ព័ត៌មានជាតិ
មន្ត្រី CPP និងមន្ត្រី គ.ជ.ប បញ្ជាក់ជំហរឲ្យតុលាការចាត់ការតាមនីតិវិធីលើករណីលោក សុន ឆ័យ
មន្ត្រីគណបក្សប្រជាជនកម្ពុជា (CPP) និងមន្ត្រី គ.ជ.ប បានបញ្ជាក់ជំហរឲ្យតុលាការចាត់ការតាមនីតិវិធី លើករណីលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការចោទ និងបំភ្លៃជុំវិញការបោះឆ្នោតឃុំ-សង្កាត់ និងការបរិហាកេរ្តិ៍ជាសាធារណៈ។ ការបញ្ជាក់នេះ បន្ទាប់ពីមានអ្នកធ្វើការងារនៅក្នុងអង្គការសង្គមស៊ីវិលខ្លះ បានផ្ដល់អនុសាសន៍ឲ្យ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា យកបញ្ហាដាក់លើតុជជែកគ្នាជាមួយលោក សុន ឆ័យ ដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាជាងប្តឹងផ្តល់គ្នាឡើងទៅតុលាការ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៥ ខែកក្កដានេះថា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និយាយអ្វីមិនបានគិតឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ ហើយមិនព្រមទទួលស្គាល់អំពីការចាញ់ឆ្នោត របស់គណបក្សខ្លួនឡើយ។ ចំពោះការប្ដឹងលោក សុន ឆ័យ ទៅតុលាការនោះ គឺដើម្បីរកយុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។
លោកបន្ថែមថា «អង្គការសង្គមស៊ីវិលនោះ គួរតែមុននឹង សុន ឆ័យ វាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប ថា ឃុបឃិតគ្នា លួចសន្លឹកឆ្នោត ប្រៀបដូចជាលួចគោ លួចក្របី អាហ្នឹងគួរតែគណបក្សប្រឆាំងហ្នឹង ទៅពិគ្រោះយោបល់ជាមួយអង្គការនោះសិន ឬមួយក៏អង្គការនោះ ម្ចាស់ការក្នុងការណែនាំគណបក្សប្រឆាំង កុំឲ្យធ្វើអ្វីដែលមិនច្បាស់លាស់ ហើយចេះតែចោទប្រកាន់គេ ប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ អាហ្នឹងអត់បានទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបន្ថែមថា មាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ហើយថា ប្រជាពលរដ្ឋម្នាក់ៗ មានសិទ្ធិបញ្ចេញមតិដោយសេរី តែក្នុងក្របខ័ណ្ឌមួយមិនឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។ ដូច្នេះ ប្រសិនបើការបញ្ចេញមតិណាមួយ ធ្វើឲ្យប៉ះពាល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃហើយនោះ គឺគេដែលជាជនរងគ្រោះមានសិទ្ធិដើម្បីតវ៉ា ឬប្ដឹងទៅតុលាការ ដើម្បីឲ្យដោះស្រាយរកយុត្តិធម៌ចំពោះខ្លួន។
លោកថា «អញ្ចឹងទេ មុននឹងធ្វើអី ត្រូវពិគ្រោះយោបល់ឲ្យច្បាស់លាស់សិន មិនមែនចេះតែថាទេ ខ្លួនឯងចាញ់ឆ្នោត ខ្លួនឯងមិនទទួលស្គាល់សមត្ថ ភាព អវិជ្ជមានរបស់ខ្លួន ខ្លួនឯងបែរជាទៅចោទប្រកាន់គេអ្នកដទៃ អាហ្នឹងថា មិនខុសអីពីរឿងជាងដែកមិនកើតទៅបន្ទោសដែក អាហ្នឹងវាអត់ត្រូវទេ»។
ចំណែកឯលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា ការនិយាយរបស់លោក សុន ឆ័យ ជាមួយសារព័ត៌មាន Cambodia Daily កាលពីថ្ងៃទី ៧ ខែមិថុនាកន្លងទៅនេះ គឺជាការចោទប្រកាន់មក លើ គ.ជ.ប ថា ជាចោរលួចបន្លំសន្លឹកឆ្នោត ហើយករណីនេះមិនមែនជាករណីដែលត្រូវចរចាគ្នា ឬដោះស្រាយគ្នានៅក្រៅប្រព័ន្ធតុលាការនោះទេ។

លោក សោម សូរីដា បានបន្ថែមថា «លោក សុន ឆ័យ ខ្លួនឯងក៏គាត់ដឹងដែរថា គ.ជ.ប ជាស្ថាប័នចែងក្នុងរដ្ឋធម្មនុញ្ញ ហើយត្រូវបានបញ្ញត្តិ ឲ្យរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត ហើយកាលណាគាត់ចោទ គ.ជ.ប ថា ជាចោរលួចសន្លឹកឆ្នោត នោះមិនមែនជាការលើកឡើងជាមតិយោបល់ ឬក៏ជាការបញ្ចេញមតិនោះទេ នោះគឺជាការប្រមាថស្ថាប័នជាតិ ជាការបរិហាកេរ្ដិ៍ជាសាធារណៈ ហើយច្បាប់បោះឆ្នោតក៏អត់មានបញ្ញត្តិ ដោះស្រាយការបរិហាកេរ្ដិ៍របស់លោក សុន ឆ័យ ដែល គ.ជ.ប ត្រូវយកមកអនុវត្តនោះដែរ អញ្ចឹងមានតែតាមនីតិវិធីតុលាការទេ ទើបកិច្ចការនេះអាចដំណើរការទៅបាន»។
អ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា លោក សុន ឆ័យ ត្រូវដឹងថា ខ្លួនជាអ្នកបរិហាកេរ្ដិ៍ គ.ជ.ប និងប្រមាថស្ថាប័នជាតិជាសាធារណៈ។ ដូច្នេះប្រសិនបើលោក សុន ឆ័យ ដឹងនូវកំហុសរបស់ខ្លួន គឺអាចធ្វើលិខិតសុំទោស គ.ជ.ប ជាលាយ លក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ ហើយមិនចាំបាច់ដោះស្រាយក្រៅប្រព័ន្ធតុលាការនោះទេ។
លោក សោម សូរីដា បានបន្ថែមទៀតថា «នេះគឺជារបៀបដោះស្រាយដោយងាយស្រួលមួយ គឺអនុវត្តតាមសំណើរបស់ គ.ជ.ប ដែលស្នើឲ្យលោក សុន ឆ័យ ហ្នឹង ធ្វើការសុំទោសជាលាយលក្ខណ៍អក្សរ ហើយផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសមតិជាតិ និងអន្តរជាតិ បានដឹងថា គ.ជ.ប គឺពិតជាស្ថាប័នឯករាជ្យ ហើយនិងរៀបចំ ចាត់ ចែង ការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ តម្លាភាព»។
សូមជម្រាបថា លោក គី តិច មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះ បានសម្រេចប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធការចោទ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដោយស្នើសុំឲ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល ឬស្មើនឹង ១លានដុល្លារអាមេរិក។
ចំណែកលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ជាតំណាងឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងបានស្នើឲ្យផ្ដន្ទាទោសលោក សុន ឆ័យ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


