ដើម្បីបង្កើនសោភ័ណភាពផ្លូវថ្នល់ឲ្យកាន់តែប្រសើរជាងមុន អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយឯក ឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យផ្លូវក្រាលកៅស៊ូប្រភេទACចំនួន៣ខ្សែ ស្ថិតនៅក្នុងសង្កាត់វាលវង់និងសង្កាត់សំបួររមាសក្រុង កំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋឲ្យមានភាពងាយស្រួល ហើយ ក៏ជាការលើកមុខមាត់ដល់ក្រុងកំពង់ចាម ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត ដែលក្រុងមួយនេះធ្លាប់ទទួលបានជ័យលាភីរំដួល៣ទងនាពេលកន្លងមក។
លោក ណន សុខនី នាយកលទ្ធិកម្មសាលាខេត្ត បានប្រាប់ឲ្យដឹងថា: ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្តចំនួន២រូប នាព្រឹកថ្ងៃទី១១ ធ្នូ ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យមើលការស្ថាបនាផ្លូវកៅស៊ូដែលកំពុងដំណើរការអ៊ុត នៅក្រោយវិទ្យាល័យព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
លោក ណន សុខនី បន្តឲ្យដឹងទៀតថា ផ្លូវខ្សែទី១(ផ្លូវលេខ៧ចាស់)មានប្រវែង១.៥៦២ម៉ែត្រ ទទឹង១០ម៉ែត្រ ចាប់ពីរង្វង់មូល១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ក្នុងពេលអញ្ជើញចុះពិនិត្យអភិបាលខេត្ត ក៏បានស្នើសុំឲ្យនាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម រៀបចំក្រាលការ៉ូឡាអោយបានស្អាតនៅបរិវេណខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមកា រងារស្ថាបនាផ្លូវធ្វើចិញ្ចើមថ្នល់ដើម្បីបង្កលក្ខណៈឱ្យទឹកភ្លៀងអូធ្លាក់ចូលទៅក្នុងប្រព័ន្ធលូ ចៀសវាង កុំឱ្យមានទំនាបដកទឹកនាំឲ្យខូចផ្លូវ។ចំពោះផ្លូវទីមួយនេះត្រូវបានប្រជាពលរដ្ឋរស់នៅតាមដងផ្លូវបានសំដែងនូវមនោសញ្ចេតនាសប្បាយរីករាយ ដោយទទួលបានផ្លូវមួយខ្សែល្អហើយងាយស្រួលដល់ពួកគាត់ធ្វើដំណើរទៅវិញទៅមក ហើយការប្រកបរបរអាជីវកម្មប្រចាំថ្ងៃ ក៏កាន់តែប្រសើរបន្ថែមទៀត។
ចំពោះផ្លូវខ្សែទី២ លេខ៥១ ប្រវែង៥១២ម៉ែត្រ ទទឹង ៨ម៉ែត្រចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី ភូមិបឹងស្នាយ សង្កាត់សំបូរមាសដល់ផ្លូវលេខ៧ចាស់ ក្នុងភូមិទី៦ សង្កាត់វាលវង់ក្រុងកំពង់ចាម ចំណែក ផ្លូវខ្សែទី៣ ផ្លូវលេខ៥៥ ប្រវែង៧៧១ម៉ែត្រ ទទឹង៧.៥ទៅ៨ម៉ែត្រ ចាប់ពីត្រង់ចំណុចផ្លូវភ្លោះព្រះបាទមុនីវង្សភូមិទី៤ សង្កាត់វាលវង់ដល់ផ្លូវលេខ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ក្នុងចំណោមផ្លូវទាំងបីខ្សែគឺទើបតែដំណើរការសាងសង់ផ្លូវទី១ បានប្រមាណ៣០% ចំណែកផ្លូវចំនួន២ខ្សែទៀតអាចនឹងរួចរាល់ក្នុងរយៈពេល ១៥ថ្ងៃខាងមុខក្នុងករណីបើមិនមានភ្លៀងធ្លាក់៕
ហុង ម៉េងហៀ