ព័ត៌មានជាតិ
ពលរដ្ឋរស់នៅផ្លូវ៣៥ ចាក់អង្រែក្រោម កំពុងជាប់បិទខ្ទប់ នាំគ្នាតវ៉ាស្នើសុំបិទបញ្ចប់ ក្រោយអាជ្ញាធរសម្រេចបន្តការបិទ
ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ៣៥ ស្ថិតក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលបានជាប់ក្នុងការបិទខ្ទប់របស់អាជ្ញាធរ អស់រយៈពេល១៤ថ្ងៃកន្លងមកហើយនោះ នៅវេលាថ្ងៃត្រង់ទី២៧ ខែសីហា ឆ្នាំ២០២១នេះ បាននាំគ្នាតវ៉ាស្នើឲ្យអាជ្ញាធរបិទបញ្ចប់ការបិទខ្ទប់ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តការបិទខ្ទប់បណ្តោយផ្លូវខាងលើ រយៈពេល៧ថ្ងៃបន្ថែមទៀត។
ការតវ៉ាសុំឲ្យមានការបិទបញ្ចប់ការបិទខ្ទប់នេះធ្វើឡើង បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បន្តការបិទខ្ទប់បណ្តោយផ្លូវលេខ៣៥ខាងលើ រយៈពេល៧ថ្ងៃបន្តទៀត គិតចាប់ពីម៉ោងសូន្យថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា ( delta ) នៅក្នុងសហគមន៍ ។

បន្ទាប់ពីកើតមានការតវ៉ារួចមក អាជ្ញាធរសង្កាត់ចាក់អង្រែក្រោម ដឹកនាំដោយលោក ជា សុខៃ ចៅសង្កាត់ បានចុះធ្វើការសម្របសម្រួល បងប្អូនពលរដ្ឋដែលតវ៉ា ដោយឲ្យពួកគាត់រក្សាភាពស្ងប់ស្ងាត់ និងសូមចូលតាមលំនៅឋានរៀងៗខ្លួនសិន អាជ្ញាធរសង្កាត់នឹងយកការស្នើររបស់បងប្អូន រាយការណ៍បន្តជូនដល់ថ្នាក់លើ ដើម្បីសុំគោលការណ៍សម្រេច ក្នុងការបង្កើតគណៈកម្មការការចុះវាយតម្លៃជាមុនសិន មុនអនុញ្ញាតឲ្យមានការបិទបញ្ចប់ការបិទខ្ទប់តាមការស្នើសុំរបស់បងប្អូន ដែលកំពុងជាប់ក្នុងការបិទខ្ទប់ខាងលើនេះ។

គួរបញ្ជាក់ថា លំនៅឋានសរុបនៅបណ្តោយផ្លូវលេខ៣៥ខាងលើ មាន៤៣ខ្នងផ្ទះ ដែលមានចំនួនមនុស្សសរុប៧០នាក់ ។ បច្ចុប្បន្នបណ្តោយផ្លូវខាងលើ នៅបន្តបិទខ្ទប់ដដែល ដោយមានកម្លាំងអាជ្ញាធរចម្រុះ នៅប្រចាំយាមកាមការពារសន្តិសុខនៅជុំវិញតំបន់ផងដែរ ។


គួររំលឹកថា កាលពីវេលាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរ បានចុះទៅធ្វើសំណាកលើក្រុមពលរដ្ឋរស់នៅតំបន់នោះចំនួន៧០នាក់ ហើយរកឃើញមានបុរសម្នាក់ វ័យ៣៥ឆ្នាំ មានវិជ្ជមានវីរុសបំប្លែងថ្មី ក៏រហូតដល់ព្រឹកថ្ងៃទី១៣ ខែឆ្នាំដដែល អាជ្ញាធរ បានសម្រេចធ្វើការបិទខ្ទប់បណ្តោយផ្លូវលេខ៣៥ខាងលើនេះទាំងស្រុងតែម្តងទៅ ។

មន្ត្រីអាជ្ញាធរសង្កាត់ បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ក្រុមគ្រូពេទ្យសហការគ្នាជាមួយក្រុមអាជ្ញាធរសង្កាត់ បានបន្តរកឃើញ អ្នកវិជ្ជមានវីរុសបំប្លែងថ្មីប្រភេទដែលតា លើពលរដ្ឋប្រមាណជិត៣០នាក់ ដែលរសនៅតាមបណ្តោយផ្លូវលំមួយ ជាប់កែងនិងផ្លូវលេខ៣៥ខាងលើតែម្តង។ យ៉ាងណាមិញ បច្ចុប្បន្នផ្លូវលំនោះក៏អាជ្ញាធរសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នផងដែរ។ មន្ត្រីដដែលបន្តថា គិតចាប់តាំងកើតមានវីរុសបំប្លែងថ្មីដែលតា ( Delta ) មក សម្រាប់ភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម មានអ្នកវិជ្ជមានវីរុសនេះសរុប៣២នាក់ហើយ៕
អត្ថបទ៖ លីហេង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



