Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ប្រាប់ដល់យុវជន ចេះប្ដូរគំនិតពីធ្វើការឲ្យគេទៅជាថៅកែគេ

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រាប់​ដល់​យុវជន​ខេត្ត​កោះកុង ព្រម​ទាំង​យុវជន​ក្នុង​ប្រទេស​ទាំងអស់ ត្រូវ​ចេះ​ប្ដូរ​ផ្នត់គំនិត​ពី​ធ្វើការ​ឲ្យ​គេ​ទៅជា​ថៅកែ​របស់​គេ​វិញ​ម្ដង ទើប​ជីវភាព​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​សម្ពោធ​អគារ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កោះកុង និង​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ចំនួន ៤០០ នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ ឆ្នាំ ២០២៣ លោក ពេជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បំផុស​ស្មារតី​ដល់​យុវជន​ទាំងអស់ គប្បី​រួមគ្នា​គិត​អ្វី​ដែល​ល្អ​ប្រសើរ​ជីវិត​របស់​ខ្លួន​ម្នាក់ៗ តាមរយៈ​ការ​ផ្លាស់ប្ដូរ​គំនិត​ចាស់​ដដែល ទៅ​រក​អ្វី​ដែល​ថ្មី​សម្រាប់​ជីវភាព​រស់នៅ។

ការ​ផ្លាស់ប្ដូរ​នេះ ត្រូវ​បាន​លោក ពេជ សោភ័ន សំដៅ​ទៅ​លើ​យុវជន​ដែល​កំពុង​ធ្វើ​ការងារ​ប្រចាំថ្ងៃ កុំ​ពឹងផ្អែក​តែ​លើ​ប្រាក់ខែ​មួយ​មុខ​គត់ ពោល​គឺ​ចេះ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ឥរិយាបថ និង​ប្ដូរ​គំនិត​ទៅ​ធ្វើជា​ថៅកែ​គេ​វិញ​ម្ដង ទើប​ជា​រឿង​ល្អ​សម្រាប់​ជីវិត។ ប្រសិន​ណា​នៅតែ​ប្រកាន់​យក​ទម្លាប់​អាក្រក់ យើង​នឹង​បរាជ័យ​គ្មាន​អ្វី​ប្រែប្រួល​អភិវឌ្ឍន៍​នោះ​ទេ។

ទន្ទឹម​នឹង​ប្រទេស​ជាតិ​អភិវឌ្ឍន៍​ផ្នែក​ឧស្សាហកម្ម​ជំនាន់ ០.៤ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រំពឹង​ទុក​ជាមុន​ថា សិស្ស និស្សិត និង​យុវជន បន្ត​ប្រឹង​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​របស់​ខ្លួន​បន្ថែម ដើម្បី​ឈាន​ចាប់​យក​ឱកាស​ទីផ្សារ​ការងារ​ទទួល​បាន​ប្រាក់ចំណូល​ច្រើន ចៀស​ជាង​ការងារ​ប្រើ​កម្លាំង​ពលកម្ម ទន្ទឹម​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​កំពុង​ផ្លាស់ប្ដូរ​ឆាប់រហ័ស។

ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ក៏​សង្កត់ធ្ងន់​ទៀត​ថា ទៅ​ថ្ងៃ​អនាគត ការងារ​ប្រើប្រាស់​កម្លាំង​ពលកម្ម នឹង​ជួប​ហានិភ័យ​ពិបាក​រក​ការងារ​ធ្វើ ខណៈ​ទីផ្សារ​ការងារ​ពិភពលោក​កំពុង​ប្រែក្លាយ​ពី​ទីផ្សារ​ការងារ​ផ្អែក​លើ​កម្លាំងបាយ​ទៅជា​ទីផ្សារ​ការងារ​ផ្អែក​លើ​ចំណេះដឹង។

ចំណែក​ឯ​លោកស្រី មិថុនា ភូ​ថង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ប្រឹងប្រែង​ចំណាយ​ពេល​វេលា​សិក្សា​ក្រេប​យកចំណេះ​ដឹង​រយៈពេល ៤ ឆ្នាំ ទម្រាំ​មាន​ថ្ងៃនេះ​របស់​សិស្ស និង​និស្សិត​នៅ​ខេត្ត​កោះកុង ព្រមទាំង​ឆ្លើយតប​សេចក្ដី​ត្រូវការ​ការងារ​នៅ​ក្នុង​ខេត្ត​ផង និង​ក្នុង​ប្រទេស​ផង គ្រា​ប្រទេសជាតិ​ម្លប់​សុខ​សន្តិភាព​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី។

លោកស្រី មិថុនា ភូ​ថង អភិបាល​ខេត្ត​កោះកុង ក៏​លើក​ឡើង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ផ្ដោត​ជា​សំខាន់​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស តាមរយៈ​ការ​ពង្រឹង​គុណភាព វិស័យ​អប់រំ ការ​លើក​កម្ពស់ សេវា​សុខភាព​សាធារណៈ និង​ការ​គាំពារ​សង្គម ដោយ​ផ្ដោត​ការ​យកចិត្តទុកដាក់ និង​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ដូចជា ស្ត្រី និង​កុមារ​ជាដើម និង​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​កោះកុង​របស់​យើង ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ជា​លំដាប់។

លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត ថ្លែង​ថា ខេត្ត​កោះកុង​សព្វថ្ងៃ​នេះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​កំពុង​ផ្ដល់​ការងារ​ដល់​យុវជន​ក្នុង​ខេត្ត ឬ​ក្រៅ​ខេត្ត​ប្រមាណ​ជាង ១ ម៉ឺន​នាក់ និង​ទទួល​ប្រាក់​ចំណូល ៥ លាន​ដុល្លារ ក្នុង ១ ខែៗ ក្រៅពី​ការ​ពឹង​លើ​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម។

អ្នក​អង្គម្ចាស់​បណ្ឌិត ស៊ីសុវត្ថិ ឬ​ទ្ធី​រ៉ាវ​ង្ស នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុក​វិស័យ TVET ជា​វិស័យ​អាទិភាព​មួយ​ក្នុង​ចំណោម​វិស័យ​អាទិភាព​ដទៃ​ទៀត​ក្នុង​ការ​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ និង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការ​បង្កើន​ចំណេះដឹង ជំនាញ ឥរិយាបថ​ការងារ សីលធម៌​វិជ្ជាជីវៈ ផលិត​ការងារ និង​សមត្ថភាព សម្រាប់​បង្កើត​មុខរបរ ព្រមទាំង​ទទួល​បាន​ឱកាស​ការងារ។

អ្នកអង្គម្ចាស់​បណ្ឌិត ស៊ីសុវត្ថិ ឬ​ទ្ធី​រ៉ាវ​ង្ស អត្រា​សិស្ស និស្សិត មាន​ការងារ​ធ្វើ បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​រយៈពេល ៣ ខែ មាន​ការងារ​ធ្វើ ៨៥ ភាគរយ ដោយ​មាន​ដៃគូ​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន និង​សហគ្រាស​រង់ចាំ​ទទួល​ចូល​ធ្វើការ។ មុននឹង​ក្លាយ​ជា​វិទ្យាស្ថាន គឺ​មជ្ឈមណ្ឌល​វិជ្ជាជីវៈ​ខេត្ត​កោះកុង បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​អគ្គិសនី អេឡិចត្រូនិក សំណង់ និង​កុំព្យូទ័រ បាន​ផ្តល់​ចំណេះ​ដឹង​កម្រិត​បរិញ្ញាបត្រ បរិញ្ញាបត្ររង ជូន​ដល់​សិស្ស និស្សិត សរុប​ជាង ២ ម៉ឺន​នាក់​/​ស្ត្រី ១ ម៉ឺន​នាក់៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម