Connect with us

ព័ត៌មានជាតិ

UNIDO ផ្តល់ជំនួយបច្ចេកទេសលើការអភិវឌ្ឍ សហគ្រាសតាមបែបឌីជីថល

បានផុស

នៅ

បដិវត្តកម្មឌីជីថល បានផ្តល់ឱកាសជាច្រើនសម្រាប់អាជីវកម្មនៅគ្រប់វិស័យទាំងអស់ ដើម្បីជម្រុញឱ្យប្រតិបត្តិការ ដំណើរការ និងទំនាក់ទំនងជាមួយអតិថិជនកាន់តែមានភាពប្រសើរឡើង ព្រមទាំងបង្កើតតម្លៃបន្ថែម។ ទោះជាយ៉ាងណាសម្រាប់ ក្រុមហ៊ុនជាច្រើន មានការលំបាកក្នុងការកំណត់អាទិភាពផ្នែកដែលមានសក្តានុពល និងឈានទៅរកគំនិតផ្តួចផ្តើម ឌីជីថលផ្សេងៗ។

រូបភាព៖ UNIDO
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមើលឃើញពីផលលំបាកនេះ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានទទួលសំណើសុំជំនួយបច្ចេកទេសលើការអភិវឌ្ឍអាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសធុនតូច និង​មធ្យម​ដើម្បីពង្រឹងផលិតភាព ភាពធន់សហគ្រាស ការប្រកួតប្រជែង និងនិរន្តភាព​ដើម្បីការងារ​សមរម្យសម្រាប់យុវជន។ លក្ខខណ្ឌដែលអាចចូលរួមបាន គឺជាសហគ្រាសក្នុងខេត្តគោលដៅរបស់គម្រោង ក្នុងវិស័យទេសចរណ៍ កសិពាណិជ្ជកម្ម សំណង់ ​និងកម្មន្តសាល ដែលមានបុគ្គលិកចាប់ពី២០នាក់ឡើងទៅ។ សហគ្រាសទាំងនេះ គឺនៅ​ក្នុងខេត្ត-ក្រុងគោលដៅ ភ្នំពេញ កណ្ដាល កំពង់ស្ពឺ តាកែវ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ និងបាត់ដំបង។

រូបភាព៖ Google

សម្រាប់បែបផែននៃការគាំទ្ររបស់ UNIDO គឺនឹងទទួលបាន ទី១.ការកសាងសមត្ថភាពប្រតិបត្តិការអាជីវកម្មបែបឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាពប្រតិបត្តិការអាជីវកម្ម ក៏ដូចជាពាណិជ្ជកម្មអេឡិចត្រូនិច។ ទី២.ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់បែបនវានុវត្តន៍ដែលអាចបង្កើនប្រាក់ចំណូល និងការងារសមរម្យដល់យុវជន និងស្ត្រី។ ទី៣.ការកសាងសមត្ថភាពរបស់បុគ្គលិក និងថ្នាក់ដឹកនាំក្នុងការដឹកនាំ និងគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន។ ទី៤.ឱកាសក្នុងការផ្សារភ្ជាប់ជាមួយបណ្តាញអាជីវកម្ម និងទីផ្សារ។ ទី៥.ក្រុមប្រឹក្សាបច្ចេកទេសផ្នែកឌីជីថល និងនវានុវត្តន៍ បណ្តាញស្ថាប័នជាតិ និងអន្តរជាតិដែលកំពុងធ្វើការគាំទ្រឯកជន។​​ ទី៦.ឱកាសក្នុងការទទួលបានការប្រឹក្សាយោបល់ជាលក្ខណ:ពិសេស និងឯកជនភាពរវាងសហគ្រាស ក្រុមហ៊ុន ជាមួយនឹងអ្នកជំនាញផ្នែកអភិវឌ្ឍន៍អាជីវកម្មជាតិ និងអន្តរជាតិ។

រូបភាព៖ UNIDO

លក្ខខណ្ឌជ្រើសរើសសហគ្រាសក្នុងការទទួលបានការគាំទ្រលើការអភិវឌ្ឍសហគ្រាសតាមបែបឌីជីថល គឺតម្រូវឱ្យលោកអ្នកធ្វើការវាយតម្លៃភាពចាស់ទុំផ្នែកឌីជីថលរបស់អាជីវកម្ម ដើម្បីកំណត់យុទ្ធសាស្ត្រប្រតិបត្តិការអាជីវកម្មបែបឌីជីថល។ យុទ្ធសាស្ត្រដែលគាំទ្រអាចរួមមាន ធ្វើឱ្យប្រសើរឡើងនូវដំណើរការប្រតិបត្តិការខាងក្នុង ឬស្វ័យប្រវត្តិកម្ម តាមប្រព័ន្ធឌីជីថល ធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍អតិថិជនតាមបែបឌីជីថល ក្លាយជាអាជីវកម្មផ្អែកលើទិន្នន័យ។

ការជ្រើសរើសនេះ ក៏នឹងផ្តល់អាទិភាពដល់សហគ្រាសដែលមានលក្ខខណ្ឌដូចជា ១.មានផែនការអាជីវកម្មច្បាស់លាស់ និងមានបំណងចង់បង្កើតផែនការអាជីវកម្ម សម្រាប់ពង្រីកទីផ្សារ ឬនាំចេញ។ ២.មានបំណងផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកដែលពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាពផលិតកម្ម និងឌីជីថល។ ៣.អាចកំណត់លទ្ធភាពហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍចំណេះដឹង ឬបន្តផែនការអាជីវកម្ម។ ៤.មានបំណងរួមបញ្ជូលការផ្ដល់តម្លៃបន្ថែមដល់អាជីវកម្ម និងបុគ្គលិកវ័យក្មេងនៅក្នុងការងារនាពេលអនាគត តាមរយៈឱកាសក្នុងការអភិវឌ្ឍជំនាញឡើងវិញ ឬបង្កើនជំនាញ និងពង្រឹងលក្ខខណ្ឌការងារ ។ ៥.មានបំណងទាក់ទាញពលកម្មយុវជនបន្ថែមក្នុងសហគ្រាស។ ៦.មិនមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងលក្ខខណ្ឌការងារ (ការប្រើប្រាស់ពលកម្មកុមារ)។

ដើម្បីអាចចូលរួមក្នុងកម្មវិធីនេះបាន សូមចុះឈ្មោះតាមតំណ៖ https://rb.gy/3e8o5 ផុតកំណត់ចុះឈ្មោះនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម