ព័ត៌មានជាតិ
សៀវភៅ “កេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ” ទទួលបានជ័យលាភីជា “សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ” នៅទីក្រុងប៉ារីស
សៀវភៅមុខម្ហូប កេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor) ត្រូវបានជ្រើសរើសជា “សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ” (The Best Asian Cookbook) ក្នុងកម្មវិធីតាំងពិព័រណ៍ Gourmand World Cookbook Award 2021 ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។

សៀវភៅកេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅយប់ថ្ងៃទី០១ ខែធ្នូនេះបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងប៉ារីស ប្រទេសបារាំង សៀវភៅមុខម្ហូប កេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor) ត្រូវបានជ្រើសរើសជា “សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ” (The Best Asian Cookbook) ក្នុងកម្មវិធីតាំងពិព័រណ៍ Gourmand World Cookbook Award 2021 ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។

កម្មវិធី Gourmand World Cookbook Award ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយលោក Edouard Cointreau ក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារទូទាំងសកលលោក។ នៅក្នុងឆ្នាំ២០២១នេះ មានការចូលរួមពីប្រទេសចំនួន១៩៨ ដោយមានសៀវភៅសរុបចំនួន ៤០០០ក្បាល ដែលត្រូវបានជ្រើសរើសមកប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នេះ។
ក្រសួងការបរទេសបានបន្តថា សៀវភៅកេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្របតាមយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ សៀវភៅនេះបានជ្រើសរើសសម្រិតសម្រាំងយកមុខម្ហូប និងបង្អែមខ្មែរចំនួន៣៨មុខ ដោយណែនាំពីវិធីចម្អិនងាយៗ និងបានបង្ហាញពីគន្លឹះនៃការជំនួសគ្រឿងផ្សំរបស់ខ្មែរមួយចំនួនដែលងាយស្រួលរកនៅបរទេស ព្រមទាំងបានរំលេច និងផ្សព្វផ្សាយពីផលិតផលកម្ពុជា ដូចជា ម្រេចកំពត អង្ករផ្កាម្លិះ និងស្ករត្នោត។

ការទទួលបានពានរង្វាន់ “សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ” នាពេលនេះគឺជាមោទនភាពជាតិ និងជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀតរបស់ព្រះរាជាណា ចក្រកម្ពុជាដែលបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យការទូតម្ហូបអាហារសំដៅផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីកេរ្ដិ៍ដំណែល និងប្រណីតភាពនៃសិល្បៈម្ហូបខែ្មរដែលជាអត្តសញ្ញាណនៃអរិយធម៌ ដ៏វិសេសវិសាលរបស់កម្ពុជា។

គួរបញ្ជាក់ថា ពានរង្វាន់ហ្គ័រម៉ង់ នេះត្រូវបានគេទទួលស្គាល់ថាជា ពានរង្វាន់អូស្ការ សម្រាប់វិស័យម្ហូបអាហារ។ ការលើកតម្កើងវិស័យការទូតម្ហូបអាហារនេះ ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ដែលមានគោលដៅលើកស្ទួយកិត្យានុភាពជាតិ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ទន្ទឹមនេះ សៀវភៅមុខម្ហូបកេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ រួមជាមួយផលិតផល និងម្ហូបខ្មែរ ជាច្រើនមុខផ្សេងទៀត ក៏ត្រូវបានដាក់បង្ហាញ និងដាក់ជាគំរូជូនអ្នកទស្សនាភ្លក់រសជាតិ នៅតាមបណ្ដាប្រទេសនានាទូទាំងពិភពលោកដោយស្ថានតំណាងកម្ពុជានៅបរទេស ក្នុងនោះរួមមាន ប្រទេសចិន ប្រទេសម៉ាឡេស៊ី ប្រទេសស៊ុយអែត ប្រទេសកូរ៉េ ជាដើម៕
ដោយ ៖ កោះកែវ










-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


