Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត នាំយក​ប្រេង និង​ម៉ាស៊ីនបូមទឹក​ចុះជួយ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ ដែល​កំពុង​ខ្វះខាត​ទឹក នៅក្នុង​ឃុំ​ព្រែក​ក្រឹស​

បានផុស

នៅ

កាល​ពី​ព្រឹក​ថ្ងៃអាទិត្យ ទី​០៤ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត អមដំណើរ​ដោយ​អភិបាលរង​ខេត្ត រួម​នឹង​មន្ត្រី អាជ្ញាធរ ជំនាញ​ពាក់ព័ន្ធ បាន​នាំយក​ប្រេង​និង​ម៉ាស៊ីនបូមទឹក ដើម្បី​ចុះជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ ដែល​ប្រឈម​នឹង​ផលប៉ះពាល់ ខ្វះខាត​ទឹក​ដោយសារ​ភាពរាំងស្ងួត​ពុំមាន​ភ្លៀង​ធ្លាក់ នៅក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ស្រុក​បាន​បញ្ជាក់ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ស្ថានភាព​ការរាំងស្ងួត​ មានការ​អូសបន្លាយ​បាន​បង្ក​ផលប៉ះពាល់​ស្ទើរ​ទូទាំង​ស្រុក​កំពង់ត្រាច ដោយឡែក​នៅ​ឃុំ​ព្រែក​ក្រឹស ស្រូវ​និង​ដំណាំ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ប្រឈម​រង​ផលប៉ះពាល់ ដោយសារ​ខ្វះខាត​ទឹក​មាន​ចំនួន​២០៤​គ្រួសារ ក្នុងភូមិ​ចំនួន​៥​លើ​ផ្ទៃដី​សរុប​ចំនួន​១៩៥​ហិកតា ក្នុងនោះ ភូមិ​ព្រៃ​ព្រូស​ប៉ះពាល់​៣៧​ហិកតា ភូមិ​ដើម​ស្វាយ ៤៥​ហិកតា ភូមិ​លក្ខ​ជា ៦០​ហិកតា ភូមិ​កោះ​តា​កូវ ២​ហិកតា និង​ភូមិ​ព្រែក​ក្រឹស ២៥​ហិកតា​។​

​ក្នុងស្ថានភាព​បែបនេះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​លើកឡើងថា បញ្ហា​ប្រឈម និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែមាន​ការគិតគូ​រ​យកចិត្តទុកដាក់​ខ្ពស់ គ្រប់​កាលៈទេសៈ និង​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​។ បើទោះបី​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ​ពិសេស​ក្នុង​បរិបទ​នៃ​ការរង​សម្ពាធ​ដោយ​ជំងឺ​កូ​វីដ​-១៩ ក៏ពិតមែន សម្ដេច​តេ​ជោ តែងតែបាន​ណែនាំ និង​ជំរុញ​ដល់ រដ្ឋបាល​និង​អាជ្ញាធរ ជំនាញ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ក្នុង​មូលដ្ឋាន​ឲ្យ​មានការ​យកចិត្តទុកដាក់​ឲ្យ​បានជា​ប្រចាំ ក្នុងការ​ចុះជួយ​អន្តរាគមន៍​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ។ ពិសេស​រដ្ឋបាល​ខេត្តកំពត​ស្ថិតក្នុង​ដំណាក់កាល​នេះ គឺ​មិនអាច​ទុកចោល​ឲ្យ​មានការ​ខូចខាត​ផល​ស្រូវ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ឡើយ​។ ដោយ​យើងទាំងអស់គ្នា គ្រាន់តែ​សហការ​ចូលរួម​មិន​ថា​មន្ត្រីរាជការ​ឬ​ប្រជាពលរដ្ឋ ដើម្បី​ជម្នះ​ឧបសគ្គ​ទាំងឡាយ ទៅតាម​ស្ថានភាព​ជាក់ស្ដែង ពិសេស​ គឺ​ការ​រស់នៅក្នុង​គ្រា​បច្ចុប្បន្ន​ដោយ​ត្រូវតែ​សម្រប​ខ្លួន​ទៅតាម​បរិបទ​ថ្មី​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ គឺមាន​ការប្រុងប្រយ័ត្ន​និង​អនុវត្ត​ឲ្យ​បានល្អ តាម​វិធានការ​សុខាភិបាល​គឺ​៣​កុំ ៣​ការពារ​ឱ្យបាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា​ដើម្បី​បញ្ចៀស​ការឆ្លង​ជំងឺ​កាច​សាហាវ​នេះ​ចូលក្នុង​សហគមន៍​របស់​យើង​។

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ សំណូមពរ​ដល់ អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​ជំនាញ​ពាក់ព័ន្ធ ពិសេស មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត និង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត ត្រូវតែ​បន្ត​យកចិត្តទុកដាក់​សហកា​រ​គ្នា ឱ្យបាន​ជាប្រចាំ​ដើម្បី​ពិនិត្យមើល ក្នុង​មូលដ្ឋាន​ដែល​ស្រូវ​ប្រជាពលរដ្ឋ កំពុង​ប្រឈម​រង​ផលប៉ះពាល់​ខ្វះខាត​ទឹក ដែល​បណ្ដាលមកពី​ភាព​អូសបន្លាយ​ដោយសារ​ទឹកភ្លៀង ហើយ​ត្រូវតែ​ជំរុញ​ការចុះ​ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​ទៅតាម​លទ្ធភាព​ដែល​ប្រភពទឹក​មាននៅ​ក្នុង​តំបន់​នោះ​ គឺ​មិនត្រូវ​ទុកចោល​ឲ្យ​ស្រូវ​របស់​ប្រជាពលរដ្ឋ​រង​ការខូចខាត​ដោយ​មិនមាន​ការជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បានឡើយ​។

​បើទោះបី​យ៉ាងណា ក្នុងឱកាស​នោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បាន​បញ្ជាក់ថា ផ្អែក​តាម​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ នឹង​អាចមាន​ភ្លៀង​ធ្លា​ក់មក ឯកឧត្តម​ក៏បាន​សម្ដែង​ក្ដីសង្ឃឹម ថា​ស្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ មិនមាន​ទទួលរង​ផលប៉ះពាល់​ខូចខាត​ធ្ងន់ធ្ងរ​អ្វី​ឡើយ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ជាវ តា​យ​អភិបាលខេត្ត ក៏បាន​ប្រគល់​ប្រេងម៉ាស៊ូត​ចំនួន​១០ កាន​ស្មើនឹង​៣០០ លីត្រ ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន សម្រាប់​ចាត់ចែង​បូមទឹក​ពី​ប្រឡាយ​មេ ដើម្បី​ស្រោចស្រព​ស្រូវ​និង​ដំណាំ របស់​ប្រជាពលរដ្ឋ​និង​បាន​ជូន​ថវិកា​សរុប​ចំនួន ៩៦​ម៉ឺន​រៀល​ដល់​ប្រជាពលរដ្ឋ​និង​កងកម្លាំង​នគរបាល​និង​ប្រជា​ការពារ​នាឱកាស​នោះ​ផងដែរ​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម