Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈជំងឺគ្រុនឈាមកើនឡើងជាង ៥០០ ករណី

បានផុស

នៅ

ប្រធានកម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាមបានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ខណៈ​ជំងឺ​នេះ​មានការ​កើនឡើង​ជាង​ ៥០០ ​ករណី​ដែលជា​តួលេខ​មួយ​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វេជ្ជបណ្ឌិត លាង ឬ​ទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​នៃ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​២២ មេសា​នេះ​ថា​ ចាប់តាំងពី​ខែមករា​រហូតមកដល់​ពេលនេះ​ មាន​ករណី​ជំងឺគ្រុនឈាម​ប្រមាណ​ជាង​ ៥០០ ​ករណី​ក្នុងនោះ​ស្លាប់​ ១ ​ករណី​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ​កន្លងទៅ​មាន​ត្រឹមតែ​ជាង​ ៤០០ ​ករណី​ប៉ុណ្ណោះ​និង​មិនមាន​អ្នកស្លាប់​ទេ​ មានការ​កើនឡើង​ជាង​ ១០​ ភាគរយ​។ លោក​វេជ្ជបណ្ឌិត​បាន​ព​ន្យ​ល់​ថា​ ការដែល​ករណី​ជំងឺគ្រុនឈាម​នៅ​ដើម​ឆ្នាំនេះ​ មានការ​កើនឡើង ​គឺ​ដោយសារ កត្តា​បម្រែបម្រួល​អាកាសធាតុ​ដូចជា​អាកាសធាតុ​ក្តៅ​អាច​បង្កលក្ខណៈ​ងាយស្រួល ​ក្នុងការ​កកើត​មូស​ខ្លា​ច្រើន​ និង​កត្តា​ទឹកភ្លៀង​ពិសេស​ឆ្នាំ ២០២២ នេះ​ជា​ឆ្នាំ​ទី​ ៣ ស្ថិតក្នុង​វ័​ន្ត​ឆ្នាំមាន​ការផ្ទុះ​ជំងឺគ្រុនឈាម​ដែលមាន​រយៈពេល​ ៥ ​ឆ្នាំ​ម្តង​។

​លោក​វេជ្ជបណ្ឌិត បាន​បន្តទៀតថា «​ជំងឺគ្រុនឈាម​បាន​ផ្ទុះ​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ​ ២០១៩​ ។​ អីចឹង​បើ​គិតថា​ ៥ ​ឆ្នាំ​ផ្ទុះ​ម្តង​វា​ នឹង​ផ្ទុះ​ទ្រង់ទ្រាយ​ធំ​ម្តងទៀត​នៅ​ឆ្នាំ​ ២០២៤​។​ ដូចនេះ​វាចា​ប់​ផ្ទុះឡើង​បន្តិច​ម្តងៗ​ចាប់ពី​ឆ្នាំ​ ២០២២ ​នេះ​តទៅ​ហើយ​»​។ លោក​វេជ្ជបណ្ឌិត បាន​ឱ្យដឹងទៀតថា ​បច្ចុប្បន្ន​នេះ​ ខេត្ត​ដែលមាន​ករណី​ជំងឺគ្រុនឈាម​ឡើង​ខ្ពស់​ដូចជា​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល សៀមរាប កំពង់ស្ពឺ​ និង​ខេត្តកំពង់ចាម​ហើយ​ខេត្ត​ទាំងនោះ​ បានចាប់ផ្តើម​ដាក់​ថ្នាំ​អា​បេ​ត​ជា​បន្តបន្ទាប់​ហើយ​ ដើម្បី​ទប់ស្កាត់​ការកកើត​មូស​ខ្លា​ ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​។​ ចំណែក​ខេត្ត​ដែល​មិនទាន់មាន​ករណី​គ្រុនឈាម​ខ្ពស់​ យើង​មិន​អនុញ្ញាតឱ្យ​ដាក់​ថ្នាំ​អា​បេ​ត​ទេ​ដើម្បី​ចៀសវាង​កុំ​ឱ្យមាន​ភាពស៊ាំ​ និង​ខូចគុណភាព​ថ្នាំ​ទៅ​ថ្ងៃក្រោយ​។

​យ៉ាងណាក៏ដោយ លោក​វេជ្ជបណ្ឌិត បាន​បន្ថែមថា​ ក្រសួង​ដាក់​ថ្នាំ​អា​បេ​ត​តែ​នៅតាម​ពាង​ឬ​អាងទឹក​របស់​ប្រជាពលរដ្ឋ​ទេ​ សំខាន់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ត្រូវ​ចូលរួម​ទប់ស្កាត់​ជំងឺគ្រុនឈាម​នេះ​ទាំងអស់គ្នា​ ក្នុងការ​ចូលរួម​សំអាត​អនាម័យ​នៅ​ជុំវិញ​លំនៅឋាន​ និង​ទីសាធារណៈ​ឲ្យ​បាន​ស្អាត​ដូចជា​លប់បំបាត់​សំបក​កង់ឡាន កង់​ម៉ូតូ​ចាស់ៗ​និង​រាល់​វត្ថុ​ដែល​អាច​ដក់​ទឹកបាន​ព្រោះ​វា​ជា​ជម្រក​នៃ​ការកកើត​ដង្កូវទឹក​ដែល​វិវត្ត​ទៅជា​មូស​ខ្លា​ ដែលជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺគ្រុនឈាម​ដល់​កុមារ ​និង​មនុស្ស​គ្រប់​វ័យ​។

​លោក​ប្រធាន​កម្មវិធី​ជាតិ​ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ​បើ​សង្ស័យថា​ មាន​ជំងឺគ្រុនឈាម​ដូចជា​មាន​អាកា​រៈ​ក្តៅខ្លួន​ចាប់ពី ៣៩​ ទៅដល់​ ៤០ អង្សា នឹងមាន​រោគសញ្ញា​ផ្សេងៗ​ទៀត​ដូចជា មុខ​ក្រហម ឈឺ​ប្រឡង់​កែវភ្នែក​ចាក់​ទៅក្រោយ ឈឺក្បាល ចង់​ក្អួត​ឬ​កួត ឈឺពោះ ឈឺ​សាច់ដុំ ឈឺសន្លាក់​ដៃជើង ស្នាម​អុចៗ​ក្រហម​លើ​ស្បែក ឬ​មាន​ហូរឈាម​តាម​អញ្ចាញធ្មេញ​ជាដើម​ត្រូវ​រួសរាន់​ប​ញ្ជូន​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​ ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​បាន​ទាន់ពេលវេលា​។​

​គួរ​បញ្ជាក់ថា ​សម្រាប់​ឆ្នាំ ​២០២២​ នេះ ​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម ​បាន​ត្រៀម​ថ្នាំ​អា​បេ​ត​ប្រមាណ​ ១០០​ តោន សេរ៉ូម​ ៦ ទៅ ៧ ​ម៉ឺន​ប្លោក ទឹក​ថ្នាំ​បាញ់សម្លាប់​មូស ៦ ពាន់​លីត្រ ផលិត​ខិតប័ណ្ណ​អប់រំ​ ស្តីពី​ជំងឺគ្រុនឈាម ​ដើម្បី​បង្ការ​និង​ការពារ​ទប់ស្កាត់​ក្នុងករណី​ជំងឺគ្រុនឈាម​មានការ​រាតត្បាត​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម