ព័ត៌មានជាតិ
ព្រមានដកតំណែងមន្រ្តីធំៗ បើបង្រ្កាបបាន ហ៊ានបំពានបើករថយន្តគ្មានពន្ធ
ប្រមុខរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធនិងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ។
ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលព្រឹកថ្ងៃសុក្រ ថ្ងៃ៨ ខែតុលា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យអនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្តីជូនដំណឹងលេខ៤៤២ សជណ.ហធ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រកក្រោមផ្លាកលេខក្រសួង ស្ថាប័នរដ្ឋ ជាពិសេសផ្លាកលេខ ខ.ម និង ន.ប ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ។

សម្តេចតេជោបានបញ្ជាក់ថា ចំពោះម្ចាស់រថយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេងនិងពុំមានក្នុងបញ្ជីទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បិត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរួសរាន់ចូលមកបង់ពន្ធ និងអាករឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការបន្ធូរបន្ថយពន្ធនៃប្រាក់ពន្ធអាករសរុបពី១០០% មកត្រឹមតែ៩០%។ ប៉ុន្តែចំពោះរថយន្តទំនើបដែល ទើបនាំចូលក្នុងឆ្នាំ២០២១ ត្រវបង់ពន្ធនិងអាករ១០០%ដដែលៗ ប្រសិនជាម្ចាស់យានយន្ត មិនបានបំពេញកាតព្វកិច្ចបង់ពន្ធនិងអាករនោះទេ គឺក្រោយថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវយកពន្ធនិងអាករពេញ១០០% ព្រមទាំងត្រូវទទួលរងការផាកពិន័យទៀត។
ជាមួយគ្នានេះ ម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករ ហើយទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០%ដែរ និងត្រូវយករថយន្តទៅកែចង្កូតឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ មិនអនុញ្ញាតឱ្យរថយន្តឯកជនដែលមានចង្កូតស្តាំ ធ្វើដំណើរលើផ្លូវសាធារណៈទៀត នោះឡើយ លើកលែងតែរថយន្តចង្កូតស្តាំមួយចំនួនដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ជាលក្ខណៈពិសេស ដូចជារថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តដឹកសំរាមជាដើម។
សម្តេចតេជោ ក៏បានលើកករណីការបង្ក្រាបបានរថយន្តសេរីទំនើបគ្មានពន្ធដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាជាដើម ដែលមិនគោរពច្បាប់នឹងបន្តប្រើប្រាស់រថយន្តនោះ ត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់ រថយន្តជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសម្តេចមានវិធានការដកមុខតំណែង និង បណ្តេញចេញពីគណបក្សថែមទៀត។
ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ អាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធ ត្រូវសហការជាមួយគយ ដើម្បីបង្កើនសកម្មភាពទប់ស្កាត់និងបង្ក្រាបរថយន្តគ្មានពន្ធ។ សម្តេចអំពាវនាវដល់ពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនិងអាករមិនអាចចរាចរលើដងផ្លូវបានឡើយ គឺជារថយន្តខុសច្បាប់ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


