Connect with us

ព័ត៌មានជាតិ

៨ខែឆ្នាំនេះ CDC អនុម័ត​គម្រោងវិនិយោគ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ៣៧៦គម្រោង

បានផុស

នៅ

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២១ CDC បានអនុម័តចុះបញ្ជីគម្រោងវិនិយោគ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សា ហកម្មចំនួន ៣៧៦គម្រោងក្នុងទុនវិនិយោគសរុបប្រមាណ ៩.៧ពាន់លានដុល្លារអាមេរិក។

លោក សុខ ចិន្តាសោភា បានឲ្យដឹងដូច្នេះ នៅក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ស្តីពី ការរៀបចំ ហិរញ្ញប្បទាន សម្រាប់គាំទ្រការប្រតិបត្តិការរបស់តុវិនិយោគ កសិ-ចំណីអាហារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងក្របខ័ណ្ឌកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC-II)នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ Zoom។ អនុស្សារណៈយោគយល់គ្នានេះ ត្រូវបានចុះដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នានេះ ជាព្រឹត្តិការណ៍សំខាន់ បានបញ្ជាក់ឡើងវិញ ពីការប្តេជ្ញាចិត្តក្នុងការជំរុញវិនិយោគ ក្នុងវិស័យកសិ-ចំណីអាហារជាអាទិភាព ដើម្បីរួមចំណែកដល់ការរក្សាបាន នូវសុវត្ថិភាពម្ហូបអាហារ ការបន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារបន្ថែម និងកំណើនសេដ្ឋកិច្ច និងចីរភាពបរិស្ថាន។ អនុស្សារណៈយោគយល់គ្នានេះ នឹងក្លាយជាឧបករណ៍សារៈសំខាន់ ក្នុងការរួមចំណែកដល់ការជំរុញវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍ ក្នុងវិស័យកសិ-ចំណីអាហារ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវភាពប្រកួតប្រជែង ក្នុងវិស័យកសិកម្ម។

ការប្រតិបត្តិរបស់តុវិនិយោគកសិ-ចំណីអាហារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងជួយពង្រឹងមូលដ្ឋានកាន់តែរឹងមាំនៃវិស័យកសិ-ចំណីអាហារ ឱ្យកាន់តែមានភាពធន់នៅកម្ពុជា​ តាមរយៈការធ្វើពិពិធកម្មធនធាន និងទម្រង់នៃការវិនិយោគ ដែលប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងវិស័យនេះ ខណៈបង្កើតការងារ ដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ដល់ប្រជាជនកម្ពុជា ក្នុងវិស័យកសិ-ចំណីអាហារ។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលផ្តល់ជំនួយបច្ចេក ទេស ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើសកម្មភាពជំរុញការវិនិយោគ ក្រោមកម្មវិធីច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី(CAVAC -II)។ បន្ថែមលើនេះលោក សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ ចំពោះស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា សម្រាប់តួនាទីក្នុងការផ្តល់ជំនួយបច្ចេកទេសដើម្បីពន្លឿនការស្តារឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិកូវីដ-១៩។

ទន្ទឹមនេះច្បាប់ថ្មី ស្តីពី ការវិនិយោគនៃកម្ពុជា នឹងផ្តល់ការលើកទឹកចិត្តឆ្លាតវៃដល់ការវិនិយោគ តាមវិស័យខណៈដែលការវិនិយោគ ក្នុងវិស័យកសិកម្មនិងកសិ-ចំណីអាហារត្រូវ បានកំណត់ជាវិស័យអាទិភាពដែលត្រូវជំរុញ និងលើកកម្ពស់ផលិតភាពបន្ថែមទៀត ដើម្បីធានាថាវិស័យទាំងនេះ នឹងមានភាពធន់ និងចីរភាពក្នុងការរួមចំណែកដល់ការរក្សា លំនឹងសេដ្ឋកិច្ចឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩។

លោក ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការគាំទ្រ ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជាពិ សេសការលើកកម្ពស់ផលិតភាព ក្នុងវិស័យកសិកម្មតាមរយៈការរួមគ្នា ជំរុញការវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ។ លោកបានបន្ដថា ការផ្តល់ហិរញ្ញប្បទានដល់ការប្រតិ​បត្តិរបស់តុ វិនិយោគកសិ-ចំណីអាហារ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពេលនេះជាការចូលរួមបន្ថែមទៀត របស់អូស្ត្រាលី ក្នុងការជួយបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋា-ភិបាលកម្ពុជាក្នុង ការជំរុញទាក់ទាញ និងថែរក្សាការវិនិ យោគ ក្នុងវិស័យកសិកម្មកសិ- ធុរកិច្ច និងកសិ-ចំណីអាហារ៕

អត្ថបទ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម