ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម ជំរុញឲ្យសិប្បកម្មកែច្នៃត្រីបឹងរំពេរ បង្កើនសមត្ថភាពកែច្នៃត្រីសម្រាប់ចែកចាយលើទីផ្សារ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យសិប្បកម្មកែច្នៃត្រីបឹងរំពេរ ស្ថិតនៅភូមិចំបក់ជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បង្កើនសមត្ថភាពកែច្នៃត្រីសម្រាប់ចែកចាយលើទីផ្សារឲ្យបានកាន់តែប្រសើរបន្ថែមទៀត។

ការជំរុញនេះធ្វើឡើងកាលពីថ្មីៗនេះ ខណៈលោករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូ ចុះធ្វើទស្សនកិច្ចនៅសិប្បកម្មកែច្នៃត្រីបឹងរំពេរ ក្នុងនោះបានពិនិត្យមើលពីច្រវាក់បច្ចេកទេសកែច្នៃត្រីស្រស់ដែលប្រមូលទិញពីប្រជាសហគមន៍នេសាទក្នុងតំបន់ និងតាមឡូចិញ្ចឹមបែបលក្ខណៈគ្រួសារ តាមដំណាក់កាលនីមួយៗ រហូតដល់ការវេចខ្ចប់ជាផលិតផលសម្រេចសម្រាប់ចែកចាយលើទីផ្សារ។

លោករដ្ឋមន្ត្រី បានកោតសរសើរអំពីឱជារសរបស់ត្រី សោភណភាព នៃការវេចខ្ចប់ និងការរក្សាទុកផលិតផលសម្រេច បន្ទាប់ពីបានភ្លក្ស និងពិនិត្យមើលដោយផ្ទាល់។

ជាមួយគ្នានោះដែរ លោក ឌិត ទីណា ក៏បានសំណេះសំណាលជាមួយម្ចាស់សិប្បកម្ម និងប្រជាសហគមន៍អ្នកផ្គត់ផ្គង់ត្រី ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់នានា ក្នុងការពង្រឹង និងពង្រីកអាជីវកម្មកែច្នៃត្រីលក្ខណៈសហគមន៍នេះ ឲ្យរីកចម្រើនកាន់តែល្អប្រសើរ។

នៅចំពោះមុខសហគមន៍ លោករដ្ឋមន្ត្រី បានផ្ដល់ដំណោះស្រាយភ្លាមៗ ឆ្លើយតបទៅនឹងសំណូមពររបស់សហគមន៍ ពាក់ព័ន្ធទៅនឹងទុន ទីផ្សារ និងការចុះបញ្ជីម៉ាកសញ្ញាសម្គាល់ផលិតផលកម្រិតស្តង់ដារផងដែរ។

គួរបញ្ជាក់ថា សិល្បកម្មកែច្នៃត្រីបឹងរំពេរ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ក្រោមការសម្របសម្រួលពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ (ASPIRE) ដោយមានការគាំទ្រជាបន្តបន្ទាប់ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការដៃគូអភិវឌ្ឍន៍។

តាមរយៈកម្មវិធីនេះ ប្រជាសហគមន៍ដែលភាគច្រើនជាស្ត្រីចំនួន ៥០ នាក់ ត្រូវបានចងក្រង និងផ្ដល់វគ្គបណ្ដុះបណ្ដាលពីជំនាញបច្ចេកទេសកែច្នៃត្រីដែលជាផលិតផលសក្ដានុពលនៅក្នុងសហគមន៍ ឲ្យមានស្តង់ដារគុណភាព អនាម័យ និងសោភណភាពខ្ពស់ ហើយមានឱជារសឈ្ងុយឆ្ងាញ់ មានតម្លៃល្អ និងអាចរក្សាទុកបានយូរសម្រាប់ចែកចាយលើទីផ្សារ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


