ស្ថានីយ ផ្សេងទៀត។ ចំនួនបុរាណដ្ឋាននេះ នៅមិនទាន់បូកបញ្ចូលជាមួយនឹងតំបន់ឧទ្យានជាតិភ្នំគូលែន ដែលមានប្រហែល ១០៦៦ ផងទេ។

កាលពីឆ្នាំ ១៩៩២ រមណីយដ្ឋានអង្គរ ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ កាលណោះ អង្គរ ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់នៅឡើយ។ ប៉ុន្តែដោយសារតែការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការងារជួសជុល អភិរក្ស និង ថែរក្សា បង្កើតនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ព្រមទាំងបង្កើតគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និង អភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC Angkor) ដើម្បីតាមដានពិនិត្យមើល និង ជួយសង្គ្រោះ ទើបនៅឆ្នាំ ២០០៤ ធ្វើឲ្យតំបន់រមណីយដ្ឋានអង្គរ ត្រូវដកចេញពីបញ្ជីគ្រោះថ្នាក់រហូតមកដល់បច្ចុប្បន្ន។

ក្នុងរយៈពេលជាង ៣០ ឆ្នាំ មកនេះ អាជ្ញាធរជាតិអប្សរា បានប្រឹងប្រែងយ៉ាងខ្លាំងលើការងារលើកតម្លៃបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ។ ការងារទាំងនោះមានទាំងការថែរក្សាប្រពៃណីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់អ្នកស្រុកអង្គរ ការជួសជុលប្រាសាទបុរាណ ការថែរក្សាវត្តអារាមដែលមានអាយុកាលយូរឆ្នាំ ការស្ដារប្រព័ន្ធធារាសាស្រ្តបុរាណ មានប្រឡាយបុរាណ ទ្វារទឹកបុរាណ ដើម្បីជួយការពារប្រាសាទ ជួយរំដោះទឹកជំនន់កុំឲ្យលិចទីក្រុង ជួយនាំទឹកសម្រាប់ប្រព័ន្ធស្រោចស្រព ព្រមទាំងការនាំកូនឈើ ដើម្បីលើកសម្រស់ធម្មជាតិបៃតង និង ការលែងសត្វព្រៃនៅក្នុងឧទ្យានអង្គរ ដើម្បីបង្កើនឲ្យមានប្រព័ន្ធជីវចម្រុះកាន់តែសំបូរបែប រួមទាំងការងារជាច្រើនទៀត៕
អត្ថបទ ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


