Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី ជួសជុលផ្លូវក្នុងក្រុងប្រវែង១០៥០ម៉ែត្រ គ្រោងចំណាយ ៥ពាន់លានរៀល

បានផុស

នៅ

ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាន់តែអភិវឌ្ឍន៍ឥតឈប់ឈរបន្ថែមទៀតក្នុងឆ្នាំ២០២៥នេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅក្នុងខេត្តឱ្យបានច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញ៉ែម រ៉ា នាយកទីចាត់ការសាលាខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ថា ដើម្បីតម្រូវការចាំបាច់ នឹងសំណូមពររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី អាជ្ញាធរខេត្តបានធ្វើការជួសជុលស្ដារផ្លូវចាក់កៅស៊ូមួយខ្សែ ដែលបានរងការខូចខាតនាពេលកន្លងមក ឲ្យប្រែក្លាយទៅជាផ្លូវបេតុងអាមេ ដ៏ល្អប្រណិតរឹងមាំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរផ្សេងទៀតដែរ។

លោកបន្ថែមថា ផ្លូវបេតុងអាមេដែលបានធ្វើកាជួសជុសនោះ នឹងចាប់ផ្តើមសាងសង់ពីដើមខែកុម្ភៈ ឆ្នាំ២០២៥ ហើយនឹងគ្រោងបញ្ជប់ការសាងសង់នៅក្នុងខែ មិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ ផ្លូវបេតុងដែលសាងសង់នោះ មានកម្រាស់ ១៥ស.ម មុខកាត់ទទឹង ០៧ម៉ែត្រ ឆ្អឹងដែក នឹងប្រវែង១០៥០ម៉ែត្រ និងដាក់លូជ្រុងបង្ហូរទឹកភ្លៀង ដែលមានមុខកាត់ ០.៨ ម៉ែត្រ ដែលគ្រោងចំណាយថវិកាអស់ចំនួន៥០០០.០០០.០០០រៀល ដែលជាថវិកាគុណប្រយោជន៍របស់ខេត្ត សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុង ឆ្នាំ២០២៥។

លោកបន្តថា តាមតម្រូវការចាំបាច់និងសំណូមពរពីសំណាក់ប្រជាពលរដ្ឋ ដោយបានលើកសំណូមពរក្នុងវេទិកាសាធារណៈ «នៅថ្នាក់ក្រុង»នាពេលកន្លងមក ស្នើឲ្យរដ្ឋបាលខេត្តជួយជួសជុលសាងសង់ផ្លូវចាក់បេតុងដែលមានប្រវែង១០៥០ម៉ែត្រនេះ ដែលស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុមក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។ លោកបញ្ជាក់ថា នេះជាសមិទ្ធផលផ្លូវបេតុងដំបូងគេក្នុងក្រុង នៅដើមឆ្នាំ២០២៥នេះ ទន្ទឹមនឹងនោះអាជ្ញាធរខេត្តក៏តបតាមតម្រូវការចាំបាច់សូមណូមពតរបស់ប្រជាពលរដ្ឋ ហើយសម្រេចជួសជុលផ្លូវដូចខាងលើនិងដើម្បីងាយស្រួលក្នុងកាធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាកែលំអសោភ័ណភាពក្នុងក្រុងសែនមនោរម្យ ឲ្យស័ក្តិសមជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវ ក៏ដូចជាសម្រួលផ្លូវឲ្យបានស្អាតសម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តក្នុងក្រុងសែនមនោរម្យ ឬឆ្ពោះទៅកាន់តំបន់ផ្សេងផ្សេងទៀតផងដែរ៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម