Connect with us

ព័ត៌មានជាតិ

ទូតទីម័រឡេស្តេ សន្យាថានឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអប់រំកាន់តែប្រសើរ

បានផុស

នៅ

លោក Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា បានសន្យាថានឹងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតពិសេសលើ វិស័យអប់រំឱ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី១៤ខែតុលា នៅទីស្តីការក្រសួង ឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ជាពិសេសលើវិស័យអប់រំផ្ទាល់។ ឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីម័រឡេស្តេក្នុងការពង្រឹងភាពជាដៃគូនេះឱ្យកាន់តែជិតស្និទ្ធ និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងផ្លាស់ប្តូរបទពិសោធជាមួយកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់អប់រំប្រកបដោយគុណភាព។

លើសពីនេះ ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរពាក់ព័ន្ធនឹងវិស័យអប់រំនាពេលកន្លងមក ជាពិសេសតាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិត និងអាហារូបករណ៍របស់កម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់មួយដល់ការអភិវឌ្ឍធនធានមនុស្សនៅទីម័រឡេស្តេ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះបេសកកម្មថ្មីរបស់ ឯកអគ្គរដ្ឋទូតនៅកម្ពុជា និងបានលើកឡើងពីការត្រៀមខ្លួនជាស្រេចរបស់ក្រសួងក្នុងការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យអប់រំឌីជីថលនិងកីឡា។ បន្ថែមលើនេះ លោកបានចែករំលែកនូវបទពិសោធសំខាន់ៗនៃការអនុវត្តកំណែទម្រង់វិស័យអប់រំ ជាពិសេសការផ្តោតលើការអភិវឌ្ឍជំនាញបច្ចេកវិទ្យា (STEM) និងអប់រំឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សស្របតាមបំណិនសតវត្សទី២១។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានលើកឡើងអំពីសារៈសំខាន់នៃការផ្លាស់ប្តូរកម្មវិធីសិក្សា ដើម្បីពង្រឹងចំណងមិត្តភាព និងការរៀនសូត្រពីគ្នាទៅវិញទៅមក ហើយបានជឿជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងបន្តរីកចម្រើនទៅមុខកាន់តែល្អប្រសើរឡើងថែមទៀត ក្រោមការដឹកនាំរបស់លោកឯកអគ្គរដ្ឋទូត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម