ព័ត៌មានជាតិ
ចុងឆ្នាំនេះ កម្ពុជាទទួលរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក
នៅអំឡុងខែធ្នូ ឆ្នាំ២០២២ កម្ពុជានឹងទទួលរៀបចំ “មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក” នៅខេត្តព្រះសីហនុ ភ្ជាប់ជាមួយរមណីយដ្ឋានតារាសាគរ ក្នុងខេត្តកោះកុង នេះបើយោងតាមសារលិខិតរបស់លោក ប្រ៊ុយណូ បូដាដ (Bruno BODARD) អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលបានផ្ញើមកកាន់រាជរដ្ឋាភិបាលកម្ពុជា។
លោក ប្រ៊ុយណូ បូដាដ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានទទួលយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតពិភពលោករបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។ អគ្គនាយកក្លឹបឆ្នេរ បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើក ឬកម្មវិធីណាមួយនៃអង្គមហាសន្និបាត ដែលគ្រោងរៀបចំនាកំឡុងខែធ្នូ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ភ្ជាប់ជាមួយរមណីយដ្ឋានតារាសាគរ ក្នុងខេត្តកោះកុង។
លោក ប្រ៊ុយណូ បូដាដ បានបញ្ជាក់ទៀតថា មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនេះ នឹងក្លាយជាឱកាសដ៏ល្អដើម្បីបង្ហាញដល់ប្រទេសជាសមាជិកក្លឹបឆ្នេរនូវគំរូពិសេសក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលសម្រេចបានដោយកម្ពុជា។
លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា យោងតាមបទពិសោធន៍ដែលលោកធ្លាប់បំពេញការងារជាមួយលោក ប្រ៊ុយណូ បូដាដ គឺលោក ប្រ៊ុយណូ មានការកោតសរសើរចំពោះកម្ពុជាយ៉ាងខ្លាំង ចំពោះការជ្រើសរើសប្រទេសកម្ពុជាជាទីតាំងរៀបចំមហាសន្និបាតក្លឹបឆ្នេរនេះ មិនមែនជារឿងចៃដន្យនោះឡើយ។

បើតាមលោក នី ផល្លី លោកអគ្គនាយកក្លឹបឆ្នេរមានសុទិដ្ឋិនិយមថា ឆ្លងតាមបទពិសោធន៍នៃការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) ក្នុងខែមករា ឆ្នាំ២០២២នេះ កម្ពុជាពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំមហាសន្និបាតរបស់ក្លឹបឆ្នេរ គឺកម្ពុជារៀបចំបានល្អទាំងការគ្រប់គ្រងផ្នែកសុខាភិបាល សុវត្ថិភាព សណ្ដាប់ធ្នាប និងការទទួលបដិសណ្ឋារកិច្ចបានល្អគ្រប់ជ្រុងជ្រោយ។ អ្វីដែលសំខាន់ គឺប្រទេសកម្ពុជាជាប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍ ពិសេសការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រគឺប្រកបដោយវឌ្ឍនភាព និងវិបុលភាពឆ្ពោះទៅមុខបានល្អ។ ម្យ៉ាងវិញទៀត ក្នុងដំណាក់វិបត្តិកូវីដ១៩នេះ កម្ពុជាមានការគ្រប់គ្រងប្រទេសបានយ៉ាងល្អប្រសើរ បានការពារសុខមាលភាពប្រជាជន និងភ្ញៀវទេសចរ រហូតក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងពិភពលោក។
លោក នី ផល្លី បានបញ្ជាក់ដែរថា មហាសន្និបាតរបស់ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកតែងប្រារព្ធឡើងក្នុងមួយឆ្នាំម្ដង ប៉ុន្តែដោយសារការរំខានពីការរីករាលដាលជំងឺកូវីដ១៩ នៅទូទាំងពិភពលោក គេក៏បានផ្អាកជាបន្តបន្ទាប់អស់រយៈពេល២ឆ្នាំ ដូច្នេះការរៀបចំមហាសន្និបាតនៅកម្ពុជានាចុងឆ្នាំនេះ ជាព្រឹត្តិការណ៍ធំលើកដំបូងរបស់ក្លឹបឆ្នេរបន្ទាប់ពីផ្អាករយៈពេល២ឆ្នាំនោះ។
គួរជម្រាបថា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៧ ដែលមានស្នាក់ការកណ្តាលនៅទីក្រុងវ៉ាន (Vannes) នៃប្រទេសបារាំង។ បច្ចុប្បន្នមានប្រទេសជាសមាជិកចំនួន២៦ប្រទេស រួមមាន ប្រទេសកម្ពុជា ចិន កូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន វៀតណាម អ៊ីស្រាអែល បារាំង អេស្ប៉ាញ ក្រិក ម៉ុងតូណេក្រូ ក្រូអាស៊ី ព័រទុយហ្កាល់ តួកគី កាណាដា សហរដ្ឋអាមេរិក ម៉ិកស៊ិក សាធារណរដ្ឋដូមីនិក ប្រេស៊ីល កូឡុំប៊ី កាប់វែរ ម៉ាដាហ្កាស្កា ម៉ារ៉ុក អង់ហ្គោឡា ម៉ូសំប៊ិក និងសេណេហ្កាល់។ ក្នុងចំណោមប្រទេសទាំង២៦នេះ គឺមានឆ្នេរសមុទ្រសរុបចំនួន៤៤ ឆ្នេរដែលបានចូលជាសមាជិក៕
ដោយ ៖ កោះកែវ


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស