ព័ត៌មានអន្ដរជាតិ
ប្រទេសចំនួនប៉ុន្មាន ដែលនឹងទៅចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅស្វីស?
ជិត៩០ប្រទេស និងអង្គការ ដោយក្នុងនោះពាក់កណ្ដាលមកពីអឺរ៉ុប បានបញ្ជាក់ពីវត្តមានរបស់ពួកគេថា នឹងទៅចូលរួមក្នុងកិច្ចប្រជុំសន្ដិភាពអ៊ុយក្រែន នៅប្រទេសស្វីស ដែលនឹងត្រៀមធ្វើឡើងនៅចុងសប្ដាហ៍នេះ។ នេះបើយោងតាមការប្រកាសរបស់លោកស្រី Viola Amherd ប្រធានាធិបតីស្វីស កាលពីថ្ងៃទី១០ ខែមិថុនា។

ទោះជាកិច្ចប្រជុំនេះ ផ្ដោតសំខាន់លើបំណងចង់បញ្ចប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីក៏ពិតមែន តែភាគីជម្លោះម្ខាងគឺរុស្ស៊ីមិនត្រូវបានអញ្ជើញឲ្យចូលរួមនោះឡើយ ពោលគឺមានតែការចូលរួមពីភាគីជម្លោះម្ខាងគឺអ៊ុយក្រែនតែប៉ុណ្ណោះ។ រុស្ស៊ី ថា ទោះជាត្រូវបានអញ្ជើញ ខ្លួនក៏នឹងមិនទៅចូលរួមដែរ ព្រោះសំណើនៅក្នុងកិច្ចប្រជុំនេះចេញតែពីភាគីអ៊ុយក្រែនតែម្ខាង ដែលរដ្ឋាភិបាលក្រុងមូស្គូមិនបានយល់ព្រមទទួលនោះទេ។
មេដឹកនាំស្វីស បាននិយាយថា កិច្ចប្រជុំកំពូលនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមិថុនា មានបំណងស្វែងរកមធ្យោបាយដែលអាចទៅរួច ក្នុងការទាមទាររកសន្តិភាពឲ្យប្រទេសអ៊ុយក្រែន ក្រោយការឈ្លានពានពីសំណាក់កងទ័ពរុស្ស៊ីអស់រយៈពេលជិត ២៨ខែកន្លងមកនេះ។ លោកស្រី បន្តថា “នេះមិនមែនជាការឃោសនាអ្វីទេ។ វាគ្រាន់តែជាមូលដ្ឋាននៃជំនួយមនុស្សធម៌ ដែលផ្ដល់ដោយស្វីស ហើយផ្តោតលើការជំរុញសន្ដិភាព ដើម្បីផ្ដល់ជាវេទិកាមួយផ្ដួចផ្ដើមកិច្ចចរចាប៉ុណ្ណោះ”។

ប្រធានាធិបតីស្វីស បានបន្ថែមទៀតថា អ្នកចូលរួមភាគច្រើន គឺជាមេដឹកនាំកំពូលប្រចាំប្រទេសនីមួយៗ ក៏ដូចជាតំណាងប្រមុខរដ្ឋ និងមន្ត្រីមុខការសំខាន់ៗ មានដូចជា លោក Emmanuel Maron ប្រធានាធិបតីបារាំង, លោក Olaf Scholz អធិការបតីអាល្លឺម៉ង់, លោក Kamala Harris អនុប្រធានាធិបតីអាមេរិក និងលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក ហើយក៏មានការចូលរួមពីអង្គការមួយចំនួនដែរ ដូចជា អង្គការសហប្រជាជាតិ ជាដើម។
លោកស្រី Amherd បានបន្តថា ប្រទេសចំនួនប្រហែល ១៦០ ត្រូវបានអញ្ជើញឲ្យចូលរួម តែមកទល់នឹងពេលនេះ មានមិនដល់ ១០០ប្រទេសទេ ដែលបានបញ្ជាក់ពីវត្តមានរបស់ពួកគេ ខណៈប្រទេសមួយចំនួនទៀតនៅរាងស្ទាក់ស្ទើរចិត្តមិនទាន់ហ៊ានប្រកាសថានឹងចូលរួម ឬក៏អត់ ដូចជា ប្រទេសតួកគី អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ជាដើម។ លោកស្រី ថា បញ្ជីឈ្មោះអ្នកចូលរួម នឹងត្រូវសរុបផ្លូវការនៅត្រឹមថ្ងៃសុក្រទី១៤ ខែមិថុនា ពោលគឺ១ថ្ងៃមុនធ្វើកិច្ចប្រជុំកំពូល។
សូមបញ្ជាក់ជាថ្មី ប្រទេសស្វីស នឹងយករមណីយដ្ឋាន Buergenstock នៅខាងក្រៅទីក្រុង Lucerne ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន ដែលនឹងមានការចូលរួមពីសំណាក់ប្រតិភូរាប់រយមកពីជុំវិញពិភពលោក៕
ដោយ៖ ឈាង
អានបន្ថែម៖ រូបមន្តសន្តិភាព១០ចំណុចរបស់លោក ហ្សេលេនស្គី ដែលត្រៀមលើកឡើងក្នុងកិច្ចប្រជុំនៅស្វីស មានអ្វីខ្លះ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


