Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ខ្ញុំ​មិន​អត់​អោន​ឲ្យ​អ្នក​ប្រមាថ​ប្រពន្ធ​កូន​របស់ខ្ញុំ​ជា​ដាច់​ខាត ខ្ញុំ​សុខចិត្ត​ដាច់​ក្បាល !

បានផុស

នៅ

ការ​បញ្ជាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឡើង​តាមរយៈ​សារ​ពិសេស ដែល​ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទូរទស្សន៍​នានា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ នេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ប្រពន្ធ​ខ្ញុំ ទៅជា​ប្រពន្ធ​របស់​មេដឹកនាំ​វៀតណាម កូនប្រុស​ខ្ញុំ ទៅជា​កូនប្រុស​របស់​វៀតណាម ដូច្នេះ​ខ្ញុំ​ក៏​ចេះ​ខឹង​ដែរ​។ ការប្រមាថ​នេះ គឺ​មិនអាច​ទទួលយក​បានទេ ខ្ញុំ​សុខចិត្ត​ដាច់​ក្បាល ក៏​សុខចិត្ត​ដែរ​។ ក្នុង​រឿង​នេះ ជនបរទេស​ទាំងឡាយ​ត្រូវ​ចេះ​ស្ដាប់​ភាសា​ខ្មែរ យកទៅ​បកប្រែ​។ ហេតុអ្វី​បានជា​ប្រពន្ធ​របស់ខ្ញុំ​ក្លាយទៅជា​ប្រពន្ធ​របស់​មេដឹកនាំ​បរទេស កូនប្រុស​បង្កើត​របស់​ខ្ញុំ ដែល​កំសត់​កម្រ នៅក្នុង​គុក​របស់​អាពត ក្លាយទៅជា​កូន​របស់​វៀតណាម ? អ្នកឯង​ត្រូវ​យល់ ! រឿង​ហ្នឹង​មួយ​ខ្ញុំ​មិនអាច​អត់ឱន​ឲ្យ​បានទេ ដាច់ខាត​ហើយ ទោះបី​ផែនដី​ត្រូវ​រលាយ​ក៏​រលាយ​ទៅ អញ្ចឹង​អ្នកឯង​មិនអាច​ត្រូវ​ជាមួយ​ខ្ញុំ​បានទេ​។ មុននេះ​មាន​អាម្នាក់​បាន​បោក​ខ្ញុំ​ថា នឹងធ្វើ​សេចក្តីថ្លែងការណ៍ ថ្កោលទោស តែ​ទីបំផុត​អត់​ធ្វើ​”​។

បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន “​រឿង​ហ្នឹង​មួយ គឺ​ដាច់ខាត​ហើយ ខ្ញុំ​ដាច់ខាត បើ​ខ្ញុំ​មិន​ការពារ កូន​ខ្លួនឯង មិន​ការពារ​ប្រពន្ធ​ខ្លួនឯង ខ្ញុំ​ស្មើនឹង​សត្វ និយាយ​គ្នា​ឲ្យ​ច្បាស់​។ អ្នកឯង​ចេះ​ខឹង​ទេ បើ​គេ​ចោទថា ប្រពន្ធ​របស់​លោក​ឯង ជា​សា​ហាយ​របស់​អ្នកនេះ ជា​សា​ហាយ​របស់​អ្នកនោះ ជា​អតីត​សង្សារ​របស់​អ្នកនេះ ជា​អតីត​សង្សារ​របស់​អ្នកនោះ អ្នកឯង​ខឹង​ទេ ខ្ញុំ​ជាម​នុស្ស​ដែរ ខ្ញុំ​ចេះ​ខឹង​។

ប្រពន្ធ​ខ្ញុំ​កំសត់​ណាស់ ស្លាប់​កូន​មួយ​ហើយ មានកូន​មួយទៀត​បាន​៥ ខែ ប្ដី​ចែក​ចេញទៅ​តស៊ូ នៅពេល​ជួប​ឡើងវិញ​កូន​ហៅ​ពូ​២​ខែ​។ ខ្ញុំ​មិន​អត់ឱន​ឲ្យ​ដាច់ខាត​ហើយ មិត្ត​ភក្តិ​បរទេស​ទាំងឡាយ​កុំមក​ឡូកឡំ​លើ​រឿងនេះ​។ រឿងនេះ​មិនមែន​រឿង​នយោបាយ​ទេ ជា​រឿង​ផ្ទាល់ខ្លួន ប៉ុន្តែ​រឿង​ផ្ទាល់ខ្លួន​នេះ វា​ពាក់ព័ន្ធ​ទៅនឹង​រឿង​នយោបាយ ខ្ញុំ​សុខចិត្ត​កាត់​ដៃ​ខ្លួនឯង បើ​ខ្ញុំ​លើកលែង​ឱ្យ​អា​អ្នក​ប្រមាថ​ប្រពន្ធ និង​កូន​របស់ខ្ញុំ​”​។

សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង​ទៀតថា “​ខ្ញុំ​មាន​ចៅ ប៉ុន្តែ​ខ្ញុំ​មិន​នឹក​ស្មាន​ថា សារធាតុ​ពួកនេះ អាច​ធ្វើ​បែបនេះ​ទៅរួច ការប្រមាថ​ប្រពន្ធ និង​កូន​របស់ខ្ញុំ ខ្ញុំ​បញ្ជាក់​ហើយ​បញ្ជា​ក់ទៀត ឱ្យ​ជនបរទេស​ស្ដាប់​ឱ្យបាន​។ ការប្រមាថ​មួយ​នេះ ខ្ញុំ​មិន​អត់ឱន​ឱ្យ​ទេ មិនអាច​យោគយល់​បាន មិនអាច​ទទួល​បាន​។ ភាសា​បី​នេះ​ខុសៗ​គ្នា ភាសា​មិនអាច​អត់ឱន​ឲ្យ​បាន មានន័យថា​ចប់​ហើយ​។ មិនអាច​រកឃើញ​នូវ​ការយោគយល់​ណាមួយ​បានទេ មាន​មួយ​អត់​មួយ​ចឹ​ង​ហ្មង​។ រឿងនេះ​ជា​រឿង​ធំ​សម្រាប់​ជីវិត​របស់ខ្ញុំ ព្រោះ​កំសត់​ពេក​ហើយ យក​ជីវិត​ទៅ​ប្ដូរ​ធ្វើ​ដើមទុន ដើម្បី​រំដោះ​ខ្មែរ​ចេញពី​របប​ប៉ុលពត យក​ជីវិត​ទៅ​ប្ដូរ​ដើម្បី​សន្តិភាព​សម្រាប់​ខ្មែរ​សម្រាប់​ប្រទេស​”​។

សូម​បញ្ជាក់​ថា ការប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អំពី​ការមិន​អត់​អោន​ឲ្យ​អ្នក​ប្រមាថ​ប្រពន្ធ​កូន​របស់​សម្តេច​នេះ សម្តេច​មិនបាន​បញ្ជាក់​ចំឈ្មោះ​ទេ ប៉ុន្តែ​បើទោះបីជា​មិនបាន​បញ្ជាក់​ចំឈ្មោះ​ក៏ដោយ គេ​នៅ​ចាំបាន​ថា លោក សម រង្ស៊ី អតីត​មេដឹកនាំ​បក្សប្រឆាំង គឺជា​អ្នក​និយាយ​ពី​រឿងនេះ ហើយ​ត្រូវបាន​ទំលាយ​ដោយ​លោក ម៉ៅ មុនី​វណ្ណ អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៕
ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម