ព័ត៌មានជាតិ
កម្ពុជាស្នើឱ្យអាល្លឺម៉ង់ជួយលើគម្រោងសុខាភិបាលធំៗថ្មីចំនួនពីរបន្ថែមទៀត
កម្ពុជាបានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ជួយលើគម្រោងវិស័យសុខាភិបាលធំៗថ្មីចំនួនពីរបន្ថែមទៀតដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងកិច្ចពិភាក្សាទ្វេភាគី លើវិស័យសុខាភិបាលរវាងក្រសួងសុខាភិបាលកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់កាលពីរសៀលថ្ងៃទី១៧ ខែតុលា នៅទីស្តីការក្រសួង លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលបានដាក់ស្នើសុំគម្រោងទៅភាគីអាល្លឺម៉ង់ចំនួនពីរគម្រោងរួចហើយ គឺគម្រោងគាំពារសុខភាពសង្គម ជាជំនួយបច្ចេកទេស និងគម្រោងសុខភាពតែមួយ (One health) ជាជំនួយហិរញ្ញប្បទានឥតសំណង តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកស្រីបានថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងតាមរយៈអង្គការ GIZ (ជីអាយហ្ស៊ិត) ដែលបានជួយកម្ពុជាតាំងពីឆ្នាំ១៩៩៤ លើការកសាងសមត្ថភាពមន្រ្តីសុខាភិបាល និងកម្មវិធីគាំពារសុខភាពសង្គមនៅខេត្តកំពង់ធំ កំពត និងកែប ព្រមទាំងធនាគារអភិវឌ្ឍអាល្លឺម៉ង់(KfW)។
លោក Udo Weber ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហព័ន្ធនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល ដែលបានសហការសម្របសម្រួល និងគាំទ្រអង្គការជាដៃគូរបស់អាល្លឺម៉ង់ក្នុងការអនុវត្តគម្រោងនានា ជាពិសេសគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល។

នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហការបន្ត ជាពិសេសទៅលើគម្រោងពីរគឺ គម្រោងគាំពារសុខភាពសង្គម និងគម្រោងសុខភាពតែមួយ (One health) ដែលនឹងត្រូវដាក់ចូលក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចពិភាក្សាទ្វេភាគីបានបញ្ចប់ដោយលទ្ធផលគួរជាទីមោទនៈក្នុងស្មារតីសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


