Connect with us

ព័ត៌មានជាតិ

កម្ពុជា​ផ្អាកនាំចូលជ្រូកពីក្រៅប្រទេស​ដើម្បីសម្រួលការកកស្ទះជ្រូកក្នុងស្រុក

បានផុស

នៅ

បច្ចុប្បន្នកម្ពុជា កំពុងតែមានការកកស្ទះជ្រូកក្នុងស្រុក ដែលតម្រូវឲ្យមានការផ្អាកការនាំចូលពីក្រៅប្រទេសបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការលក់ចេញជ្រូកក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជរដ្ឋាភិបាល បានសម្រេចផ្អាកការនាំចូលជ្រូកពីក្រៅប្រទេសរយៈពេលជាង ១សប្តាហ៍ហើយ ដោយសារ ជ្រូក​នៅកម្ពុជា កំពុងប្រឈមតម្លៃ និងកកស្ទះខ្លាំងនៅក្នុងស្រុក ចាប់តាំងពីភ្ជុំបិណ្ឌមក។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់កម្ពុជាថ្មីថា មូលហេតុដែលជ្រូកនៅកម្ពុជាកកស្ទះនេះ ដោយសារ កសិករសម្រុកចិញ្ចឹមដើម្បីត្រៀមផ្គត់ផ្គង់នាឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅ។ ប៉ុន្តែពេលនោះ រដ្ឋាភិបាលបានសម្រេចបិទភ្ជុំបិណ្ឌនៅថ្ងៃបិណ្ឌទី៤ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ធ្វើឲ្យតម្រូវការផ្គត់ផ្គង់ធ្លាក់ចុះ ជ្រូកចាប់ផ្តើមកកស្ទះរហូតមកដល់ពេលនេះ។

លោក ស្រ៊ុន ពៅ បន្តថា ប្រសិនបើជ្រូកនៅតែបន្តការនាំចូលពីក្រៅប្រទេសទៀតនោះ កសិករខ្មែរអាចនឹងឈប់ចិញ្ចឹម ព្រោះតម្លៃកាន់តែធ្លាក់ចុះទាប និងឈានដល់ការបិទអាជីវកម្ម។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា សព្វថ្ងៃនេះ ជ្រូករស់នៅកម្ពុជា លក់ចេញក្នុងតម្លៃ១គីឡូ ចន្លោះពី ៧០០០រៀល ទៅ ៨០០០រៀល ដែលតម្លៃនេះមិនដល់ថ្លៃដើមផង។ លោកថា ដើម្បីឲ្យកសិករជាអ្នកចិញ្ចឹមជ្រូកអាចរស់បាន ទាល់តែតម្លៃជ្រូករស់ចាប់ពី ១១,០០០រៀល ទៅ ១២,០០០រៀល ទើបអាចរស់ស្រួល។ កន្លងមករដ្ឋាភិបានបានអនុញ្ញាតឱ្យនាំចូលជ្រូកពីក្រៅប្រទេសចំនួនជាង៨០០ក្បាលក្នុងមួយថ្ងៃ ក្រោយមកបានបន្ថយមកនៅត្រឹម៣០០ ក្បាលវិញ ហើយថ្មីៗនេះ ក៏បានសម្រេចផ្អាកការនាំចូលទាំងស្រុង ដើម្បីកាត់បន្ថយការកកស្ទះជ្រូកក្នុងស្រុក។

ជុំវិញបញ្ហានេះ លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតផល​សត្វ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានឲ្យ​ដឹងថា អគ្គនាយកដ្ឋាន បានជជែកជាមួយក្រុមហ៊ុននាំចូល និងអ្នកចិញ្ចឹមអំពីបញ្ហាការកកស្ទះជ្រូកក្នុងស្រុកនេះ​ ហើយភាគីក្រុមហ៊ុន និងអ្នកចិញ្ចឹមក៏បានស្នើសុំឲ្យមានការផ្អាកនាំចូលបណ្តោះអាសន្ន ដើម្បីរំដោះជ្រូកក្នុងស្រុក។ លោកបន្តថា នៅកាលៈទេសៈនេះ ជ្រូកក្រៅស្រុកក៏មានតម្លៃថ្លៃដែរ ដែលជាកត្តាមិនអាចនាំចូលបាន។ លោក តាន់ ផាន់ណារ៉ា បន្ថែមទៀតថា« ការពិតនាំចូលក៏វាអត់កើតដែរ តម្លៃជ្រូកនៅក្រៅស្រុកថ្លៃជាងនៅក្នុងស្រុក ហើយក៏មិនមានលិខិតជាផ្លូវការនៃការផ្អាកការនាំចូលដែរ ប៉ុន្តែនេះជាការធ្វើការរវាងអគ្គនាយកដ្ឋានជាមួយក្រុមហ៊ុននាំចូល ជាមួយសមាគម និងអ្នកចិញ្ចឹម ដោយយើងបានជជែកគ្នាស្រួលបួលទេ»។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានប៉ាន់ស្មានថា ការផ្អាកនេះអាចមានរយៈពេល ១ខែ ទម្រាំបញ្ចេញជ្រូកកកស្ទះនៅក្នុងស្រុកបានធូរឡើងវិញ។ បើតាមលោក ស៊្រុន ពៅ កាលពីជាប់គាំងក្នុងវិបត្តិកូវីដ-១៩ កម្ពុជា មានតម្រូវការទីផ្សារជ្រូកប្រមាណពី ៧០០០ក្បាលទៅ ៨០០០ក្បាលក្នុង១ថ្ងៃ។ លោកសង្កត់ធ្ងន់ថា ក្រោយបើកប្រទេសឡើងវិញវិញនេះ តម្រូវការផ្គត់ផ្គង់ជ្រូកនៅកម្ពុជា អាចកើនឡើងពីជាង ៨,០០០ក្បាលទៅ ១០,០០០ក្បាល ពោលគឺចំនួននេះ គិតជ្រូក១ក្បាលទម្ងន់ ១០០គីឡូក្រាម។

បច្ចុប្បន្នកម្ពុជា មានកសិដ្ឋានចិញ្ចឹមជ្រូកធំៗចំនួន ៥០០កសិដ្ឋាន ដែលតួលេខនេះ គិតតែកសិដ្ឋានដែលមានជ្រូកធំៗចាប់ពី៥០០ក្បាលឡើង។ នេះបើតាមការបញ្ជាក់របស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម