ព័ត៌មានជាតិ
បច្ចប្បន្ន កម្ពុជាមានដំរីអាស៊ី ចន្លោះពី ៤០០ ទៅ ៦០០ក្បាល
ថ្លែងក្នុង វគ្គបណ្តុះបណ្តាលជំនាញស្តីពី វិធីសាស្ត្របច្ចេកទេសបំពាក់ប្រឡៅកដំរីដើម្បីតាមដានបំលាស់ទីរបស់សត្វនេះ ដែលរៀបចំឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងនៅទីតាំងនៃគម្រោង Elephant Valley Project ក្នុងខេត្តមណ្ឌលគិរី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន លើកឡើងថា បច្ចប្បន្នកម្ពុជាមានដំរីអាស៊ីចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលកំពុងរស់នៅតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី។ ចំណែកដំរីស្រុកមានប្រមាណ ៧០ក្បាល។ ក្រសួងបរិស្ថានប្ដេជ្ញាថា នឹងការពារសត្វដំរីក្នុងប្រទេសកម្ពុជាពីគំរាមរបស់មនុស្ស ដោះស្រាយជម្លោះរវាងមនុស្ស និងដំរី និងការពារព្រៃ អភិរក្សតំបន់ការពារធម្មជាតិ ដើម្បីផ្ដល់ជម្រកសុវត្ថិភាពសម្រាប់សត្វដំរីអាស៊ី។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ អះអាងថា៖ “យោងតាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ការពារធម្មជាតិនានា ដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយមានឃើញកូនតូចៗជាច្រើនថែមទៀត។ វត្តមានកូនដំរីតូចៗដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗ គឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សនិងក្រុមអ្នកបរិស្ថាន”។

តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញយៈពេល ៦០ ទៅ ៧០ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែល ៥០ភាគរយ។ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជាច្រើនផងដែរ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ទៅ ៤៧ ៤២៧ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។

ចំពោះមុខនៃការគំរាមកំហែងនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី។ លោក ថ្លែងថា ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា (CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាព និងជំរុញឱ្យមានកំណើនចំនួនប្រភេទនេះនៅក្នុងព្រៃ នៃប្រទេសកម្ពុជា ហើយផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្ស ត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៦។

ក្នុងនោះរួមមាន ១. ការកាត់បន្ថយការបាត់បង់ទីជម្រក ២. អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣. ពង្រឹងការអនុវត្តច្បាប់ ៤. បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥. បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស ៦. អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។

យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ ត្រូវការថវិកាចំនួន ៤០,៥ លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញស្តីពី វិធីសាស្ត្របច្ចេកទេសបំពាក់ប្រឡៅកដំរីដើម្បីតាមដានបំលាស់ទីរបស់សត្វនេះ មាន សមាសភាពសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមាន មន្ត្រីជំនាញស្រាវជ្រាវសត្វព្រៃ នៃក្រសួងបរិស្ថាន អ្នកតំណាងមកពីមន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ អង្គការWWFកម្ពុជា អង្គការWWFវៀតណាម អង្គការWCS និងមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មផងដែរ។ សិក្ខាកាមទាំងអស់បានទទួលការបណ្តុះបណ្តាលទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូបង្គោលដោយផ្តោតលើគ្រប់ទិដ្ឋភាពបច្ចេកទេស និងកត្តាសុវត្ថិភាពចាំបាច់ទាំងសម្រាប់សត្វដំរី និងអ្នកស្រាវជ្រាវ ពោលគឺចាប់តាំងពីដំណាក់កាល នៃការរៀបចំផែនការ រហូតដល់ការចុះអនុវត្តវិធីសាស្ត្របំពាក់ប្រឡៅកដំរីជាជំហ៊ានៗ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់