មន្ត្រី​យោធា​ម្នាក់​រង​ការ​ចោទ​ថា បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ឱ្យ​កុមារ​ម្នាក់​ស្លាប់​ និង​ឪពុក​បាក់​ជើង​ ​បែរ​ជា​ប្ដឹង​ជន​រងគ្រោះទារសំណងមួយម៉ឺនដុល្លារទៅវិញ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មន្ត្រី​យោធា​ម្នាក់​រង​ការ​ចោទ​ថា បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ឱ្យ​កុមារ​ម្នាក់​ស្លាប់​ និង​ឪពុក​បាក់​ជើង​ ​បែរ​ជា​ប្ដឹង​ជន​រងគ្រោះទារសំណងមួយម៉ឺនដុល្លារទៅវិញ​

Published

on

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង ​ដោយលោកឧត្តមសេនីយ៍ត្រី​ កង​ ប៊ុនធឿន នាយក​សាលា​ពលទាហាន​យោធភូមិភាគពិសេស​ ​បាន​បើក​រថយន្ត​បុក​ម៉ូតូ​ជន​រង​គ្រោះ​មួយ​គ្រួសារ​ កាល​ពី​ថ្ងៃ​ទី ​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ ២០២០​​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ នៅ​ចំណុច​ភូមិ​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ បង្កឱ្យស្លាប់កូនតូចអាយុ៣ឆ្នាំម្នាក់ និង​រងរបួសបាក់ជើងឪពុក ក្នុង​ពេល​ថ្មីៗ​នេះ​បែរ​ជា​ ជន​បង្ក​ដាក់​ពាក្យបណ្ដឹងប្ដឹងទៅតុលាការទាមទារសំណងពីជនរងគ្រោះចំនួន១​ ម៉ឺន​ដុល្លារ​ទៅ​វិញ។​

ទាក់ទងនឹងហេតុការណ៍ខាងលើនេះលោក​ វិន សូឡា​ អាយុ ២៧​ ឆ្នាំ​ និង​ប្រពន្ធឈ្មោះ​ ស្រីមុំ​ អាយុ ៣៥​ឆ្នាំរស់នៅភូមិទឹកចេញ ឃុំជើង គ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​នៅល្ងាចថ្ងៃទី ១១ ខែ​មករា​ឆ្នាំ ២០២១​នេះ ជាជនរងគ្រោះ បាននិយាយឱ្យ​អ្នកយកព័ត៌មានយើងដឹងថា គ្រួសារ​លោក​មាន​​កូនបីនាក់នៅក្នុងបន្ទុកប្រុសពីរ ស្រីមួយកូនស្រីច្បងអាយុ៦ឆ្នាំ និងកូនប្រុស២នាក់អាយុ៣ឆ្នាំជាកូន ភ្លោះ ។ សព្វថ្ងៃលោកមានមុខរបរជាជាងជួសជុលម៉ូតូនៅផ្ទះ ចំណែក​ប្រពន្ធ​ជា​កម្មករ​រោងចក្រ​កាត់​ដេរ​។​

កាល​ពី​ថ្ងៃទី ២៩​ ខែ​វិច្ឆិកា​ ឆ្នាំ ២០២០​ លោក​និង​ប្រពន្ធ បាន​នាំ​កូន​ៗ​ទៅ​ លេង​និង​លោក​យាយ​របស់​ពួក​គេ ​ដែល​មាន​ទី​លំនៅឋាន​ក្នុង​ភូមិ​ស្រែ​ព្រីង ​សង្កាត់​កំពង់​ឆ្នាំង ​ក្រុង​កំពង់​ឆ្នាំង​។​ លុះ​ល្ងាច​ឡើង​ក៏​ឌុប​ម៉ូតូ​ប្រពន្ធ​ និង​កូន​ត្រឡប់​មក​ផ្ទះ​ ពេល​បើក​ម៉ូតូ​មក​ដល់​ចំណុច​ក្លោង​ទ្វារ​ចូល​ទៅ​សាលាភូមិ​ភាគ​៦ ​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៧​យប់ ​ក៏​ស្រាប់​តែ​ត្រូវ​បាន​រថយន្ត​ លោក​ កង​ប៊ុនធឿន​នាយកសាលា​ពលទាហានភូមិភាគ​ពិសេស​បាន​បើក​រថយន្ត​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បត់​ឆ្វេង​ចូល​សាលា​ភូមិភាគ​ពិសេស​ដោយ​មិន​បាន​កាច់​ភ្លើង​ស៊ីញ៉ូ​ឡើយ មក​បុក​ម៉ូតូ​​ក្នុង​ចំណែក​ផ្លូវ​របស់​លោក​ បណ្ដាល​ឲ្យ​កូន​ប្រុស​តូច​របស់​គាត់​រង​របួស​ក្បាល​ធ្ងន់ធ្ងរ ​ត្រូវ​បាន​បញ្ជូន​ទៅ​វះកាត់​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ តែ​ដោយ​សារ​ស្ថាន​ភាព​ធ្ងន់ធ្ងរ​​សង្គ្រោះ​មិនបាន កូន​របស់​គាត់​ក៏​បាន​ស្លាប់​នៅ ​ក្នុង​មន្ទីរ​ពេទ្យ​នោះ​ទៅ​។

ដោយ​ឡែក​រូប​លោក​ក៏​បាន​រង​គ្រោះ បាក់​ជើង​ខាង​ឆ្វេង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​នៅ​ឯទីក្រុងភ្នំពេញ​រយះ​ពេល៤យប់​៤ថ្ងៃទើបចេញពីមន្ទីរពេទ្យ​មក​ព្យាបាល​នៅ​ផ្ទះ​វិញ ​បច្ចុប្បន្ន​នេះ​គាត់​មិន​ទាន់​ជា​សះ​ស្បើយ​ទេ ​គឺ​ដេក​នៅ​តែ​លើ​គ្រែ​មួយ​កន្លែង​តែ​ប៉ុណ្ណោះ​។​

ជា​ចុង​ក្រោយ​លោក​ និង​ប្រពន្ធ​ និង​កូន​តូច​ៗ​ព្រម​ទាំង​លោក​យាយ​របស់​ពួក​គេ​ផង​ ក៏​បាន​លើក​ដៃ​សំពះ​ស្នើ​សុំ ​សមត្ថកិច្ច​ពាក់ព័ន្ធ ​ក៏​ដូច​ជា​លោក​ព្រះ​រាជ​អាជ្ញា​ខេត្ត​កំពង់ឆ្នាំង​ សូម​ជួយ​ផ្ដល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គាត់ ​ដែល​បាន​បាត់​បង់​ជីវិត​កូន​ប្រុស​ម្នាក់ ​និង​លោក​ក៏​ត្រូវ​ពី​ការ​ជើង ​ម្ខាង​ ដែល​មិន​អាច​ដើរ​ហើរ​រក​ស៊ី​បាន។​ តែ​បែរ​ជា​លោក​ឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន នាយក​សាលា​ពល​ទាហាន​ភូមិភាគ​ពិសេស​បាន​ ប្តឹង​ទាមទារ​សំណង​ពី​ពួក​គាត់​ចំនួន​១ ម៉ឺន​ដុល្លារ​ទៅ​វិញ​។​

ជុំ​វិញ​​ហេតុការណ៍​ខាង​លើ​នេះ​លោក​ឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នង​ការរងន​គរ​បាល​ខេត្ត​និង​ជា​អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាននិយាយតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងកាលពីថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ បង្កឱ្យ​មានកុមារតូចម្នាក់ស្លាប់ និងបុរសម្នាកើបួសបាក់ជើង តាម​របាយ​ការណ៍​របស់ លោក​ ឈឹម​ សារុន​ នាយការិយាល័យចរាចរណ៍ជើងគោកខេត្តកំពង់ឆ្នាំង ជា​សមត្ថ​កិច្ចជំនាញ ​គឺ​គេ​មាន​បច្ចេក​ទេស​ត្រឹមត្រូវ និង​មាន​រូបភាព​នៅ​នឹង​កន្លែង​កើត​ហេតុ​ បញ្ជាក់​យ៉ាង​ច្បាស់​លាស់ថា ភាគីខាងរថយន្តជាអ្នកបង្កពិតប្រាកដ។​ដូច្នេះរបាយការណ៍របស់សមត្ថកិច្ចគឺជាឯក សារផ្លូវការ ដោយមានការចុះហត្ថលេខាទទួលស្គាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នង​ការនគរ​បាល​ខេត្តកំពង់ឆ្នាំងផងដែរ​ដូច្នេះបើភាគី​ណាមិន​ពេញ​ចិត្ត​ជាមួយ​នឹង​របាយការណ៍​របស់​សមត្ថកិច្ច​ជំនាញ​លោកមានសិទ្ធិប្ដឹងបាន។

សូមរំលឹកថាកាលពីយប់វេលាម៉ោងជិត៨​ ថ្ងៃ​ទី ២៩​ ខែវិច្ឆិកា ឆ្នាំ ២០២០​លោក លោក​ឧត្តម​សេនីយ៍​ត្រី ​កង ប៊ុនធឿន បានបើកបររថយន្ដមួយគ្រឿងម៉ាក Toyota Land cruiser ពណ៌ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ 2M-1186 បុកម៉ូតូរបស់ជនរងគ្រោះម៉ាក Honda Scoopy ពាក់ផ្លាកលេខភ្នំពេ ញ1GP-5864 ជិះគ្នា ៣នាក់ បង្កឲ្យកុមារតូចម្នាក់បានស្លាប់និងបុរសម្នាក់របួសបាក់ជើង ។តាំងពីថ្ងៃកើតហេតុ រហូតមកដល់ពេលនេះ ជនរងគ្រោះមិនទាន់ទទួលបានពន្លឺនៃយុត្តិធម៌នៅឡើយទេ បន្ទាប់​ពី​មន្ដ្រី​នគរបាលមូលដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនទៅសាលា ដំបូងខេត្តកំពង់ឆ្នាំង ដើម្បី​បន្ដ​នីតិវិធី​តាមច្បាប់ ដោយហេតុថា ករណីនេះបានបណ្ដាលឲ្យជនរង គ្រោះម្នាក់ស្លាប់ និងបុរស​ម្នាក់​រងរបួសបាក់ជើងម្ខាង។

ទន្ទឹមនឹងតុលាការកំពុងបន្ដនីតិវិធី ជនរងគ្រោះក៏កំពុងរង់ចាំពន្លឺយុត្តិធម៌ផងដែរ ស្រាប់​តែ​ភាគី​ជន​បង្ក ដែល​ជា​មន្ដ្រីយោធាជាឧត្តមសេនីយ៍ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ ដោយ​ចោទ​ប្រកាន់​ជនរងគ្រោះថា បាន​ជិះ​ម៉ូតូ​បុករថយន្ដរបស់ខ្លួន ​ព្រម​ទាំង​ទាម​ទារ​សំណង​ ១ម៉ឺន​ដុល្លារទៅវិញ​ខុសពីរឿងពិត ។ ករណី​នេះ​ជនរង ​គ្រោះ​សំណូមពរ​ស្ថាប័ន​យុត្តិធម៌​អាច​ជួយ​ផ្ដល់​យុត្តិធម៌ជូនពួកគាត់ផង៕​

ឈៀង ថារិទ្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services