Connect with us

ព័ត៌មានជាតិ

អូស្ត្រាលី​សន្យា​គាំទ្រ​កសាងសមត្ថភាព​ ផ្នែកសន្តិសុខ និង​ការពារជាតិ​កម្ពុជា

បានផុស

នៅ

ការបញ្ជាក់របស់ភាគីអូស្ត្រាលីនេះ បានធ្វើឡើងនៅក្នុងកិច្ចពិគ្រោះយោបល់​ថ្នាក់ឧត្តមមន្ត្រីលើកទី ៣ រវាងកម្ពុជា និងអូស្ដ្រាលី នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយមានលោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា និងលោកជំទាវ កាទ្រីណា ឃូបភើ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ដ្រាលី ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចពិគ្រោះយោបល់នោះ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងចាស់ទុំ ដែលត្រូវបានពូនជ្រំដោយក្តីពេញចិត្តពីសំណាក់ប្រជាជនទាំងពីរ ខណៈប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំនេះ។

ភាគីទាំងពីរពេញចិត្តចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទាំងក្នុងអតីតកាល និងបច្ចុប្បន្នលើវិស័យនានាជាច្រើនរួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិនិងសន្ដិសុខ កសិកម្ម អប់រំ សុខាភិបាល និងការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។

ភាគីទាំងពីរក៏បានបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តធ្វើការឱ្យកាន់តែជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងដ៏ល្អដែលមានស្រាប់របស់ខ្លួន ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ និងដើម្បីសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ជាពិសេស ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ។

ចំពោះកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរបានកត់សម្គាល់នូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងរយៈពេលកន្លងមក លើវិស័យនគរបាល និងការអនុវត្តច្បាប់ ដែលមានសកម្មភាពជាច្រើនផ្តោតលើការគំរាមកំហែង​ពីឧក្រិដ្ឋកម្មឆ្លងដែនដែលជាកង្វល់រួមគ្នា ជាពិសេស ការកេងប្រវ័ញ្ចលើកុមារ និងការលាងលុយកខ្វក់។

ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីវិធីសាស្ដ្រដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ដ្រាលី លើវិស័យសន្ដិសុខប្រព័ន្ធអ៊ីនធឺណេត និងការគ្រប់គ្រងព្រំដែន។

កិច្ចប្រជុំក៏បានទទួលស្គាល់នូវសារៈសំខាន់នៃការរក្សាការចូលរួមយ៉ាងសកម្មរវាងមន្ត្រីសន្ដិសុខ និងការពារជាតិ នៃប្រទេសទាំងពីរតាមរយៈវេទិកាទ្វេភាគី និងពហុភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះបន្ថែមទៀត។ ជាមួយគ្នានោះ “អូស្ត្រាលីក៏បានសន្យាគាំទ្រកម្ពុជាក្នុងការកសាងសមត្ថភាព ការផ្ដល់ជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាលក្នុងការងារដ៏សំខាន់នេះ”។

ចំពោះទំនាក់ទំនងសេដ្ឋកិច្ច ភាគីទាំងពីរសម្ដែងនូវការពេញចិត្តចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី និងបានពិភាក្សាអំពីមធ្យោបាយថ្មី ដើម្បីបំពេញបន្ថែមនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ជាមួយនឹងគោលដៅពង្រីកពាណិជ្ជកម្ម វិនិយោគទ្វេភាគី និងការចូលទៅកាន់ទីផ្សារ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដែលអាចបង្កើនសន្ទុះនៃទំនាក់ទំនង និងភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

អូស្ដ្រាលីក៏បានបញ្ជាក់ពីការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកសាងសមត្ថភាពធនធានមនុស្ស ដើម្បីជំរុញវិបុលភាពសេដ្ឋកិច្ច និងដោះស្រាយបញ្ហាទាក់ទងនឹងវិស័យថាមពល និងអាកាសធាតុ។ ភាគីកម្ពុជាក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីចំពោះការផ្ដល់ជំនួយដ៏មានតម្លៃដល់កម្ពុជា ជាពិសេស ការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស​ និងប្រតិបត្តិការ ក៏ដូចជាការផ្តល់វ៉ាក់សាំង និងសម្ភារសុខាភិបាលផ្សេងៗ ដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ភាគីទាំងពីរក៏បានទទួលស្គាល់ថា អាហារូបករណ៍រយៈពេលវែងដែលបានផ្ដល់ជូននិស្សិតកម្ពុជា បានចូលរួមចំណែកដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។ អូស្ដ្រាលីនឹងពិចារណាផ្ដល់អាហារូបករណ៍បន្ថែមទៀតក្នុងវិស័យពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ សន្ដិសុខប្រព័ន្ធអ៊ីនធឺណេត និងសេដ្ឋកិច្ចឌីជីថល ស្របតាមតម្រូវការរបស់កម្ពុជា។

ភាគីទាំងពីរក៏បានឯកភាពបន្ដលើកកម្ពស់ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន តាមរយៈផែនការញូវកូឡុំបូថ្មី និងកម្មវិធីអ្នកស្ម័គ្រចិត្តអូស្ដ្រាលី ដែលពង្រឹងឱ្យមានការយល់ដឹងពីគ្នា និងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក។

ដោយទទួលស្គាល់ថា កម្ពុជាគឺជាទិសដៅពេញនិយមសម្រាប់និស្សិតអូស្ដ្រាលីមកហាត់ការ និងដោយទទួលស្គាល់ថា អូស្ដ្រាលីគឺជាទិសដៅពេញនិយមសម្រាប់និស្សិតកម្ពុជាទៅបន្ដការសិក្សា ភាគីទាំងពីរបានឯកភាពលើកទឹកចិត្តឱ្យមានទំនោរបែបនេះបន្ថែមទៀត៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម