ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបជាមួយឥស្សរជន និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន ក្នុងឱកាសចូលរួមមហាសន្និបាត UN
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងញូវយ៉ក។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងដំណើរបំពេញបេសកកម្មចូលរួមកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបពិភាក្សា និងសម្ដែងការគួរសមជាមួយឥស្សរជន និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។

ជំនួបពិភាក្សា និងជំនួបសម្ដែងការគួរសម ទាំងនោះរួមមាន៖ ជំនួបជាមួយលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ, ជំនួបសម្ដែងការគួរសមជាមួយលោកស្រី វីកតូរៀ នូល្សែន អនុរដ្ឋមន្ត្រីស្ដីទីនៃក្រសួងការបរទេសអាមេរិក, ជំនួបសម្ដែងការគួរសមជាមួយលោក ស៊ូប្រាញៀម ចៃសាំងកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា, ជំនួបពិភាក្សាជាមួយលោកសាស្រ្ដចារ្យ ជេបហ្វ្រី ហ្សាក់ នាយកមជ្ឈមណ្ឌល នៃការអភិវឌ្ឍប្រកបដោយចីរភាព នៃសាកលវិទ្យាល័យកូឡុំបៀ និងជំនួបជាមួយលោក នីឡា ហ្គោណូវីក ប្រធានទីផ្សារក្រុមហ៊ុនហ្វៃហ្សឺ ព្រមទាំងឥស្សរជន ក៏ដូចជាតំណាងក្រុមហ៊ុនមួយចំនួនទៀត។

ក្រៅពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងមានកម្មវិធីមួយចំនួនទៀត ដូចជា៖ អញ្ជើញចូលរួមបើកវេទិកាធុរកិច្ចកម្ពុជា-អាមេរិក ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងជំរុញការវិនិយោគពីសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា។ ក្នុងនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែរស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ផងដែរ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ខ្លឹមសារនៃសន្ទរកថារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នឹងផ្ដោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមាន៖ បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តកម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


