ព័ត៌មានជាតិ
អ្នករាយការណ៍ពិសេសUNសង្ឃឹមថានឹងអាចបន្តនូវកិច្ចសន្ទនាដោយត្រង់ទៅត្រង់មកជាមួយរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ ៖ លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាសង្ឃឹមថានឹងអាចបន្តនូវកិច្ចសន្ទនាដោយត្រង់ទៅត្រង់មកជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបណ្ដាភាគីពាក់ព័ន្ធដើម្បីរួមគ្នាដោះស្រាយបញ្ហានានាដែលជាក្ដីកង្វល់រួមប្រកបដោយការស្ថាបនា។
ការលើកឡើងរបស់លោកបានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នៅក្នុងជំនួបពិភាក្សាជាមួយសម្ដេចក្រឡាហោ ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតាមប្រព័ន្ធវីដេអូសន្និសីទZoom។
នៅក្នុងជំនួបពិភាក្សានោះ លោក Vitit Muntarbhorn បានលើកឡើងនូវប្រធានបទចំនួន៤ដើម្បីស្នើសុំកិច្ចពិភាក្សាជាមួយសម្ដេចក្រឡាហោមសខេង រួមមានទី១ ទិដ្ឋភាពរួម ឬទិដ្ឋភាពទូទៅនៃជំងឺកូវីដ-១៩នៅកម្ពុជា ទី២ស្ថានភាពនៅក្នុងពន្ធនាគារ, ទី៣ លំហរប្រជាធិបតេយ្យ និងដំណើរការកែទម្រង់ច្បាប់NGOs និងទី៤វិធានការឆ្លើយតបបន្តបន្ទាប់ទៀតនៅក្រោយស្ថានភាពជំងឺកូវីដ-១៩។
ពាក់ព័ន្ធនឹងទិដ្ឋភាពជារួមនៃជំងឺកូវីដ-១៩នៅកម្ពុជា អ្នករាយការណ៍ពិសេសក៏បានជម្រាបសម្ដេចថារាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីបង្ការទប់ស្កាត់ការរីករាលនៃជំងឺនេះ ទន្ទឹមនោះក៏មានការដាក់ចេញគោលនយោបាយសង្គមដើម្បីជួយគាំទ្រដល់ប្រជាជន និងអ្នកដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺនេះ។
ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ដោយបានដាក់ចេញនូវយន្តការ និងវិធានការមួយចំនួនជាបន្តបន្ទាប់រហូតដល់ពេលនេះ ក្នុងនោះមានការបន្តជំរុញផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់ ការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការអនុវត្តការបិទខ្ទប់តំបន់មួយចំនួន តាមរយៈការដាក់ចេញវិធានការបង្រួមភូមិសាស្ត្រមានហានីភ័យ ដូចជាតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺផង និងកាត់បន្ថយផលប៉ះពាល់ឲ្យបានជាអតិបរមាទៅលើជីវភាពពលរដ្ឋដែលមិនស្ថិតនៅក្នុងតំបន់ហានិភ័យ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការផ្ដល់ជំនួយសង្គមកិច្ចដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំងឺនេះផងដែរ។
ពាក់ព័ន្ធនឹងស្ថានភាពពន្ធនាគារ លោក Vitit Muntarbhorn ក៏បានជម្រាបជូនសម្ដេចដែរថា លោកក៏បានដឹងអំពីបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ជាពិសេសនៅក្នុងស្ថានភាពនៃជំងឺកូវីដ-១៩នេះ ដោយលោកក៏ចង់ស្វែងយល់បន្ថែមអំពីវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងពន្ធនាគារ។
ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេចក្រឡាហោម បានជម្រាបជូនថា ជាក់ស្ដែងក្រៅតែពីការខិតខំបន្តកសាង និងពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារដើម្បីដោះស្រាយបញ្ហាចង្អៀតណែន បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃកំពុងអនុវត្តវិធានការមួយចំនួនទៀតដើម្បីបន្ធូរបន្ថយភាពចង្អៀតណែន ក្នុងស្ថានភាពកូវីដ-១៩ ក្នុងនោះក្រសួងមហាផ្ទៃកំពុងសហការជាមួយក្រសួងយុត្តិធម៌ដើម្បីពិនិត្យស្ថានភាពអ្នកជាប់ឃុំថាតើគួរតែអនុវត្តនូវការដោះលែង ឬក៏អនុញ្ញាតឱ្យនៅក្រៅឃុំទៅបទល្មើសស្រាលៗមួយចំនួន ដូចជាអ្នកទោសជិតរួចទោស និងអ្នកដែលប្រព្រឹត្តបទល្មើសស្រាល តាមរយៈការដាក់ឲ្យនៅក្រៅឃុំក្រោមការត្រួតពិនិត្យដោយតុលាការ។ សម្ដេចបានបន្តថា ជាមួយគ្នានេះដែរ ក្រសួងមហាផ្ទៃក៏បាននឹងកំពុងសហការគ្នាយ៉ាងល្អជាមួយក្រសួងសុខាភិបាល ដើម្បីជំរុញការព្យាបាលឱ្យទាន់ពេលវេលាចំពោះរាល់ករណីដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ក្នុងពន្ធនាគារ និងបានសហការក្នុងការចាក់វ៉ាក់សាំងដល់មន្ត្រីពន្ធនាគារ និងអ្នកជាប់ឃុំ ក៏ដូចជាបានធ្វើតេស្តរហ័សដើម្បីមានវិធានការទាន់ពេលវេលាក្នុងការញែកអ្នកមានជំងឺចេញ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលឱ្យបានទាន់ពេលវេលា និងរួមចំណែកថែរក្សាបានសុខភាពទាំងជនជាប់ឃុំ និងមន្ត្រីអនុរក្សពន្ធនាគារ ដោយកិច្ចការនេះបានអនុវត្តយ៉ាងល្អប្រសើរ។

ចំពោះលំហប្រជាធិបតេយ្យ និងដំណើរការកែទម្រង់ច្បាប់NGOs សម្ដេចក្រឡាហោមបានជម្រាបជូនថាជារួម រាជរដ្ឋាភិបាលតែងតែចាត់ទុកសង្គមស៊ីវិលជាដៃគូ និងបានធ្វើការជាមួយគ្នាជាច្រើនមកហើយដែរ ជាពិសេសទៅលើសំណើធ្វើកំណែទម្រង់ច្បាប់NGOsនេះ ដោយសម្ដេចបានជំរុញ និងលើកទឹកចិត្តដល់ភាគីទាំងពីរ ទាំងភាគីតំណាងរាជរដ្ឋាភិបាល និងតំណាងNGOs រួមទាំងភាគីពាក់ព័ន្ធបន្តរកឱកាសជជែកពិភាក្សាគ្នា និងមានកិច្ចសន្ទនាជាបន្តទៀតទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ក៏ដោយ ដើម្បីជំរុញការងារពាក់ព័ន្ធនឹងសំណើកែទម្រង់ច្បាប់នេះ។ សម្ដេចបានចាត់ទុកថា នេះគឺជាឧទាហរណ៍ជាក់ស្ដែងមួយនៃការចូលរួមលើកម្ពស់លំហប្រជាធិបតេយ្យនៅកម្ពុជា។
ពាក់ព័ន្ធនឹងវិធានការឆ្លើយតបបន្តបន្ទាប់នៅក្រោយជំងឺកូវីដ-១៩ សម្ដេចក្រឡាហោមបានជម្រាបអ្នករាយការណ៍ពិសេសថា ជាការពិតនៅលើភពលោកនេះ និន្នាការនៃការឆ្លងជំងឺកូវីដ-១៩ តួលេខមានការថយចុះ ប៉ុន្តែសម្រាប់កម្ពុជាពុំទាន់មានសភាពធូរស្រាលនៅឡើយទេ ហើយសម្រាប់វិធានការបន្តបន្ទាប់ទៀតដើម្បីស្ដារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩នេះ ក៏រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់គិតគូរផងដែរ ទោះបីជាពុំមាននរណាម្នាក់ដឹងថា ជំងឺកូវីដ-១៩នឹងបញ្ចប់នៅពេលណាក៏ដោយ។
លោក Vitit Muntarbhorn បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ចំពោះកិច្ចសន្ទនា និងការផ្ដល់ជូនព័ត៌មានដ៏មានសារៈសំខាន់ទៅលើប្រធានបទទាំង៤ដែលបានស្នើសុំពីខាងដើម និងបានចាត់ទុកថា ជាមូលដ្ឋានដ៏សំខាន់បន្ថែមសម្រាប់ឯកឧត្តមក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជានាអាណត្តិថ្មីនេះ។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង និងលោក Vitit Muntarbhorn បានសម្ដែងនូវក្ដីសង្ឃឹមចំពោះកិច្ចសហការល្អទៅវិញទៅមកប្រកបដោយភាបស្ថាបនា ដោយក្នុងនោះសម្ដេចក្រឡាហោមបានជម្រាបជូនថាសម្ដេចត្រៀមខ្លួនជានិច្ចក្នុងការចូលរួមអនុវត្តនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងភាគីទាំងពីរឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
សម្ដេចក្រឡាហោម បានសម្ដែងការស្វាគមន៍ និងក្ដីរីករាលចំពោះ លោក Vitit Muntarbhorn ដែលត្រូវបានតែងតាំងជាអ្នករាយករណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងមានក្ដីសង្ឃឹមថាផ្អែកលើបទពិសោធន៍ និងចំណេះដឹង ឯកឧត្តមនឹងបន្តរួមចំណែក និងផ្ដល់កិច្ចសហការល្អជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃដើម្បីបង្កលក្ខណៈដល់ការបំពេញតួនាទីឯកឧត្តមក្នុងនាមជាអ្នករាយការណ៍ពិសេសក៏ដូចជាការបំពេញតួនាទីរបស់កម្ពុជាចំពោះកាតព្វកិច្ចអន្តរជាតិលើវិស័យសិទ្ធិមនុស្សប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា លោក Vitit Muntarbhorn គឺជាជនជាតិថៃ និងទើបត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជំនួសលោកស្រី រ៉ូ ណាស្មីត។ លោកបាន ចូលកាន់តួនាទីអ្នករាយការណ៍ពិសេសជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១៕
ដោយ ៖ សំអឿន

-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


