Connect with us

ព័ត៌មានជាតិ

សហរដ្ឋអាមេរិកជួយពង្រឹងធនធានជលផល តាម​រយៈការកសាងផ្លូវត្រីថ្មី

បានផុស

នៅ

ទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID)​ បានសាងសង់ផ្លូវត្រីថ្មីចំនួនពីរ ដែលនឹងជួយឱ្យត្រីនិង​បណ្តា​សត្វនិង​រុក្ខជាតិក្នុងទឹកផ្សេងទៀតនៅកម្ពុជា អាចធ្វើដំណើរឡើងទៅផ្នែកខាងលើនៃទន្លេ ដោយវាងចេញពីប្រព័ន្ធធារាសាស្ត្រនានា​​ ដែលនាំឲ្យបរិមាណត្រី​សម្រាប់សហគមន៍​ក្នុងខេត្ត​ពោធិ៍​សាត់​មានការកើនឡើង។

ផ្លូវត្រីដែលបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ​​បានភ្ជាប់ត្រី​ទៅនឹងទី​ជម្រក​ដ៏សំខាន់​សម្រាប់វដ្តជីវិតរបស់វា។ ផ្លូវត្រីទាំងនេះក៏បង្ហាញឲ្យឃើញផងដែរថា ជណ្តើរត្រីខ្នាតតូច ​គឺជាដំណោះស្រាយដែលយើងអាចធ្វើបាននិងធូរថ្លៃ ដើម្បីឆ្លើយតបទៅនឹងការថយចុះនៃចំនួនត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Rebecca Black នាយកបេសកកម្មស្តីទីនៃទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៍មានចុះថ្ងៃទី ៣០ សីហាថា៖ “ត្រីដែលនេសាទបានក្នុងស្រុក គឺជាប្រភព​អាហារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាជាច្រើន។ តាមរយៈការការពារចំនួនត្រីនិង​ទីជម្រក​របស់វា យើងសង្ឃឹមថា ផ្លូវត្រីទាំងនេះក៏នឹងរួមចំណែកដ៏​សំខាន់ដល់ការ​ធ្វើឲ្យប្រសើរឡើងដល់សុខភាព​សហគមន៍ ដែលពឹងផ្អែកលើការនេសាទត្រីផងដែរ”។

ផ្លូវត្រីថ្មីនៅខេត្តពោធិ៍សាត់ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម​ជណ្តើរត្រីថ្នាក់តំបន់​ (Fish Passage Initiative) ដែលសហការជាមួយរដ្ឋបាលជលផលកម្ពុជា គណៈកម្មការទន្លេមេគង្គ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជលផល​អាស៊ីអាគ្នេយ៍ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវ​កសិកម្មអន្តរជាតិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​របស់​ប្រទេស​ជប៉ុន​។ គំនិតផ្តួចផ្តើមដែលមានរយៈពេលប្រាំឆ្នាំ ដែលជាផ្នែកមួយនៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាតសម្រាប់ទន្លេមេគង្គ (USAID Smart Infrastructure for the Mekong) បានជួយដល់បណ្តាប្រទេសទន្លេមេគង្គក្រោម ​ក្នុងការរៀប​ចំសារពើភ័ណ្ឌនិងកំណត់អាទិភាពនៃឧបសគ្គចំពោះជណ្តើរត្រី ការបណ្តុះបណ្តាលអំពីការ​កសាងជណ្តើរត្រី ព្រមទាំងការសម្របសម្រួលរវាងនាយកដ្ឋានធារាសាស្ត្រ និងនាយកដ្ឋានជលផលទូទាំងតំបន់មេគង្គក្រោម ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន។

រដ្ឋបាលជលផលកម្ពុជា បានសហការជាមួយទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុងការសាងសង់ផ្លូវត្រីបង្ហាញចំនួនពីរ ក្នុងឆ្នាំ ២០១៩ និង ២០២១។ តាមការតាមដានទីតាំងទាំងពីរនេះ​បាន​បង្ហាញ​ថា មានត្រីជាង​មួយលានក្បាល ត្រូវជា​ជាង​១០០ ប្រភេទពូជត្រី ​បានឆ្លងកាត់ផ្លូវត្រីនេះ ដើម្បីទៅកាន់ទីជម្រករបស់វាដែលមិន​អាចទៅ​ដល់កាលពីមុន ដែលមានចង្ងាញជាង ២០០០ គីឡូម៉ែត្រ។

ទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការដៃគូ បានចុះទៅពិនិត្យផ្លូវត្រីដែល​ទើបសាងសង់​ថ្មីកាល​ពីថ្ងៃទី ២៩ ខែសីហា ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍របស់គម្រោង ជាមួយ​ថ្នាក់ដឹកនាំមូលដ្ឋាន​និងជំរុញ​ការ​​អភិវឌ្ឍផែនការទូលំទូលាយ​សម្រាប់ផ្លូវត្រីទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់។

គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID និងក្រសួងមហាផ្ទៃរបស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម