ព័ត៌មានជាតិ
យុទ្ធនាការ “អន្ទាក់សូន្យ” ដំណាក់កាលទី២ នឹងធ្វើឡើង៦ខេត្ត ដើម្បីជួយអភិរក្សសត្វព្រៃនៅកម្ពុជា
ក្រសួងបរិស្ថាន និងអង្គការដៃគូ បានធ្វើសន្និសីទសារព័ត៌មានស្តីពី យុទ្ធនាការ “អន្ទាក់សូន្យ” ក្នុងតំបន់ធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុង៦ខេត្ត នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ។ យុទ្ធនាការនេះ នឹងធ្វើនៅខេត្តពោធិ៍សាត់ កំពង់ស្ពឺ កោះកុង សៀមរាប បាត់ដំបង និងប៉ៃលិន ជាមួយគោលបំណងសំខាន់ៗចំនួន៤ ក្នុងន័យជួយអភិរក្សសត្វព្រៃ និងគ្មានអន្ទាក់នៅតំបន់ការពារធម្មជាតិ។


លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា គោលបំណងសំខាន់ៗទាំង៤នេះ គឺទី១.ពង្រឹងនូវការគាំទ្រ ប្រមូលធនធាន ដើម្បីពង្រឹងលើការការពារ និងអភិរក្សធនធានធម្មជាតិ។ ទី២. ទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់ ជាពិសេស សត្វព្រៃដែលអាចបង្កមហន្តរាយជំងឺផ្សេងៗ ទី៣. ពង្រឹងលើការអនុវត្តច្បាប់ ពង្រឹងសេដ្ឋកិច្ចមូលដ្ឋានក្នុងគោលបំណងកាត់បន្ថយចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ និងទី៤. គឺផ្លាស់ប្តូរឥរិយាបថសាធារណជន អ្នកនិយមបរិភោគសត្វព្រៃ ដែលតែងតែយល់ថា សត្វព្រៃធ្វើឱ្យប៉ូវកម្លាំង ឱ្យលះបង់គំនិតទាំងនេះ និងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមជួយអភិរក្សសត្វព្រៃឡើងវិញ។

លោកមានប្រសាសន៍ថា យុទ្ធនាការនេះ មិនត្រឹមតែធានាពីសុវត្ថិភាពរបស់សត្វព្រៃប៉ុណ្ណោះទេ តែក៏ធានានូវសុវត្ថិភាពដល់ប្រជាជន និងភ្ញៀវទេសចរ ដែលនិយមចូលក្នុងព្រៃផងដែរ។ លោក នេត្រ ភក្ត្រា បានបន្តថា យុទ្ធនាការដំណាក់កាលទី១ ទទួលបានជោគជ័យ ក្នុងនោះរយៈពេល២ឆ្នាំ គឺកម្ពុជាដោះអន្ទាក់សរុបបានចំនួន ៩៦៣៥៧អន្ទាក់ ភាគច្រើនករណីទាំងអស់នេះ កើតមាននៅតាមតំបន់ជួរភ្នំក្រវាញដូចជា ខេត្តកោះកុង ពោធិ៍សាត់ និងបណ្តាខេត្តផ្សេងទៀតដូចជា មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំជាដើម ហើយបានដកហូតកាំភ្លើងកែច្នៃ និងកាំភ្លើងពិតបានចំនួន ១៤១៦ដើម។ ចំពោះសត្វដែលជួយបាន គឺព្រលែងទៅក្នុងព្រៃវិញ ហើយសត្វដែលមានរបួស និងសត្វតូចៗត្រូវបានយកទៅព្យាបាលរបួស និងចិញ្ចឹមនៅភ្នំតាម៉ៅ រួចក៏បានព្រលែងទៅក្នុងព្រៃដូចគ្នា។

ចំណែក លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងជាង ៨០% បានទទួលដឹងពីយុទ្ធនាការនេះ ខណៈនៅក្នុងបណ្តាញសង្គមផ្សព្វផ្សាយដូចជា TikTok, Facebook, Twitter, LinkedIn មានប្រជាជនចូលរួមបញ្ចេញមតិ និងឆ្លើយតបជាច្រើនលាននាក់ក្នុងយុទ្ធនាការនេះ។ ចំពោះអត្ថបទព័ត៌មានទាំងជាតិ និងអន្តរជាតិ គឺបានចុះផ្សាយចំនួន ៦១០អត្ថបទ ដែលជាចំនួនមួយដ៏ច្រើន បង្ហាញពីការជួយផ្សព្វផ្សាយមួយដ៏ទូលំទូលាយទៅសាធារណជន ហើយប្រជាពលរដ្ឋជាង៣លាននាក់ បានទទួលសារពីយុទ្ធនាការនេះ។

លោកបានបន្តថា ចំនួនអន្ទាក់មានការថយចុះច្រើន មុននឹងធ្វើយុទ្ធនាការនេះ ដោយឆ្នាំ ២០២១ មុនយុទ្ធនាការ គឺប្រមូលបានអន្ទាក់ចំនួន ៦១១៦០អន្ទាក់ នៅឆ្នាំ២០២២ ក្រោយយុទ្ធនាការបានបញ្ចប់ប្រមូលបានជាង ៣ម៉ឺនអន្ទាក់។ រីឯ កាំភ្លើងកែច្នៃប្រមូលបានគ្រប់ខេត្ត ដោយឆ្នាំ២០២១ ប្រមូលបាន១២០០ដើម និងឆ្នាំ២០២២ ប្រមូលបាន ៥១៦ដើម ដែលថយចុះជាង៥០%។ លោកសង្ឃឹមថា ការថយចុះនេះ មានការទាក់ទងជាមួយនឹងការធ្វើយុទ្ធនាការកន្លងមក។

សូមបញ្ជាក់ថា សន្និសីទសារពត៌មាននេះ មានការចូលរួមពីតំណាងដៃគូដូចជាអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) អង្គការអភិរក្សអន្តរជាតិ (CI), អង្គការ ACCB, អង្គការ Wild Earth Allies និងអង្គការមូនិធិ MJP នៅក្រសួងបរិស្ថាន។ យ៉ាងណាមិញ យុទ្ធនាការ “អន្ទាក់សូន្យ” ក្នុងតំបន់ធម្មជាតិកម្ពុជា ដំណាក់កាលទី២ នឹងធ្វើពិធីបើកនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធអនឡាញ Zoom ដែលជាទិវាសត្វពិភពលោក។ យុទ្ធនាការនេះ មានរយៈពេល ៥ខែ ដោយចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


