ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ៖ ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារឆ្ពោះ ទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារ ឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ។
ថ្លែងក្នុងពិធី បិទអង្គមហាសន្និបាតបូកសរុបលទ្ធផលការងារ រយៈពេល ៥ឆ្នាំ អាណត្តិទី ២ និងផែនការអនុវត្តបន្តអាណត្តិទី ៣ ឆ្នាំ ២០២២-២០២៧ របស់គណៈវិស្វករកម្ពុជា ព្រមទាំងមានការរៀបចំបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង របស់គណៈវិស្វករកម្ពុជា អាណត្តិទី ៣ នារសៀលថ្ងៃទី ១៨ ខែមីនានេះ លោករដ្ឋមន្ត្រីបានបន្តថា ការពង្រឹងគុណភាពអប់រំវិស្វកម្ម គឺជាបង្គោលអាទិភាពមួយ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាលកម្ពុជាព្រោះថា រាជរដ្ឋាភិបាលបាន ចាត់ទុកការអប់រំប្រកបដោយគុណភាព គឺជាចំណុចគន្លឹះមួយ ដែលមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយនិរន្តរភាព។
លោករដ្ឋមន្ត្រី បានបន្តទៀតថា កម្ពុជាត្រូវការជាចាំបាច់ ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដើម្បីដើរឲ្យទាន់ប្រទេសជិតខាងក្នុងតំបន់ និងបណ្ដាប្រទេសផ្សេងទៀត ក្នុងពិភពលោក។ ទស្សនៈទាំងនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ថា ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ។
លោករដ្ឋមន្ត្រី បានបន្ថែមថា «កន្លងមកយើងឃើញថា គណវិស្វករកម្ពុជា ពិតជាបានចូលរួមចំណែកក្នុងការខិតខំសម្រេចបាន តាមបេសកកម្មជាច្រើន ដែលការអភិវឌ្ឍធនធានវិស្វកម្ម គឺជាកម្លាំងចលករមួយ ដ៏ខ្លាំងក្លាបំផុតមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍សង្គមជាតិមួយ ឲ្យមានការរីកចចំរើនគ្រប់វិស័យ»។
លោករដ្ឋមន្ត្រី បានបន្តថា ក្នុងនាមរាជរដ្ឋាភិបាល ត្រូវតែបង្កើនយន្តការដឹកនាំ ដើម្បីធ្វើឲ្យស្ថាប័នវិស្វកម្មមួយនេះ ក្លាយជាមជ្ឈមណ្ឌលមួយដ៏រឹងមាំ ដែលអាចចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំផែនការ អភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។ លោករដ្ឋមន្ត្រី អះអាងថា« អនាគតប្រទេសជាតិរបស់យើង គឺត្រូវពឹងផ្អែកលើអ្វីដែលវិស្វករយើងអាចធ្វើបាន នាពេលបច្ចុប្បន្ន និងទៅអនាគត គឺត្រូវផ្ដល់ការអប់រំវិស្វកម្ម ប្រកបដោយគុណភាព គឺជាជម្រើសមួយដ៏ប្រសើរបំផុតដល់វិស្វករជាតិរបស់យើង ក្នុងការប្រកួតប្រជែង អភិវឌ្ឍសមត្ថភាពក្នុងការដោះស្រាយបញ្ហាចូលរួមគិតគូជាមួយរាជរដ្ឋាភិបាល ប្រកបដោយសុភវិនិច្ឆ័យ និងការអប់រំសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ សម្រាប់ទ្រទ្រង់អាជីពការងារទាំងមូលរបស់វិស្វករ ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ សុចរិតភាព និងការទទួលខុសត្រូវខ្ពស់បស់វិស្វករយើង»។
លោករដ្ឋមន្ត្រី បានលើករបាយការណ៍មកបញ្ជាក់ថា ក្នុងឆ្នាំ ២០២១ កន្លងទៅនេះ គណវិស្វករកម្ពុជាទទួលបានការចុះបញ្ជីវិស្វករ ៧៤៧នាក់ ហើយបើគិតមកទល់បច្ចុប្បន្នមានវិស្វករចុះបញ្ជីសរុបចំនួន ៦ ០០៨នាក់ ស្រី ២៤០នាក់។ ក្នុងនោះ វិស្វករជាតិចំនួន ៥ ៩២៤នាក់ (ស្រី ២៣៨នាក់) និងវិស្វករបរទេសចំនួន ៨៤នាក់ ស្រី ២នាក់។
លោកបណ្ឌិត អ៊ិត សំហេង បានលើកឡើងទៀតថា ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្ម ក្នុងការលើកកំពស់វិជ្ជាជីវៈវិស្វកម្ម ឲ្យកាន់តែប្រសើរឡើងទាំងបរិមាណ និងគុណភាព ការពារបាននូវកិត្តិយស សេចក្តីថ្លៃថ្លូរបស់វិស្វករ លើកស្ទួយអត្តសញ្ញាណជាតិ ពង្រឹងសមត្ថភាពវិជ្ជាជីវៈគ្រប់ជំនាញ ស្របតាមការវិវត្តន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត ធានាឲ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ គណវិស្វករកម្ពុជាត្រូវពង្រឹងការចុះបញ្ជីវិស្វករ ដើម្បីទទួលស្គាល់គុណវុឌ្ឍិ ទទួលគោរមងារជាវិស្វករអាជីពជាតិ យុវវិស្វករអាស៊ាន វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន៕
អត្ថបទ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ