Connect with us

ព័ត៌មានជាតិ

កម្មវិធីភាពជាដៃគូអូស្ត្រាលី-កម្ពុជា ត្រូវបានដាក់ឱ្យដំណើរជាផ្លូវការដើម្បីគាំទ្រកម្ពុជាក្នុងការពង្រឹងភាពធន់នឹងអាកាសធាតុ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី បានរួមគ្នាដាក់ឱ្យដំណើរការនូវកម្មវិធីភាពជាដៃគូអូស្ត្រាលី-កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ (ACP4Climate) ដែលជាគំនិតផ្តួចផ្តើមចម្បងមួយក្នុងការគាំទ្រដល់អភិបាលកិច្ចទឹកដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ដោយរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា និងលោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ ភាពជាដៃគូនេះ កើតឡើងក្នុងពេលដែលការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងៗដល់ប្រព័ន្ធទឹកកសិកម្ម ជីវភាពរស់នៅរបស់សហគមន៍នៅក្នុងប្រទេសកម្ពុជា ដែលទាមទារនូវការពង្រឹងអភិបាលកិច្ចទឹក ដែលមានសារៈសំខាន់ខ្លាំងក្នុងការបង្កើនភាពធន់ទៅនឹងទឹកជំនន់ គ្រោះរាំងស្ងួត និងការប្រែប្រួលអាកាសធាតុ។

តាមរយៈកម្មវិធីភាពជាដៃគូដើម្បីភាពធន់នឹងអាកាសធាតុនេះ រដ្ឋាភិបាលអូស្ត្រាលី នឹងជួយដល់ប្រទេសកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចទឹក ការកែលម្អភាពធន់នឹងអាកាសធាតុ និងការលើកកម្ពស់វិធីសាស្ត្រគ្រប់គ្រងនូវធនធានទឹក ប្រកបដោយបរិយាបន្ន ដោយមានការចូលរួមពីសហគមន៍នៅក្នុងអាងទន្លេមេគង្គលើ អាងទន្លេមេគង្គក្រោម និងអាងទន្លេសាប។

អូស្ត្រាលី និងកម្ពុជា បានបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏យូរអង្វែង និងប្តេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងអាកាសធាតុរបស់កម្ពុជា តាមរយៈវិធីសាស្ត្រដឹកនាំដោយសហគមន៍មូលដ្ឋាន កិច្ចសហប្រតិបត្តិការ និងសកម្មភាពអាកាសធាតុប្រកបដោយបរិយាបន្ន។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងអំពីការវាយតម្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជាដៃគូជាមួយរដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីពង្រឹងភាពធន់នឹង ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព។ សម្រាប់កម្មវិធីភាពជាដៃគូអូស្ត្រាលី-កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ លោករដ្ឋមន្ត្រីថា នឹងជួយពង្រឹងការសម្របសម្រួលការរៀបចំផែនការនិងអភិបាលកិច្ចទឹក ដែលធន់នឹងអាកាសធាតុ ដើម្បីគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ក៏ដូចជាសុខុមាលភាពប្រជាជន។

លោក ដេរិក យីប បានបញ្ជាក់ថា អូស្ត្រាលី គឺជាដៃគូដ៏ជិតស្និទ្ធរយៈពេលវែងរបស់កម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព កំណើនសេដ្ឋកិច្ច និងការពង្រឹងភាពធន់។ លោក ថា កម្មវិធី ACP4Climate ជាជំពូកថ្មីមួយ ទៀតនៅក្នុងភាពជាដៃគូនេះ ក្នុងការជួយពង្រឹងអភិបាលកិច្ចទឹក តាមរយៈជួយគាំទ្រដល់សហគមន៍ដែលងាយរងគ្រោះ និងកសាងភាពធន់ទៅនឹងអាកាសធាតុ។

ជាការកត់សម្គាល់ នៅក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីនៅថ្ងៃនេះ តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធពីវិស័យឯកជន រួមទាំងសហគមន៍មូលដ្ឋាន ក៏បានជួបជុំគ្នាដើម្បីពិភាក្សាអំពីអាទិភាពសម្រាប់អភិបាលកិច្ចទឹកដែលធន់នឹងអាកាសធាតុ និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម