Connect with us

ព័ត៌មានជាតិ

ទីម័រឡេស្ដេ​សម្ដែងការ​ដឹងគុណ​ចំពោះកម្ពុជា ​សម្រាប់ការគាំទ្រ​ឥត​ងាករេ​ ក្នុងការ​អនុញ្ញា​ឲ្យ​ចូល​ជា​សមាជិកទី១១​ នៃអាស៊ាន

បានផុស

នៅ

រដ្ឋាភិបាល​ទីម័រឡេស្ដេ​ បានចេញសេចក្តីថ្លែងការណ៍ សម្ដែងភាព​រីករាយ​ចំពោះការសម្រេច​គោលការណ៍​របស់មេដឹកនាំអាស៊ាន​ ជាពិសេសកម្ពុជា ដែល​គាំទ្រឥតងាករេ ក្នុង​ការ​អនុញ្ញាត​ឲ្យ​ទីម័រឡេស្ដេ​ចូលជាសមាជិកអាស៊ានទី១១ ហើយប្ដេជ្ញា​អនុវត្ត​ដើម្បីក្លាយជា​សមាជិក​អាស៊ានពេញសិទ្ធិឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍​បានឲ្យដឹងថា រដ្ឋាភិបាល​ទី​ម័​រ​ឡេ​ស្តេ បានប្រកាស​ស្វាគមន៍​ចំពោះ សេចក្តីថ្លែងការណ៍​រប​ស់​ប្រមុខ​ដឹកនាំ​អាស៊ាន​ស្តីពី​ការស្នើ​សុំចូល​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ឡេ​ស្ដេ​រ ដែល​បានប្រកាស​ទទួលយក​ទី​ម័​រ​ឡេ​ស្តេ​ជា​សមាជិក​ទី​១១ របស់​អាស៊ាន និង​ទន្ទឹងរង់ចាំ​ធ្វើ​កិច្ចសហការ​ជាមួយ​ប្រធាន​អាស៊ាន​ឆ្នាំក្រោយ គឺ​ប្រទេស​ឥណ្ឌូនេស៊ី​។​

«​យើង​សូម​សំដែង​នូវ​ក្តី​រីករាយ ក្នុង​ការបន្ត​ធ្វើការ និង​កិច្ចសហការ​នានា​ជាមួយ ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន និង​លេខាធិការដ្ឋាន​អាស៊ាន ឆ្ពោះទៅកាន់​ការរៀបចំ​ផែនទី​បង្ហាញផ្លូវ ក៏ដូចជា​ការ ត្រៀមលក្ខណៈ​ចូល​ជា​សមាជិក​ពេញ​សិទ្ធ​របស់​ទី​ម័​រ​ឡេ​ស្តេ ដោយ​រួមបញ្ចូល​ទាំង​ការ​ឈានទៅ សម្រេចបាន​នូវ​សមិទ្ធិផល​សំខាន់​នានា ដែល​បាន​កំណត់ដោយ​របាយការណ៍​ស្វែងយល់​ការពិត ទាំងបី​របស់​អាស៊ាន​»​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ទី​ម័​រ​។​

​រដ្ឋាភិបាល​ទី​ម័​រ​ក៏បាន​ស្នើសុំ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ផ្តល់នូវ​ឋានៈ​ជា​សមាជិក​អាស៊ាន​ពេញសិទ្ធិ​ដល់ទី​ម័​រ​ឡេ​ស្តេ ក្នុង​ឆ្នាំ​២០២៣ បន្ទាប់ពី​ការត្រៀម​លក្ខណៈ​អស់​រយៈពេល​១១​ឆ្នាំ និង​ការ​អនុម័ត​នូវ​ផែនទី ចង្អុល​បង្ហាញផ្លូវ និង​របាយការណ៍​ជូន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២​។​

​រដ្ឋាភិបាល​ទី​ម័​រ​ឡេ​ស្តេ សូម​ទទួលស្គាល់ និង​សូម​សំដែង​នូវ​ការ​អរគុណ​ចំពោះ​ការបន្ត​ផ្ដល់ជំនួយ និង​ការគាំទ្រ ដោយ​ពេញលេញ​ពី​ប្រទេស​សមាជិក​អាស៊ាន ជាពិសេស​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់ ការគាំទ្រ​ឥត​ងាករេ ក៏ដូចជា​ការកោតសរសើ​រ​ចំពោះ​បណ្តា​ប្រទេស​ជា​ដៃគូ​ខាងក្រៅ សម្រាប់​ការ ផ្តល់ជំនួយ​កសាង​សមត្ថភាព​នានា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម