ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាភ្នាក់ងាររក្សាសុវត្ថិភាព ក្នុងវិស័យមូលបត្រ
ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត កាលពីរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជា ភ្នាក់ងាររក្សាសុវត្ថិភាព ក្នុងវិស័យមូលបត្រពីនិយ័តករមូលបត្រកម្ពុជា “ន.ម.ក.”។

លោក បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា គឺជាធនាគារពាណិជ្ជទីមួយនៅកម្ពុជា ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅផ្សារមូលបត្រកម្ពុជា “ផ.ម.ក.” កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ។ នៅក្នុងឆ្នាំ ២០២២ នេះ ធនាគារ សម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដោយទទួលបាន “វិញ្ញាបនបត្រទទួលស្គាល់ ធនាគារ អេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ” ពីនិយ័តករមូលបត្រកម្ពុជា “ន.ម.ក.” ដែលធ្វើឱ្យធនាគារ អេស៊ីលីដា ក្លាយជាធនាគារពាណិជ្ជទីមួយ នៅកម្ពុជា ដែលផ្តល់សេវារក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។ លោកបណ្ឌិត បានបន្តថា វិស័យមូលបត្រនៅកម្ពុជាបាន និងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលជាចលករមួយដ៏មានសារៈសំខាន់នាំឱ្យ ធនាគារ អេស៊ីលីដា សម្រេចចិត្តបោះជំហាន ក្នុងការផ្តល់នូវសេវាកម្មនេះ។ ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ គឺជាសេវាកម្មថ្មីមួយរបស់ធនាគារ អេស៊ីលីដា ក្នុងការបម្រើសេវាកម្មរក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រជូនវិនិយោគិន និងសាធារណជន។មុខងារចម្បងៗនៃសេវាកម្មនេះ រួមមាន៖ គណនីរក្សាសុវត្ថិភាពសាច់ប្រាក់ គណនីរក្សាសុវត្ថិភាពមូលបត្រ និងសេវាភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ។




លោកបណ្ឌិត មានជំនឿយ៉ាងមុតមាំថា ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្ររបស់ធនាគារ អេស៊ីលីដា នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិន ជាពិសេស វិនិយោគិនបរទេស ឱ្យមកវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា ពីព្រោះការវិនិយោគមូលបត្រនៅបរទេសរបស់ក្រុមហ៊ុនបរទេសមួយចំនួន ចាំបាច់ត្រូវធ្វើឡើង តាមរយៈភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ។ បន្ថែមលើនេះទៀត ភ្នាក់ងារនេះនឹងចូលរួមជំរុញធ្វើឱ្យផ្សារមូលបត្រនៅកម្ពុជាកាន់តែសកម្ម។

លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមទៀតថា «ស័ក្ដិសមដូចកេរ្តិ៍ឈ្មោះប្រសិទ្ធនាម ដោយមហាជនថា “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” ធនាគារ អេស៊ីលីដា ជានិច្ចកាល ប្រកាន់ខ្ជាប់នូវ តម្លាភាព គោលការណ៍សីលធម៌វិជ្ជាជីវៈ អភិបាលកិច្ចល្អ គោរពច្បាប់ សង្គម និងបរិស្ថាន ។ល។ ធនាគារ អេស៊ីលីដា បានបំពាក់នូវបច្ចេកវិទ្យាឌីជីថលខ្ពស់ ដែលមានគុណភាព និងទំនើបទាន់សម័យ សម្រាប់គាំទ្រសេវាកម្មនេះ ព្រមទាំងមានធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ដែលមានចំណេះដឹង និងជំនាញពិតប្រាកដ ក្នុងការផ្តល់សេវាកម្មទាំងនេះ ដោយប្រកាន់ខ្ជាប់នូវ បទប្បញ្ញត្តិ តម្លាភាព និងក្រមសីលធម៌»។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា តាមរយៈការផ្តល់ការអនុម័តជូនធនាគារអេស៊ីលីដានូវវិញ្ញាបនបត្រភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រនេះ នឹងជំរុញនូវភាពទាក់ទាញវិនិយោគិនធំៗដែលចាប់អារម្មណ៍ និងចង់សាកល្បងធ្វើពិពិធកម្មការវិនិយោគមួយចំណែកមកប្រទេសកម្ពុជាពិសេសវិនិយោគិនជប៉ុន គឺជាអ្នកដែលត្រូវការភ្នាក់ងារនេះ ព្រោះវិនិយោគិនជប៉ុនតែងតែសួរថា កម្ពុជាមានសេវាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រហើយឬនៅ? បើមានគាត់នឹងចាប់អារម្មណ៍ច្រើនទាក់ទងនឹងវិស័យមូលបត្រ ជាពិសេសមូលបត្របំណុល។យ៉ាងណាក៏ដោយ លោកសូមស្វាគមន៍ធនាគារផ្សេងៗទៀតដែលមានបំណងដាក់ពាក្យស្នើសុំវិញ្ញាបនបត្រជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រនេះជាបន្តបន្ទាបទៀតព្រោះថា ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ គឺជាអ្នកថែរក្សានូវមូលបត្រទាំងមូលបត្របំណុល និងមូលបត្រកម្មសិទ្ធិ។ ជាងនេះទៀត ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ គឺជាសេវាសំខាន់មួយដែលវិនិយោគិនបរទេសធំៗ ដែលចង់វិនិយោគក្នុងវិស័យមូលបត្រ កំពុងត្រូវការ។

លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានសម្តែងនូវការអបអរ ចំពោះធនាគារអេស៊ីលីដា ដែលទទួលបាននូវវិញ្ញាបនបត្រជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រដំបូងគេនៅកម្ពុជា។ ដោយលោកបានមានប្រសាសន៍ថា ការចូលរួមរបស់ធនាគារអេស៊ីលីដា នៅក្នុងទីផ្សារមូលបត្រកម្ពុជានេះ ជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដែលបានជួយធ្វើឱ្យវិស័យមូលបត្រនៅកម្ពុជាមានការអភិវឌ្ឍ និងកាន់តែរីមចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។

គួរបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ០៤ គឺវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង មានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,១៦ ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៥,៧៩ ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៥,៩០ ពាន់លានដុល្លារអាមេរិក និងមានអតិថិជន ប្រមាណជាង ៣,៤៤ លាននាក់ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២២ នេះ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី