ព័ត៌មានជាតិ
៧១ឆ្នាំកន្លងទៅ គណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជា
នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៅក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) នាព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «រយៈពេល ៧១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏គណបក្សប្រជាជនកម្ពុជា នៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»។

បើតាមសម្ដេចតេជោ ហ៊ុន សែន ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជនកម្ពុជាដ៏បរិសុទ្ធ ដែលស្មោះត្រង់នឹងគោលបំណង និងឧត្តមគតិរបស់គណបក្សប៉ុណ្ណោះ ដែលបានក្រោកឈរ ឡើងធ្វើការតស៊ូ និងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រយុទ្ធផ្ដួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នៅថ្ងៃ ៧ ខែមករា ឆ្នាំ ១៩៧៩ ហើយបានសង្គ្រោះជាតិឲ្យរស់រានមានជីវិតឡើងវិញ នាំយកសិទ្ធិសេរីភាពជូនប្រជាជនវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជាប្រកបដោយពន្លឺ និងក្តីសង្ឃឹម។

សម្តេចតេជោ បានថ្លែងបន្តថា ក្រោយថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានជ្រោងទង់មហាសាមគ្គីជាតិ ដឹកនាំការស្តារ និងកសាងប្រទេសឡើងវិញ ដែលត្រូវចេញដំណើរពីចំណុចសូន្យ។ ទោះបីត្រូវប្រឈមមុខនឹងឧបសគ្គរាប់ម៉ឺនជំពូក និងការប៉ុនប៉ងឥតឈប់ឈរពីសំណាក់កម្លាំងអមិត្ត ដើម្បីផ្ដួលរំលំយ៉ាងណាក្តី ក៏គណបក្សនៅតែឈររឹងមាំជាមួយនឹងការគាំទ្រដ៏ធំធេងពីប្រជាជន ព្រមទាំងការជួយឧបត្ថម្ភពីប្រទេសជាមិត្តជិតឆ្ងាយទាំងឡាយ រាំងស្កាត់បានការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ស្តារ និងកសាងជាតិឡើងវិញ ឲ្យចេញផុតពីដំណាក់កាលដ៏សែនលំបាកបំផុត ហើយបន្តធ្វើដំណើរទៅមុខប្រកបដោយជោគជ័យ លើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាពិសេសការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ ចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨មក៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


