Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត​៖ ​អ្វីដែលសំខាន់​បំផុតសម្រាប់​យុវជន​ គឺការ​ធានា​នូវ​ផែនការ​អនាគតមួយ​ ប្រកប​ដោយក្តីសង្ឃឹម​ ក្តីស្រមៃ​ និងលំនឹងស្ថិរភាព

បានផុស

នៅ

លោក ហ៊ុន ម៉ាណែត​ សមាជិកគណៈ​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធាន​យុវជន​គណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាលបានមាន​ប្រសាសន៍​លើកឡើងថា៖ អ្វីដែល​សំខាន់បំផុត​សម្រាប់​យុវជនកម្ពុជា ក៏ដូចជាយុវជនប្រទេសផ្សេងៗ គឺការធានានូវផែនការអនាគតមួយ ប្រកប​ដោយក្តីសង្ឃឹម ក្តីស្រមៃ និងលំនឹងស្ថិរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះរបស់លោក ហ៊ុន ម៉ាណែត បាមធ្វើឡើង ក្នុងពិធីសំណេះ​សំណាលជាមួយ​ថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ នៅកោះពេជ្រ រាជធានីភ្នំពេញ។

លោកបន្តថា យុវភាព ជាដំណាក់កាលមួយនៃជីវិតដែលពោរពេញដោយការសម្រេចចិត្ត និងការ​ជ្រើស​រើសដោយសេរីលើមូលដ្ឋាននៃសិទ្ធបុគ្គលដែលខ្លួនមាន ដើម្បីធ្វើយ៉ាងណា​អភិវឌ្ឍខ្លួនឈាន​ឆ្ពោះទៅរកការសម្រេចក្តីស្រម៉ៃ។ ក្នុងន័យនេះ ដើម្បីឱ្យលទ្ធភាពនៃជោគជ័យនេះ មានលក្ខណៈ​ប្រាកដនិយម គឺចាំបាច់ណាស់ដែលយុវជនត្រូវធ្វើការសម្រេចចិត្តដោយផ្សារភ្ជាប់ក្តីស្រម៉ៃនោះ ទៅនឹងស្ថានភាពជាក់ស្តែង តាមរយៈការពិចារណាល្អិតល្អន់ស៊ីជម្រៅអំពីអតីតកាល និងបច្ចុប្បន្នកាល ដើម្បីជ្រើសរើសអនាគតមួយឱ្យបានត្រឹមត្រូវ ចៀសវាងការសម្រេចចិត្ត​ធ្វើអ្វីមួយ​ដែលហួសពីលទ្ធភាព និងសមត្ថភាពពិតរបស់យើង។

លោក ហ៊ុន ម៉ាណែត បន្តទៀតថា ការសម្រេចចិត្តរបស់យុវជន មានឥទ្ធិពលសំខាន់​ណាស់លើ​អនាគត​របស់ប្រទេសជាតិ ហើយអនាគតយុវជនខ្លួនឯងក៏ត្រូវពឹងផ្អែក នឹងផ្សារភ្ជាប់ទៅនឹងដំណើរ​ការរបស់ប្រទេសជាតិផងដែរ ជាពិសេសការធានាធ្វើយ៉ាងណារក្សាឱ្យ​បាននូវបរិយាកាស​អំណោយ​ផលនៃ សន្តិភាព ស្ថិរភាព និងការទទួលបានឱកាស។ នេះគឺជាអ្វីដែលគណបក្សយើងឱ្យតម្លៃបំផុត និងពុះពារប្តេជ្ញាថែរក្សាឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ព្រោះជាស្នាដៃដែលគណបក្ស​ខិតខំស្វែងរក និងសម្រេចបានដោយលំបាកបំផុត។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បានសូមអរគុណដល់ថ្នាក់ដឹកនាំ និងសកម្មជនយុវជនក្នុងរចនា​សម្ព័ន្ធអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់នៅមូលដ្ឋានរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំបានជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈក្នុងធ្លុងមហាសាមគ្គី និងលើមាគ៌ានយោបាយឥតងាករេរបស់គណបក្ស គឺការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ក្នុងន័យនេះ ការចូលរួមអនុវត្តការងាររបស់មន្ត្រីបក្សនៅមូលដ្ឋាន គឺជាកត្តាកំណត់មួយនៃជោគជ័យ​របស់គណបក្សទាំងក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឈាន​ទៅរក្សាប្រៀបឈ្នះនៅក្នុង​គ្រប់ការបោះឆ្នោតបន្តទៅមុខទៀត។
លោក ហ៊ុន ម៉ាណែត​បនុតថា សន្តិភាពពេញលេញ ដែលទទួលបានក្រោម​ជោគជ័យនៃនយោបាយ​ឈ្នះ-ឈ្នះ គឺជាអ្វីដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំ ហើយសន្តិភាពនេះ គឺជាមូលដ្ឋាននៃការសម្រេចបាននូវសមិទ្ធផលជាតិលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ រដ្ឋបាល​សាធារណៈ សង្គម សេដ្ឋកិច្ច, ការទូត។

ជាពិសេស សន្តិភាពផ្លូវកាយ ក៏បានចូលរួម​ចំណែក​ផងដែរនូវការកសាងសន្តិភាពផ្លូវចិត្ត តាមរយៈការធានាបង្កលក្ខណៈ​គ្រប់បែបយ៉ាងរបស់រាជរដ្ឋា​ភិបាល ក្នុងការធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ, ភាពសុខដុមរមនាផ្នែកជំនឿសាសនា និង​ការពង្រឹងយុត្តិធម៌សង្គមលើមូលដ្ឋាននៃនីតិរដ្ឋ ដែលជាកត្តាកំណត់នៃភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរឹងមាំ និងនិរន្តរភាពជាតិ។

លោក ហ៊ុន ម៉ាណែត បន្តថា ស្ថិរភាព៖ សំដៅដល់ស្ថិរភាពផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលកម្ពុជាបានស្គាល់រួចមកហើយក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ហើយក៏កំពុងត្រូវបានលើកកម្ពស់បន្ថែមទៀត ស្របនឹងចក្ខុវិស័យសម្រាប់អនាគត។ ដោយឡែក បញ្ហាសន្តិសុខសាធារណៈ ក៏ជាផ្នែកមួយនៃស្ថិរភាពផងដែរ។ គេមិនអាចនិយាយបានទេអំពីបញ្ហាសន្តិសុខ នៅក្នុងសម័យសង្គ្រាម។

ជាមួយនឹងអំណោយផលនៃសុខសន្តិភាពដូចបច្ចុប្បន្ន ស្ថានភាពសន្តិសុខរបស់​ប្រទេសយើង​មានលក្ខណៈល្អប្រសើរ ហើយក៏កំពុងត្រូវបានបន្តពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការ​អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
ក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត បន្ថែមទៀតថា ៖ក្នុងដំណាក់សង្គ្រាម យុវជន រួមទាំងកុមារផង​បានបាត់បង់ឱកាសទាំងស្រុង និងគ្មានជម្រើសអ្វីក្រៅពីការទ្រាំរស់នៅ​ក្នុងវិនាសកម្ម​ដោយក្តីអស់​សង្ឃឹម។

ប៉ុន្តែបច្ចុប្បន្ននេះ យើងទាំងអស់គ្នា មានឱកាសគ្រប់បែបយ៉ាង ទាំងឱកាសរៀនសូត្រ, ឱកាសការងារ និងការបង្កលក្ខណៈគ្រប់បែបយ៉ាង ក្នុងគោលបំណងតែមួយគត់ គឺការធានាបាន​នូវអនាគតមួយពិតប្រាកដ និងល្អប្រសើរសម្រាប់គ្រប់គ្នា៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៦ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣៩ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥២ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម