ព័ត៌មានជាតិ
ស្ត្រីឆ្នើម ៤រូប នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា
ស្រ្តី៤រូប ដែលសុទ្ធតែជាស្ត្រីឆ្នើម មានតួនាទីសំខាន់ក្នុងវិស័យផ្សេងៗ និងបានបំពេញការងាររបស់ខ្លួនបានល្អ និងមានភាពរីកចម្រើនមិនចាញ់បុរសឡើយ។ ស្រ្តីខ្លាំងទាំង ៤រូបនោះ សុទ្ធសឹងតែបានបញ្ចប់ការសិក្សានៅបរទេស និងមានបទពិសោធជាច្រើន ព្រមទាំងត្រឡប់មកវិញ ចូលបម្រើក្នុងវិស័យផ្សេងៗ មានឋានៈតួនាទីខ្ពស់ បានលើកស្ទួយវិស័យ យេនឌ័រនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។ ខាងក្រោមនេះជាស្ត្រីខ្លាំង ៤រូប ដែលមានមុខតំណែង និងតួនាទីខ្ពស់ក្នុងប្រទេសកម្ពុជា៖
១.លោកស្រី ម៉ែន សំអន

លោកស្រី ម៉ែន សំអន គឺជាស្រ្តីខ្លាំងមួយរូបដែលមានស្រុកកំណើតស្ថិតនៅខេត្តស្វាយរៀង ហើយក៏មានឋានៈតួនាទីខ្ពស់ក្នុងជួររដ្ឋាភិបាលទៀតផង។ លោកស្រីមានឋានៈជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ លោកស្រី ម៉ែន សំអន ក៏ជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានរបស់គណបក្សប្រជាជនផងដែរ។
ក្រៅពីមានតួនាទីក្នុងជួររដ្ឋាភិបាល លោកស្រី ក៏មានតួនាទីជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ (CWPD) ដែលផ្តោតលើការលើកកម្ពស់ស្ថានភាពរបស់ស្រ្តីនៅកម្ពុជា ដោយផ្តល់សិទ្ធិអំណាចភាពជាអ្នកដឹកនាំ និងជាម្ចាស់ការលើខ្លួនឯង។
២.លោកស្រី អ៉ឹង កន្ថាផាវី

លោកស្រី ធ្លាប់បម្រើការជារដ្ឋលេខាធិការក្រសួងកិច្ចការនារីរយៈពេល៥ឆ្នាំ ។ បន្ទាប់មក នៅឆ្នាំ ២០០៤ អ្នកស្រីត្រូវបានតែងតាំងជារដ្ឋមន្តី្រក្រសួងកិច្ចការនារី។ ក្រៅពីតំណែងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អ៉ឹង កន្ថាផាវី ក៏ជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីដូចគ្នា។
ក្រោមការដឹកនាំក្នុងក្រសួងកិច្ចការនារី លោកស្រីក៏បានសម្រេចនូវសមិទ្ធផលជាច្រើនដូចជា ធ្វើសមាហរណកម្មវិធានការសមភាពយេនឌ័រទៅក្នុងច្បាប់សំខាន់ៗមាន ច្បាប់ភូមិបាល ច្បាប់សេរីរាង្គវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងច្បាប់ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើហិង្សាលើស្រ្តី ដូចជា ច្បាប់ជួញដូរមនុស្ស និងច្បាប់ជាច្រើនទៀត។ លោកស្រី អ៉ឹង កន្ថាផាវី ក៏បានធ្វើការតស៊ូមតិចំពោះបញ្ហាយេនឌ័រក្នុងកំណែទម្រង់រដ្ឋ ព្រមទាំងលើកកម្ពស់ការពង្រឹងសេដ្ឋកិច្ចរបស់ស្រ្តី និងតួនាទីធ្វើការសម្រេចចិត្ត។
៣.លោកស្រី ភឿង សកុណា

ស្រ្តីឆ្នើមមួយរូបទៀតក្នុងវិស័យវប្បធម៌ គឺលោកស្រី ភឿង សកុណា ដែលមានឋានៈជា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកស្រី ភឿង សកុណា ធ្លាប់ជានិស្សិតពូកែមួយរូប ដែលទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិស្វករគីមីឧស្សាហកម្ម នៅប្រទេសរុស្ស៊ីរយៈពេល៦ឆ្នាំ។
ក្រោយមកនៅឆ្នាំ ១៩៩៧ លោកស្រីបានបន្តការសិក្សានៅប្រទេសបារាំង ហើយឆ្នាំ២០០២ លោកស្រីក៏ទទួលបានបរិញ្ញាបត្រថ្នាក់បណ្ឌិត ផ្នែកសុវត្ថិភាពចំណីអាហារ។ ក្រោយពីបញ្ចប់ការសិក្សានៅបរទេស លោកស្រីក៏ត្រឡប់មកវិញ បម្រើការនៅក្នុងក្រសួងឧស្សាហកម្ម។ ដោយចិត្តស្រឡាញ់ការបង្រៀន លោកស្រីក៏បានចូលបង្រៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មុខជំនាញ រូបវិទ្យា គីមីវិទ្យា និងមីក្រូជីវវិទ្យា។ បន្ទាប់មក មិនយូរប៉ុន្មាន លោកស្រីក៏បានក្លាយជានាយិការនៅទីនោះ ក្នុងឆ្នាំ២០០៤។
ដោយឡែក នៅឆ្នាំ២០០៨ លោកស្រី ភឿង សកុណា ទទួលបានតួនាទីជារដ្ឋលេខាធិការ ក្រសួងយុវជន និងកីឡា ហើយឆ្នាំ២០១៣ លោកស្រីបានក្លាយជារដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
៤.លោកស្រី ឱ វណ្ណឌីន

នៅក្នុងវិស័យសុខាភិបាលវិញ គឺកម្ពុជាមានស្ត្រីឆ្នើមមួយរូប លោកស្រី ឱ វណ្ណឌីន ដែលជារដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា។ លោកស្រី មានដើមកំណើតនៅរាជធានីភ្នំពេញ ហើយជាអតីតសិស្សវិទ្យាល័យ ព្រះស៊ីសុវត្ថិ ព្រមទាំងបានបញ្ចប់ ការសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្រ្ត។ លោកស្រី ក៏បានជាប់អាហាររូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក ផ្នែកសុខភាពសាធារណៈ ដែលមានលើកដំបូងនៅកម្ពុជា។ កំលុងពេលនោះក៏មានតែលោកស្រីម្នាក់ប៉ុណ្ណោះ ដែលជាស្រ្តីខ្មែរបានជាប់អាហារូបករណ៍នោះ។
ក្នុងកំលុងពេលវិបត្តិកូវីដ-១៩ លោកស្រី ឱ វណ្ណឌីន បានស្វះស្វែងចាត់នូវចំណាត់ការផ្សេងៗ ជាមួយរដ្ឋាភិបាល ដើម្បីឱ្យកម្ពុជាមានភាពធូរស្រាល និងស្រោចស្រង់ប្រទេសបានក្នុងរយៈពេលប៉ុន្មានឆ្នាំនៃវិបត្តិកូវីដនេះ៕
ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា