Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

បានផុស

នៅ

ប្រទេសវៀតណាមបានសម្តែង​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង បន្ទាប់​ពីមាន​ការ​ប៉ះ​ទង្គិច​គ្នាចុង​ក្រោយ​រវាង​ហ្វីលីពីន និង​ចិន ខណៈវៀតណាម​ក៏​កំពុង​ទាមទារ​ចំំណែកមួយចំនួន​ក្នុងដែនទឹកមួយនេះផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK កាលពីថ្ងៃទី៣០ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យស្ដីទីរបស់ក្រសួងការបរទេសវៀតណាមលោក Nguyen Duc Thang បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធមានការអត់ធ្មត់ រក្សាភាពស្ងៀមស្ងាត់ ជួយរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង ក៏ដូចជាការអំពាវនាវឲ្យភាគីទាំងពីរដោះស្រាយជម្លោះដោយសន្តិវិធី ។

ការលើកឡើងរបស់អ្នកនាំពាក្យស្ដីទីក្រសួងការបរទេសវៀតណាមកើតមានឡើង ស្របពេលដែលការប៉ះទង្គិចគ្នារវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល ត្រូវបានគេមើលឃើញថា នឹងប៉ះពាល់ដល់កិច្ចពិភាក្សាក្នុងចំណោមប្រទេសក្នុងតំបន់ ស្តីពីការបង្កើតសន្តិភាពនៅដែនសមុទ្រ ។

រដ្ឋាភិបាលទីក្រុងហាណូយ​ក៏​មាន​ជម្លោះដែន​ទឹក​ជាមួយចិនផងដែរ ខណៈដែលទីក្រុងប៉េកាំងទាមទារ​ស្ទើរតែ​ទាំងអស់​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ។ តែបើយោងតាមក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា វៀតណាមចង់បញ្ចៀសការលូកដៃក្នុងជម្លោះជាមួយចិន ស្របពេលដែលវៀតណាមក៏រក្សាការទាមទារអធិបតេយ្យភាពរបស់ខ្លួននៅក្នុងដែនទឹកនេះផងដែរ ។

គួររំឭកថា ចិន និងហ្វីលីពីនតែងតែប៉ះគ្នាជាញឹកញាប់ ជាពិសេសរឿងហេតុកើតឡើងកាលពីសប្ដាហ៍មុននៅជិតតំបន់ប៉ប្រះទឹក Second Thomas Shoal ដែលនាវាឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹកទៅលើនាវាផ្គត់ផ្គង់ហ្វីលីពីនបណ្តាលឲ្យខូចខាត និងរបួសនាវិក ៣ នាក់ ខណៈហេតុការណ៍នេះហើយទើបបង្កឲ្យជម្លោះនៅសមុទ្រចិនខាងត្បូងកាន់តែក្ដៅគគុក ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម