ព័ត៌មានជាតិ
លោក គួច ចំរើន បញ្ជាកងកម្លាំងបង្រ្កាបបទល្មើសធំៗនៅក្រុងព្រះសីហនុ ឲ្យបានទាន់ពេលវេលា
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ច ស្រាវជ្រាវទប់ស្កាត់ និងបង្រ្កាបបទល្មើសធំៗ នៅខេក្រុងព្រះសីហនុឲ្យបានទាន់ពេលវេលា ដើម្បីរក្សាបាននូវសុខសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។

នៅក្នុងឱកាសចុះពិនិត្យវត្ថុតាង និងនាំយកថវិកាលើកទឹកចិត្តដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនទទួលបានជោគជ័យ កាលពីរសៀលថ្ងៃទី ៩សីហា លោក គួច ចំរើន បានមានប្រសាសន៍ថា កន្លងមកមានសកម្មភាពមិនប្រក្រតីភាពមួយចំនួន បានកើតឡើងក្នុងក្រុងព្រះសីហនុ ដូចជា៖ ទី១.បញ្ហាគ្រឿងញៀន ទី២.ការបង្ខាំងមនុស្សខុសច្បាប់ និង ទី៣.បញ្ហាអាវុធជាតិផ្ទុះ ការប្រើប្រាស់អាវុធដោយខុសច្បាប់ នៅតាមដងផ្លូវសាធារណៈ និងតាមកន្លែងមួយចំនួន។

លោកអភិបាលខេត្ត បានបន្តទៀតថា បញ្ហាទាំងនេះត្រូវតែបន្តស្រាវជ្រាវ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា ដោយបន្តចុះធ្វើសកម្មភាពល្បាត ដើម្បីស្វែងរកអ្នកដែលប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវធ្វើដូចភ្លៀងរលឹម ដើម្បីគ្រប់គ្រងអ្នកប៉ុនប៉ងប្រព្រឹត្តអំពើមិនគប្បី ដោយការប្រើប្រាស់អាវុធ និងធ្វើសកម្មភាពចាប់ជំរិត និងបង្ខាំងមនុស្សដោយខុសច្បាប់នៅក្នុងក្រុងរបស់យើង ដើម្បីសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។

យោងតាមរបាយការណ៍បឋម របស់ស្នងការដ្ឋាននគរបាលខេត្ត កាលពីវេលាម៉ោង ០០ និង៥០នាទីរំលងអធ្រាត្រ ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ នៅចំណុចមុខសណ្ឋាគារ ៥២០ ស្ថិតក្នុងភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណី ផ្ទុះអាវុធមួយកើតឡើង បង្កដោយមនុស្សមួយក្រុមមានគ្នាចំនួន ៦នាក់ ជនជាតិខ្មែរ ១នាក់ ជាអ្នកបើកបររថយន្តនិងជនជាតិចិន ៥នាក់ជាមិត្តភ័ក្ត្រគ្នា (ទើបស្គាល់គ្នា)។

តាមការបំភ្លឺរបស់អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើជនរងគ្រោះ និងជនសង្ស័យបានជិះរថយន្តជាមួយគ្នាចេញពីផឹកស៊ី មកដល់ចំណុចខាងលើ ក៏បានបង្កជំលោះគ្នា ដោយជនសង្ស័យចំនួន ៣នាក់ បានធ្វើសកម្មភាពយកអាវុធខ្លី និងកាំបិតគំរាមជនរងគ្រោះចំនួន ៣នាក់ផ្សេងទៀត។ ឃើញដូច្នេះអ្នកបើកបរជនជាតិខ្មែរ បានរត់ចេញក្រៅរថយន្តស្រែកឲ្យគេជួយ ស្រាប់តែជនសង្ស័យ ៣នាក់ ដែលជិះខាងក្រោយចាប់គ្រៀកជនរងគ្រោះ ១នាក់ទៀត និងបានប្រតាយប្រតប់គ្នា ដោយជនរងគ្រោះត្រូវបានជនសង្ស័យចាក់ ១កាំបិតចំពោះ ហើយជនរងគ្រោះខំរុញទ្វាររថយន្តលោតចេញក្រៅ ក៏ត្រូវជនសង្ស័យបាញ់ ១គ្រាប់ចំក្បាលស្លាប់ក្បែររថយន្តតែម្តង។

ចំណែកជនរងគ្រោះ ១នាក់ ផ្សេងទៀត ដែលជិះនៅខាងមុខ ត្រូវបានក្រុមជនសង្ស័យទាំង ៣នាក់ចាប់ខ្លួនយកទៅជាមួយរថយន្តរបស់ជនរងគ្រោះ ដែលជាមធ្យោបាយរត់គេចខ្លួនផងដែរ។
ភ្លាមនោះកម្លាំងរថយន្តល្បាតកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលកំពុងជិះល្បាតនៅក្បែរម្តុំនោះបានទទួលព័ត៌មាន បានជិះដេញប្រកិតតាមរថយន្ត ដែលជនសង្ស័យបើករត់គេចខ្លួន ហើយក្រុមជនសង្ស័យបានធ្វើការបាញ់មកលើសមត្ថកិច្ចយើងទៅវិញទៅមកជាច្រើនគ្រាប់។ កម្លាំងសមត្ថកិច្ចយើង បន្តដេញតាមដោយមានការបន្ថែមកម្លាំងជំនាញ ពីស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានតាមរហូតដល់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧-១៨៨ ស្ថិតក្នុងភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយរថយន្តរបស់ជនសង្ស័យបើកបរក្នុងល្បឿនលឿន បានបើករេចង្កូតធ្លាក់ផ្លូវ និងបានបុកបង្គោលភ្លើងថ្ម។
ខណៈនោះកម្លាំងសមត្ថកិច្ច បានចូលទៅព័ទ្ធរថយន្ត បង្កឲ្យមានការផ្ទុះអាវុធជាច្រើនគ្រាប់ ហើយរំដោះបានជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិចិន (ដោយគាត់បានលូនចេញពីក្នុងរថយន្ត លើកដៃក្រាបក្បែររថយន្តដោយដៃមានជាប់ខ្នោះ។ ដោយជនរងគ្រោះ និងជនសង្ស័យ ៣នាក់ផ្សេងទៀតរបួសធ្ងន់ធ្ងរ កម្លាំងសមត្ថកិច្ច បានបញ្ជូនជនរងគ្រោះ ១នាក់ និងជនសង្ស័យ ១នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ចំណែកជនសង្ស័យ ២នាក់ទៀតបានស្លាប់នៅកន្លែង។ ក្នុងនោះ ជនសង្ស័យ ១នាក់ ដែលបញ្ជូនទៅសង្គ្រោះ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ជនរងគ្រោះ មានចំនួន ៣នាក់៖-ជនជាតិ ខ្មែរ ១ នាក់ ប្រុស (ជាអ្នកបើកបរ)-ជនជាតិចិន ២ នាក់ ប្រុស (ស្លាប់នៅកន្លែងកើតហេតុ ១នាក់ និងរបួសធ្ងន់ ១នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ)។ ដោយឡែកជនសង្ស័យមានចំនួន ៣នាក់ ជាជនជាតិចិន ស្លាប់ទាំង ៣នាក់។ ករណីខាងលើនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងធ្វើការស្រាវជ្រាវបន្ត។
លោក គួច ចំរើន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខិតខំបំពេញ ការងារក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអ្នកវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសក្នុងការបង្ការ បង្ក្រាបនូវរាល់បទល្មើសបានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា «ក្នុងក្របខណ្ឌគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការណែនាំដល់កងកម្លាំងសមត្ថកិច្ច ត្រូវប្រុងប្រយ័ត្នជាប់ជាប្រចាំ ព្រោះជនល្មើសតែងតែមានអាវុធ ដូច្នេះយើងត្រូវតែចេះការពារខ្លួនឲ្យបានល្អ»៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ឃ្លិប ២០ ឆ្នាំមុន ទស្សនិកជនស្ទើរមិនជឿថា ជាតារាស្រី ៣ ដួងកំពុងល្បីល្បាញសព្វថ្ងៃនេះ
-
កីឡា៦ ថ្ងៃ មុន
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
រោងចក្រផលិតស្បែកជើងដ៏ធំមួយ រើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា
-
ជីវិតកម្សាន្ដ១ ថ្ងៃ មុន
តារាសម្ដែងសិង្ហបុរី ទម្លាយថា មានវិញ្ញាណខ្មោចតាមដល់ផ្ទះ ក្រោយថតភាពយន្តនៅកម្ពុជា