ព័ត៌មានជាតិ
ផ្លូវទេសចរណ៍-សេដ្ឋកិច្ចថ្មីពីកំពូលភ្នំបូកគោតភ្ជាប់ទៅផ្លូវជាតិលេខ៤ សម្រេចបាន ១១គីឡូម៉ែត្រ
គិតត្រឹមថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៣នេះ ផ្លូវថ្មីតភ្ជាប់ពីកំពូលភ្នំបូកគោ ទៅផ្លូវជាតិលេខ ៤ សម្រេចការសាងសង់បានចំនួន ១១ គីឡូម៉ែត្រហើយ។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ីនវេសមេនគ្រុប។

អ្នកឧកញ៉ា សុខ គង់ បានវាយតម្លៃថា ការឆ្ការបើកផ្លូវព្រៃពីកំពូលភ្នំបូកគោទៅចម្ការដូងប្រេងអ្នកឧកញ៉ា ម៉ុង ឬទ្ធី អាចសម្រេចរួចរាល់នៅចុងឆ្នាំនេះ។ អ្នកឧកញ៉ាមានប្រសាសន៍ថា « បើកផ្លូវព្រៃហើយ យើងមានលុយយើងធ្វើជាកង់ៗ គ្រឿងចក្រយើងមានច្រើន យើងធ្វើជាកង់ៗមិនយូរទេ អាចចាក់ផ្លូវនេះជាផ្លូវបេតុងបានលឿន ធ្វើហើយយើងក្រាលកៅស៊ូតាមក្រោយ»។

ការអភិវឌ្ឍន៍តភ្ជាប់ផ្លូវពីភ្នំបូកគោទៅផ្លូវជាតិលេខ៤នេះ អាចធ្វើឲ្យវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្រើកឡើងបាន និងបន្តអភិវឌ្ឍកន្លែងផ្សេងៗទៀត ក្រោយបញ្ចប់គម្រោងនេះ។ នេះបើតាមអ្នកឧកញ៉ា សុខ គង់។
គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក មានរយៈពេលជាង ៣ខែហើយ ដែលក្រុមការងារវិស្វករបានធ្វើការត្រួសត្រាយផ្លូវថ្មីមួយខ្សែនេះ ដោយកាប់ឆ្ការព្រៃ និងកាយថ្មភ្នំ ពីចំណុចវាលស្រែ៥០០ ឆ្ពោះទៅផ្លូវជាតិលេខ៤។ ផ្លូវដ៏សំខាន់នេះ មានប្រវែង១២៧គីឡូម៉ែត្រ ដែលវានឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ កំណើនភ្ញៀវទេសចរ និងជួយសេដ្ឋកិច្ចជាតិ ពិសេសផ្តល់ភាពងាយស្រួលចំពោះអ្នកចង់មកលេងកម្សាន្តនៅទីក្រុងបូកគោ ដោយអាចបើកត្រង់តាមផ្លូវជាតិលេខ៤ មកកាន់ទីក្រុងបូកគោតែម្តង។ នេះជាការបញ្ជាក់របស់លោក តុង រដ្ឋា វិស្វករសាងសង់ផ្លូវក្នុងគម្រោងអភិវឌ្ឍន៍ភ្នំបូកគោនេះ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការស្ថាបនាផ្លូវនេះ សម្រួលដល់ការធ្វើដំណើរ ចំណេញពេលវេលា និងអាចបម្រើនូវខឿនសេដ្ឋកិច្ច ពិសេសតម្លៃដីនៅស្របតាមបណ្តោយផ្លូវ និងនៅជុំវិញតំបន់ភ្នំបូកគោ នឹងមានទីផ្សារកាន់តែខ្ពស់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរ។

អ្នកជំនាញអចលនទ្រព្យរូបនេះ គូសបញ្ជាក់ថា« ឱកាសនៃការឡើងថ្លៃដីនឹងខ្ពស់ តំបន់ដែលឡើងថ្លៃខ្លាំងគឺនៅតាមផ្លូវថ្មីនេះ»។ បើតាមលោក សុខនីម បានថ្លែងថា នៅក្នុងឧទ្យានជាតិបូកគោ មានទំហំដីធំរាប់ម៉ឺនហិកតា ដោយបានបែងចែកជាប្លុកផ្សេងៗគ្នា មានផ្លូវធំ ផ្លូវតូច តំបន់ឧស្សាហកម្មកាស៊ីណូ និងតំបន់លំនៅឋានជាដើម។

ក្រៅពីគម្រោងអភិវឌ្ឍន៍នានា នៅលើភ្នំបូកគោ ក៏មានតំបន់កម្សាន្តកែច្នៃជាច្រើនទៀត ដែលភ្ញៀវទេសចរអាចទៅលេងកម្សាន្ត មានដូចជា បដិមាលោកយាយម៉ៅ ទឹកជ្រោះពពកវិល បឹងលើភ្នំ ឡឺបូកគោ ផាលេស (សណ្ឋាគារចាស់)ជាដើម។ ជាពិសេសភ្ញៀវទេសចរណ៍អាចស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានការផ្គត់ផ្គង់បន្លែធម្មជាតិ ដាំដុះនៅលើភ្នំផ្ទាល់។ លើសពីនេះ ក៏មានប្រភេទលំនៅដ្ឋានលំហែកាយ ដែលកំពុងសាងសង់ ក្រោយរដ្ឋបាលក្រុងបូកគោ ទើបតែបានបង្កើតឡើងនាពេលថ្មីៗនេះ បានទាក់ទាញអ្នកនិយោគ ខណៈដែលប្រជាជនកាន់តែច្រើន កំពុងចាប់អារម្មណ៍ចូលទៅរស់នៅទីនោះ៕
អត្ថបទ៖ ទូន សុផល



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


