ព័ត៌មានជាតិ
មន្ត្រីពាក់ព័ន្ធ បង្ហាញការតាមចាប់អ្នកទោស ដែលទម្លុះជញ្ជាំងពន្ធនាគារលួចរត់
មន្ត្រីសមត្ថកិច្ចខេត្តស្ទឹងត្រែង កំពុងសហការគ្នាក្នុងស្រាវជ្រាវ និងតាមតាមចាប់ អ្នកទោសចំនួន ៧ នាក់ ដែលបានទម្លុះជញ្ជាំងពន្ធនាគារ ហើយលួចរត់គេចខ្លួន នាទៀបភ្លឺ ថ្ងៃទី ០៨ ខែវិច្ឆិកានេះ។
អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោកម៉ែន គង់ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី ០៨ ខែវិច្ឆិកា នេះថា ទាក់ទងករណីអ្នកទោស ៧ នាក់ បានទម្លុះជញ្ជាំងពន្ធនាគារខេត្ត ហើយលួចរត់នោះ គឺក្រុមការងារបានចុះតាមស្រាវជ្រាវស្វែងរកពួកគាត់ទាំងនោះនៅមូលដ្ឋានកើតហេតុ។

លោក ម៉ែន គង់ មានប្រសាសន៍បន្តថា៖ “ពួកគាត់នៅពេលសមត្ថិកិច្ចចាប់បានមកវិញ នឹងយកមកដាក់ទោសតាមនីតិវិធី ព្រោះនីតិវិធីបានចែងច្បាស់ហើយថា អ្នកទោសដែលលួចរត់ចេញពីមណ្ឌលឃុំឃាំង នឹងមានទោសទៅតាមលក្ខខណ្ឌ និងស្ថានទោស”។
ទាក់ទងទៅនឹងចម្ងល់ និងការលើកឡើងរបស់មហាជនថា អ្នកទោសអាចទម្លុះជញ្ជាំងពន្ធនាគារហើយលួចរត់បាន តើអាចមានរឿងអ្វីមិនប្រក្រតីនៅពីក្រោយនោះ ឬទេ? លោក ម៉ែន គង់ មានប្រសាសន៍ឆ្លើយតបថា ពេលនេះលោកមិនទាន់អាចបកស្រាយអ្វីឱ្យជាក់លាក់នោះទេ ព្រោះក្រុមការងារកំពុងស៊ើបអង្កេត ហើយករណីនេះបានកើតឡើងនៅពេលទៀបភ្លឺ និងមានករណីជាច្រើនដែលក្រុមការងារស៊ើបអង្កេតកំពុងស្រាវជ្រាវ ដើម្បីវាយតម្លៃហេតុផល។
លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងចំណោមអ្នកទោស ៧ នាក់ មានម្នាក់ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀន ត្រូវបានកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត។

លោក ម៉ែន គង់ មានប្រសាសន៍ថា៖ “កិច្ចការបន្ត ចំណុចសំខាន់គឺពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងមណ្ឌលឃុំឃាំងឱ្យបានល្អប្រសើរទាំង ២៤ ម៉ោង លើ ២៤ ម៉ោង រៀងរាល់ថ្ងៃ ហើយពង្រឹងសមត្ថភាពក្រុមការងារ ជាពិសេសមន្ត្រីពន្ធនាគារឱ្យមានសមត្ថភាពខ្លាំងក្លាបន្ថែមទៀត”។
អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង រូបនេះ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ប្រសិនជាបានឃើញ ជនគួរសង្ស័យ ឬអ្នកទោសទាំងអស់នោះ សូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីចាត់វិធានការតាមនីតិវិធីឱ្យខានតែបាន ពីព្រោះករណីរត់គេចពីពន្ធនាគារនេះ មិនមែនជាចំណុចល្អនៅក្នុងប្រទេសដែលស៊ីវិល័យ នីតិរដ្ឋ នោះទេ។

លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា កម្លាំងនគរបាល បានសហការជាមួយកម្លាំងពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន ដើម្បីស្រាវជ្រាវតាមចាប់អ្នកទោសទាំងនេះមកវិញ។
លោកឧត្តមសេនីយ៍ អួត ស៊ីវុត្ថា បានបញ្ជាក់ថា៖ “អ្នកទោសទាំងនេះ បានវៃទម្លុះជញ្ជាំងគុក រួចរត់គេចខ្លួនតែម្តង ហើយពួកគេទាំងនេះ មានទោសភាគច្រើនជាមួយគ្រឿងញៀន”។

លោក ឈុន តារា មានប្រសាសន៍ថា៖ “ចំណែកអ្នកទោស ៦ នាក់ទៀត ជាប់ទោសស្រាស ក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទលួច មានស្ថានទម្ងន់ទោស”។

គួររំលឹកថា កាលពីវេលាម៉ោង ៣ និង ២០ នាទីរំលងអធ្រាត្រទៀបភ្លឺ ឈានចូលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ មាន អ្នកទោសចំនួន ៧ នាក់បានប្រើឧបករណ៍រឹងទម្លុះជញ្ជាំងពន្ធនាគាររត់គេចខ្លួន ដែលទីតាំងស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ ក្រោយពេលដឹង មន្ត្រីអនុរក្សពន្ធនាគារបានប្រើអាវុធបាញ់ប្រមាណ ៤ គ្រាប់ ដើម្បីគំរាមបញ្ឈប់សកម្មភាពរត់គេចរបស់ពួកគេ តែពួកគេមិនឈប់ និងបានរត់គេចអស់ចំនួន ៧ នាក់។ យោងតាមការពិនិត្យរបស់មន្ត្រីអនុរក្សពន្ធនាគារ បានរកឃើញឧបករណ៍ប្រដាប់កែឆ្នៃសិប្បកម្ម និងវត្ថុរឹងមួយចំនួន ប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ខ្នើយភួយ យកមកទ្រាប់ ដើម្បីវាយជញ្ជាំងថ្មមិនឱ្យលឺសំឡេង៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ