Connect with us

ព័ត៌មានជាតិ

លោក​ Wang Wentian ​​៖ ការព្រួយបារម្ភពីប្រសិទ្ធភាពវ៉ាក់សាំងចិន​ គ្រាន់​តែ​ជាការគិតច្រើនតែប៉ុណ្ណោះ​

បានផុស

នៅ

លោក វ៉ាង វិនធាន (Wang Wentian) ឯក​អគ្គរដ្ឋទូតចិន​ប្រចាំកម្ពុជា បានលើកឡើងថា ​ការព្រួយបារម្ភអំពីប្រសិទ្ធ ភាព និងសមត្ថភាព នៃវ៉ាក់សាំងចិន គ្រាន់តែជាការគិតច្រើនតែប៉ុណ្ណោះ។ ការលើកឡើង​នេះ បានធ្វើឡើងក្នុងពិធីប្រគល់ និងទទួល​ជំនួយ​វ៉ាក់សាំងពីរដ្ឋាភិបាល​ និងប្រជាជនចិន​​​ចំនួន ២លានដូស នាព្រឹកថ្ងៃ​ទី១៧ ខែវិច្ឆិកានេះ នៅឯព្រលាន​យន្ដហោះអន្តរជាតិភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅ​ចំពោះមុខ​សម្ដេចតេជោ ហ៊ុន សែន នា​យក​រដ្ឋមន្ដ្រីនៃកម្ពុជា​​​​ ​លោក ​Wang Wentian បានលើកឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ចិន មកដល់ប្រទេសកម្ពុជាលើកទី ១ គឺជាវ៉ាក់សាំងស៊ីណូហ្វាម។ នៅពេលនោះ ទោះបីជាប្រសិទ្ធភាព និងសមត្ថភាព នៃវ៉ាក់សាំង ត្រូវបានទទួលស្គាល់ ដោយឆ្លងកាត់ធ្វើការតេស្តសាកល្បង និងតេស្តពិសោធន៍ក៏ដោយ។ ប៉ុន្តែដោយសារតែការយល់ដឹងពីវាក់សាំង និងវីរុស មិនទាន់គ្រប់គ្រាន់ ការព្រួយបារម្ភពីប្រសិទ្ធភាព និងសមត្ថភាព នៃវ៉ាក់សាំងតែងតែមាន ហើយរូបលោកផ្ទាល់ក៏ដូច្នេះដែរ។

ប៉ុន្តែមកដល់ពេលនេះ ភាពជាក់ស្ដែងបានបង្ហាញ​ច្បាស់ហើយថា «ការព្រួយបារម្ភទាំងនេះ សុទ្ធសឹងតែជាការគិតច្រើនតែប៉ុណ្ណោះ» ដែលរហូតមកដល់ពេលនេះ ភាគីចិនបានផ្ដល់វ៉ាក់សាំងមកដល់កម្ពុជាជិត ៣៩លានដូសហើយ ស្មើនិងជាង ៩០ភាគរយនៃវ៉ាក់សាំង ដែលកម្ពុជាទទួលបាន។ ​

លោកឯកអគ្គរដ្ឋទូត​ បានអះអាងទៀតថា ​លោករីករាយ ដោយបានមើលឃើញថា អត្រានៃការចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជា មានចំនួនច្រើនលើសលប់ ហើយឈានមុខគេនៅលើពិភពលោក ហើយចំនួននៃការឆ្លងមេរោគ ​ក៏បានធ្លាក់ចុះនៅត្រឹមតែពីរខ្ទង់ ហើយអ្នក​ឆ្លងភាគច្រើនមានសភាពស្រាល​។ ដោយឡែកថ្មីៗនេះ សកម្មភាព​មមារញឹកមួយចំនួន នៅរាជធានីភ្នំពេញ បានវិលត្រឡប់មកវិញ ហើយប្រជាជនកម្ពុជា ចាប់ផ្តើមមានស្នាមញញឹមដ៏ស្រស់ស្អាត។ ​ចំណែកការវិវត្តន៍ នៃសង្គមសេដ្ឋកិច្ចនៅកម្ពុជា ក៏កំពុងកំរើកឡើងវិញ ជាបន្តបន្ទាប់ផងដែរ។

លោក Wang Wentian បានបញ្ជាក់ដែរថា ​ប្រឈមមុខ ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទប់ស្កាត់ប្រកបដោយជោគជ័យ និង​មានការទទួលស្គាល់ពីមហាជន។ លោកថា ទាំងនេះហាក់ដូចជាចៃដន្យ តែមិនមែនទេ វាមានមូលហេតុជាច្រើន​គឺ៖ ទី១, ​កម្ពុជាមានការដឹកនាំ​ដ៏រឹងមាំពីរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី មានគោលនយោបាយទប់ស្កាត់ការរីករាលដាល និងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ យកប្រជាជនជាធំ។

លោកថា ដើម្បីជួយសម្រាលបន្ទុកប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍ចត្តាឡីស័កដោយឥតគិតថ្លៃ ព្យាបាលដោយឥតគិតថ្លៃ និងចាក់សាំងដោយឥតគិតថ្លៃ ហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការចំគោលដៅ ដោយកាត់បន្ថយការរំខាន ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ អ្វីដែលសំខាន់ទៀតនោះ គឺរាជរដ្ឋាភិបាលកម្ពុជា ​បានចាត់ទុកការចាក់វ៉ាក់សាំង​ វាជាមធ្យោបាយដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ និងបានកំណត់គោលដៅចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋទូទាំងប្រទេស​​។ នេះសបញ្ជាក់ឲ្យឃើញថា ជាការសម្រេចចិត្តដល់ឈ្លាសវៃ ប្រកបដោយវិទ្យាសាស្រ្ត និង​ប្រកបដោយយុទ្ធសាស្ត្រ ដែលធ្វើឲ្យប្រទេសកម្ពុជា ទទួលបានជោគជ័យ។

​ទី២, កម្ពុជាមានការគាំទ្រជាយុទ្ធសាស្ត្រ នៃសហគមន៍វាសនារួម រវាងចិន និងកម្ពុជា ហើយចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩មក ប្រជាជនប្រទេសទាំងពីរ បានរួមសុខរួមទុក្ខជាមួយគ្នា​ គឺខណៈដែលវីរុសកូវីដ-១៩ ​​កំពុងរីករាលដាលនៅប្រទេសចិន ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រមទាំងសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ការគាំទ្រយ៉ាងខ្លាំង ចំពោះប្រទេសចិន​ ហើយនៅពេលដែលកម្ពុជារីករាលដាល ចិនក៏បានតបស្នងសងគុណវិញ ដោយផ្ដល់ការគាំទ្រ ដើម្បីទប់ស្កាត់ជំងឺនេះ តាមគ្រប់ទម្រង់ និងគ្រប់មធ្យោ​បាយ ដែលមានការផ្តល់សាំង និងសម្ភារៈទប់ស្កាត់​​ជាដើម។​

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា គឺជាបងប្អូន ដែលប្រៀបដូចជាដៃ និងជើង ​ស្គាល់ចិត្តគ្នាទៅវិញទៅមក ហើយដរាបណាការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា នៅមិនទាន់បញ្ចប់ ការផ្ដល់ជំនួយរបស់ចិន មកដល់ប្រទេសកម្ពុជា​ ក៏មិនអាចមួយបញ្ឈប់បានដែរ។ ប្រជាជនចិន នៅតែឈរជាមួយប្រជាជនកម្ពុជា ជានិច្ច។

សូមបញ្ជាក់ថា វ៉ាក់សាំងប្រភេទ Sinovac ចំនួន ២លានដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន បានមកដល់ប្រទេសកម្ពុជា​​ នៅព្រឹកថ្ងៃ​ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ហើយសម្ដេច​តេជោ ហ៊ុន សែន នា​យក​រដ្ឋមន្ដ្រីនៃកម្ពុជា​​​​ និងលោក វ៉ាង វិនធាន (Wang Wentian) ឯក​អគ្គរដ្ឋទូតចិន​ប្រចាំកម្ពុជា ​បាន​អញ្ជើ​ញប្រគល់ និង​ទទួល​ ​នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម