ព័ត៌មានជាតិ
ពលរដ្ឋនិងអាជ្ញាធរអប្សរាប៉ះគ្នាមួយប៉្រាវ ករណីបាញ់សត្វស្វានៅតំបន់អង្គរ
សៀមរាប ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរអប្សរានិងកម្លាំងរដ្ឋបាលព្រៃឈើ បានចុះទៅប្រមូលសត្វស្វានៅតំបន់ឧទ្យានអង្គរដោយលើកឡើងថា សត្វស្វាទាំងនេះធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ។ ប៉ុន្តែនៅក្នុងប្រតិបត្តិការនោះបានប៉ះទង្គិចគ្នាមួយប៉្រាវ រវាងអាជ្ញាធរនិងពលរដ្ឋ គឺដោយសារតែអាជ្ញាធរបានបាញ់(ខ្វះបច្ចេកទេស)ទម្លាក់សត្វស្វា ពីលើចុងឈើងាប់អស់២ក្បាល។

បើយោងតាមផេកផ្លូវការរបស់អាជ្ញាធរអប្សរា បានឲ្យដឹងកាលពីថ្ងៃទី២៨ម្សិលមិញនេះថា ហ្វូងសត្វស្វាកាចៗមួយចំនួនដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។ តាមរយៈនេះ សត្វស្វាទាំងនោះបានចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ។ ក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ លើសពីនេះ សត្វស្វាក៏បានបង្កហានិភ័យដល់ប្រាង្គប្រាសាទដូចជា រុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។ ប្រការនេះចាំបាច់ត្រូវយកចេញដើម្បីបញ្ជៀសបញ្ហាផ្សេងៗនាពេលអនាគត។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការចាប់យកសត្វស្វាកាចៗទាំងនោះ ចេញពីតំបន់អង្គរទៅធ្វើចត្តាឡីស័កមុននឹងប្រលែងចូលព្រៃធម្មជាតិផ្សេងទៀតក្រៅពីឧទ្យានអង្គរ។ តាមគម្រោង ការងារនេះនឹងចាប់ផ្តើមពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នាប្រាសាទបាយ័ន។ ការងារនេះមានកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ដែលមានមន្ត្រីជំនាញក្នុងការធានាថា ការចាប់សត្វស្វាចេញពីតំបន់អង្គរមានសុវត្ថិភាពខ្ពស់។

ជុំវិញករណីនេះដែរ អ្នកនាំពាក្យអាជ្ញាធរអប្សរា បានប្រាប់អ្នកកាសែតថា នៅថ្ងៃនេះអាជ្ញាធរចាប់សត្វស្វាបានចំនួន១៦ក្បាល ហើយនឹងត្រូវយកទៅធ្វើចត្តាឡីស័កសិន ទើបត្រូវយកទៅប្រលែងនៅតំបន់រមណីយដ្ឋានភ្នំតាម៉ៅ។
ទោះបីជាអាជ្ញាធរបានអះអាងយ៉ាងនេះក្តី ក្រុមពលរដ្ឋនិងអ្នកនិយមថតរូបសត្វស្វាបង្ហោះក្នុងយូធូប(YOUTUBE)នៅតំបន់អង្គរ ប្រមាណជិត១០០នាក់បានសម្តែងការមិនសប្បាយចិត្តដោយការបាញ់ប្រហារសត្វស្វាដោយខ្វះបច្ចេកទេសបែបនេះនោះទេ។ ក្នុងករណីនេះពួកគាត់ស្នើឲ្យអាជ្ញាធរចាប់តែស្វាដែលកាចៗបានហើយ។ ចំណែកលោកឡៃ សុឈុន អ្នកថតរូបនៅតំបន់អង្គរបានឲ្យដឹងថា គាត់មានការអាណិតសត្វស្វាទាំងនេះខ្លាំងណាស់ នៅពេលដែលឃើញអាជ្ញាធរ បានបាញ់សត្វស្វាទាំងកំរោលបែបនេះ។

លោកបន្តថា អាជ្ញាធរគួរមានអ្វីត្រងស្វាទាំងនេះនៅពេលបាញ់ទម្លាក់ ព្រោះពេលបាញ់ធ្លាក់ពីលើចុងឈើ បានធ្លាក់មកចំដុំថ្មបណ្តាលឲ្យស្លាប់អស់ចំនួន២ក្បាល។ លោកបន្ថែមថា តាមពិតទៅសត្វស្វាកាចគឺមិនមែនស្វាដែលធ្លាប់រស់នៅតំបន់អង្គរនោះទេ គឺជាស្វាដែលពលរដ្ឋយកមកប្រលែង ហើយស្វាទាំងនោះមានទម្លាប់មិនល្អដូចស្វានៅតំបន់អង្គរ នោះទេ។

លោកបន្ថែមថា បើអាជ្ញាធរចាប់ក៏ចាប់ចុះ តែក៏ត្រូវមើលថា តើជាស្វាកាច ឬ ជាស្វាស្លូតដែរ មិនមកចាប់តាមការនឹកឃើញនោះទេ។ លោកបញ្ជាក់ថា សូមបដិសេធទាំងស្រុងចំពោះអាជ្ញាធរអប្សរា ដែលលើកឡើងថា ស្វាកាចគឺដោយសារតែក្រុមពួកគាត់អ្នកថតរូប។ផ្ទុយទៅវិញពួកគាត់តែងតែ ផ្តល់ចំណី ,ដោះអន្ទាក់និងពេលឈឺតែហៅអង្គការសត្វព្រៃមកពិនិត្យមើលផងដែរ។
លោកបញ្ជាក់ថា កន្លងទៅក៏មានចោរលួចទាក់ស្វា ហើយពួកគាត់ក៏រាយការណ៍ជូនសមត្ថកិច្ចដែរ។ ចុងក្រោយនេះលោកបានស្នើឲ្យ អាជ្ញាធរចាប់សត្វស្វាកាចៗបានហើយ រីឯស្វាស្លូតគួរទុកនៅដដែល ព្រោះសត្វស្វាទាំងនេះវាបានមករស់នៅតាំងពីដូនតាមកម្លេះ ហើយនៅក្នុងរូបចម្លាក់ប្រាង្គប្រាសាទក៏មានឆ្លាក់ផងដែរ៕
ដោយ ៖ កុសល

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


