រដ្ឋាភិបាល​ស្វី​ស ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ពលរដ្ឋ​តាម​ព្រំដែន​ឲ្យ​កាន់តែ​ប្រសើរឡើង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋាភិបាល​ស្វី​ស ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ពលរដ្ឋ​តាម​ព្រំដែន​ឲ្យ​កាន់តែ​ប្រសើរឡើង

Published

on

រដ្ឋាភិបាល​ស្វី​ស​តាមរយៈ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍន៍ និង​កិច្ច​សហប្រតិបត្តិការ (SDC)​បាន​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ពលរដ្ឋ​នៅ​តាម​ជនបទ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ពិសេស​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​តាមរយៈ​«​គម្រោង CHAIN ដើម្បី​បង្កើត​ប្រាក់ចំណូល និង​អាហារូបត្ថម្ភ ដំណាក់កាល​ទី​៣»​។

«​គម្រោង​បន្លែ ផ្លែឈើ​កម្ពុជា ដើម្បី​បង្កើត​ប្រាក់ចំណូល និង​អាហារូបត្ថម្ភ ដំណាក់កាល​ទី​៣ (CHAIN Phase III)»​នេះ​ត្រូវបាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​កាលពី​រសៀល​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២១​រវាង​អគ្គនាយកដ្ឋាន​កសិកម្ម ជាមួយ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC)​តំណាង​ដោយ​លោក Markus Burli នាយក​កិច្ចសហប្រតិបត្តិការ នៃ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) ក្រោម​អធិបតីភាព​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។

លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹង​ថា ​គម្រោង CHAIN នេះ​មាន​រយៈពេល ៨​ឆ្នាំ (២០១៤ – ២០២២) ដែល​មាន​ថវិកា​សរុប ១០​លាន​ដុល្លារ កំពុង​ប្រតិបត្តិ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​០៤ គឺ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ឧត្តរមានជ័យ ដោយ​ជ្រើសរើស​តំបន់​ដាច់ស្រយាល និង​ខ្ពង់រាប​ជាប់​ព្រំដែន​ថៃ ឡាវ និង​វៀតណាម ដែល​តំបន់​នោះ​ភាគច្រើន​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​ដឹកជញ្ជូន​មាន​តម្លៃ​ថ្លៃ ខ្វះ​ប្រភពទឹក​នៅ​រដូវប្រាំង និង​កម្រិត​វប្បធម៌រ​បស់​ប្រជាជនមាន​កម្រិត​ទាប​។

លោក​បាន​បន្តថា​ ក្នុង​រយៈ​ពេល ៦​ឆ្នាំ​កន្លង​មក​នេះ គំរោង​បាន​កែប្រែ​កសិករ​ជិត ១០ ០០០​គ្រួសារ​ពី​ការធ្វើ​ស្រែ តែមួយ​មុខមក​ប្រកប​របរ​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ​សម្រាប់​អាហារូបត្ថម្ភ ពាក់​កណ្តាល​អាជីវកម្ម និង​អាជីវកម្ម​ពេញលេញ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ដោយ​ជ្រើសរើស​ស្ត្រី​ជា​គោល​។ គំរោង​បាន​ផ្តោតជាសំខាន់​លើ​ខ្សែ​សង្វាក់​តម្លៃ​នៃ​សាកវប្បកម្ម​ក្នុង​ខេត្ត​គោលដៅ​ទាំងអស់ និង​ជំរុញ​កំ​ណើន​ចំណូល​គ្រួសារ​ប្រកបដោយ​ចីរភាព និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​ស្បៀង​គ្រួសារ និង​ភាព​ធន់​ទ្រាំ​ការប្រែប្រួល​អាកាសធាតុ​។

លោក វេ​ង ​សាខុន ​បាន​មានប្រសាសន៍ថា​គោលបំណង​សំខាន់​របស់​អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​អនុវត្ត​គំរោង​ខាងលើ ដើម្បី​បង្កើន​ផ​លិត​កម្ម​បន្លែ និង​ផ្លែឈើ​សុវត្ថិភាព ធានា​បាន​និរន្តរភាព​នៃ​ប្រាក់ចំណូល និង​អាជីព​ប្រចាំ​គ្រួសារ បង្កើត​ការងារ ធានា​សន្តិសុខ​ស្បៀង កាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​ជនបទ សមស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩- ២០២៣ ដែល​បាន​កំណត់​ច្បាស់​នូវ​ចក្ខុវិស័យ​ប្រែក្លាយ​កសិកម្ម​កម្ពុជា ទៅជា​កសិកម្ម​ទំនើប​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និរន្តរភាព វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

លោក Markus Burli នាយក​កិច្ចសហប្រតិបត្តិការ នៃ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ផលិតកម្ម​សាកវប្បកម្ម​កម្ពុជា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ជាពិសេស​ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លងមកនេះ ឃើញថា​ផលិតកម្ម​បន្លែ​ក្នុងស្រុក​បាន​ផ្គត់ផ្គង់​បាន​ជាង ៦៨% នៃ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​។

លោក Markus Burli បន្ថែមថា ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) នឹង​បន្ត​ផ្តល់​កិច្ច​គាំទ្រ​ដល់​ក្រសួង រួមគ្នា​អភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព ដើម្បី​បង្កើន​ប្រាក់ចំណូល​គ្រួសារ និង​អាហារូបត្ថម្ភ​ដល់​ប្រជាជន​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​ជឿជាក់​ថា តាមរយៈ​គម្រោង​នេះ សាកវប្បករ​នឹង​ទទួល​បាន​បច្ចេកទេស​ទំ​នើ​ប​លើ​ការ​ដាំដុះ​ដំណាំ និង​ទីផ្សារ​បន្លែ ផ្លែឈើ​សុវត្ថិភាព ដើម្បី​ចូលរួម​លើកកម្ពស់​ជីវភាព​នៅ​តាម​ជនបទ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services