ព័ត៌មានជាតិ
អ្នកវិភាគ ៖ ៣០ឆ្នាំក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អ្នកនយោបាយគួរតែមានភាពចាស់ទុំ និងចេះដើរខ្លួនឯងហើយ
អ្នកវិភាគបញ្ហានយោបាយ បានលើកឡើងថា គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល ៣០ឆ្នាំមកហើយ។ ដូច្នេះអ្នកនយោបាយ គួរតែចេះចាស់ទុំ និងគួរតែចេះដើរខ្លួនឯងហើយ ដោយលោកថា «ចង់ទៅហៅបរទេសណាឲ្យមកដឹកដៃ ឬដាក់សម្ពាធដល់ណាទៀត!»។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ មានប្រសាសន៍នៅរសៀលថ្ងៃទី១៣ ខែតុលានេះថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣ តុលា ១៩៩១ មកដល់ឆ្នាំ២០២១នេះ មានអាយុ ៣០ឆ្នាំហើយ។ លោកថា តាមរយៈកិច្ចព្រមព្រៀងនេះ បាននាំឲ្យមានការបោះឆ្នោតនៅកម្ពុជាចំនួន ៦លើករួចមកហើយ ចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៨។ ប៉ុន្តែមជ្ឈដ្ឋានមួយចំនួន ជាពិសេសក្រុមអតីតគណបក្សប្រឆាំង តែងតែលើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ហើយចង់ឃើញអន្តរាគមន៍ ឬក៏សម្ពាធបរទេស នៅពេលពួកគេជួបបញ្ហាខ្លួនឯង ឬក៏ស្ថានភាពនយោបាយនៅកម្ពុជា មិនសូវល្អជាដើម។

លោកបណ្ឌិត គិន ភា មានប្រសាសន៍ថា «ពួកគាត់តែងតែអំពាវនាវ រកការកោះប្រជុំភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខ្ញុំយល់ថា មិនចាំបាច់ ពីព្រោះកម្ពុជា បានដើរក្នុងរយៈពេល ៣០ឆ្នាំមកនេះ យើងបានកសាងនូវសមិទ្ធផលច្រើន យើងទទួលស្គាល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានគ្រឹះសំខាន់មួយ សម្រាប់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា ក៏ប៉ុន្តែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតែមួយគត់ ក៏មិនអាចបញ្ចប់សង្រ្គាមបានដែរ គឺការគូបផ្សំគ្នារវាងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលដាក់ចេញចាប់ពីឆ្នាំ ១៩៩៦ ដល់ចុងឆ្នាំ ១៩៩៨ ដែលយើងស្គាល់នូវសុខសន្តិភាពពេញលេញ»។
អ្នកវិភាគរូបនេះ បានលើកឡើងបន្តថា ឈរលើមូលដ្ឋានសុខសន្តិភាព និងស្ថេរភាពនយោបាយនេះ លោកយល់ថា អ្នកនយោបាយខ្មែរទាំងអស់ គួរតែចេះដឹកដៃគ្នាធ្វើដំណើរតាមមាគ៌ាកម្ពុជា ទាំងមាគ៌ានៃការអភិវឌ្ឍ មាគ៌ានៃការកសាងជាតិ និងមាគ៌ានៃទស្សនៈវិទ្យានយោបាយជាតិ។ លោកថា «យើងមិនគួរនៅតែចាំឲ្យបរទេស មកដឹកដៃ ចាំឲ្យបរទេសមកដាក់សម្ពាធនោះទេ»។
តាមលោកបណ្ឌិត គិន ភា បញ្ហានយោបាយ ឬក៏បញ្ហាសង្គមផ្សេងទៀត គឺខ្មែរមានមេរៀន មានបទពិសោធន៍ និងមានចំណេះដឹង អាចដោះស្រាយបញ្ហារបស់ខ្មែរខ្លួនឯងបានហើយ។ លោកបន្តទៀតថា ស្មារតីនានានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ត្រូវបានយកទៅដាក់បញ្ចូលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ១៩៩៣។ ដូច្នេះអ្វីដែលអ្នកនយោបាយខ្មែរ និងប្រជាពលរដ្ឋខ្មែរ ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននោះ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមរតក និងជាស្មារតី ដកស្រង់ចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងកេរ្ដិ៍ដំណែលនយោបាយជាតិ ពីសម័យសង្គមរាស្រ្ដនិយមផង ពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជាផង គឺត្រូវបានដាក់បញ្ចូលទៅជាច្បាប់កំពូលរបស់ជាតិ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


