ព័ត៌មានជាតិ
អ្វីទៅជាភាពចាំបាច់នៃការប្តូរឈ្មោះទៅជា “ក្រសួងអធិការកិច្ច”?
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ បើគិតដល់ពេលនេះ មានរយៈពេលប្រមាណ ២៤ឆ្នាំមកហើយ។ ប៉ុន្តែ ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលឈ្មោះក្រសួងមួយនេះទៅជា «ក្រសួងអធិការកិច្ច»។ តើអ្វីទៅជាភាពចាំបាច់នៃការប្តូរឈ្មោះទៅជា«ក្រសួងអធិការកិច្ច»?

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឯកភាពលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ដែលជាការកែសម្រួលពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
ការបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីឆ្នាំ១៩៩៩ គឺគោលបំណងចូលរួមលើកកម្ពស់ និងពង្រឹងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព សុចរិតភាព មនសិការវិជ្ជាជីវៈ វិន័យការងារ និងភាពស្អាតស្អំរបស់រដ្ឋបាលសាធារណៈ ព្រមទាំងរួមចំណែកទប់ស្កាត់ ប្រយុទ្ធប្រឆាំង កាត់បន្ថយ និងឈានទៅលុបបំបាត់អំពើពុករលួយ។
ប៉ុន្តែ យោងតាមសាវតារលើវិស័យអធិការកិច្ច និងភាពចាំបាច់របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្នុងការប្រគល់តួនាទី-ភារកិច្ចលើវិស័យទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ឱ្យស្ថាប័ននានា ទើបប្តូរឈ្មោះក្រសួងជា «ក្រសួងអធិការកិច្ច» នាពេលនេះ ដើម្បីឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ក្នុងពិធីសំណេះសំណាលដំបូងជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាពេលថ្មីៗនេះ លោក ហួត ហាក់ ដែលជារដ្ឋមន្ត្រីថ្មីនៃក្រសួងនេះ បានលើកឡើងថា ភាពចាំបាច់នៃការប្ដូរឈ្មោះជា ក្រសួងអធិការកិច្ច គឺដើម្បីបន្តកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដោយនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន។ បើតាមលោករដ្ឋមន្ត្រី ហួត ហាក់ តាមរយៈក្រសួងអធិការកិច្ចនេះ នឹងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថល។

រដ្ឋមន្ត្រីថ្មីរូបនេះ ក៏បានលើកឡើងអំពីសារៈសំខាន់ៗនៃវិស័យអធិការកិច្ច ដែលលោក ចាត់ទុកថា «អធិការកិច្ច ជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម»។ ក្នុងន័យនេះ ក្នុងនាមជារដ្ឋមន្ត្រីនៃក្រសួងអធិការកិច្ច លោក ហួត ហាក់ បានណែនាំ និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ឱ្យពង្រឹងវិន័យផ្ទៃក្នុង របៀបរបបការងារ និងពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសបន្តយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យមានសុខុមនីយកម្មនៅក្នុងអង្គភាព ទាំងកម្រិតថ្នាក់ដឹកនាំ និងកម្រិតបច្ចេកទេស៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


