ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល នឹងបន្តតម្កល់ “សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ចំពោះពាក្យស្លោក “អរគុណសន្តិភាព»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នឹងបន្តតម្កល់ “សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ចំពោះពាក្យស្លោក “អរគុណសន្តិភាព»។ ការបញ្ជាក់នេះ ធ្វើឡើងតាមរយៈសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស “ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣។

តាមរយៈសារលិខិតនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២៣នេះ ការប្រារព្ធទិវាសន្តិភាពក្រោមមូលបទ “សកម្មភាព ដើម្បីសន្តិភាព៖ ការប្តេជ្ញាចិត្តរួមគ្នាសម្រាប់គោលដៅសកល» ដោយផ្តល់គុណតម្លៃជាចម្បងដល់សកម្មភាពដើម្បីសន្តិភាព នឹងអំពាវនាវឲ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកធ្វើឲ្យគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពសម្រេចបានជោគជ័យ ដើម្បីបញ្ចប់នូវវិនាសកម្ម ភាពក្រីក្រ ភាពអត់ឃ្លាន ការប្រែប្រួលអាកាសធាតុ និងធានានូវភាពរុងរឿង សម្រាប់ទាំងអស់គ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ។ ដើម្បីកសាងសន្តិភាព យើងទាំងអស់គ្នាត្រូវពុះពារគ្រប់ឧបសគ្គ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយ និង ភាតរភាពជាអន្តរជាតិ។ ភ្នក់ភ្លើងសង្គ្រាម សោកនាដ៍កម្ម ការបែកបាក់ រងទុក្ខវេទនាខ្លោចផ្សារកទីបំផុតគ្មាន ដែលប្រជាជាតិយើងបានឆ្លងកាត់ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក គឺជាមេរៀន និងបទពិសោធន៍ដ៏ជូរចត់ ដែលមិនអាចបំភ្លេចបាន ហើយដែលនាំឲ្យយើងទាំងអស់គ្នាបានយល់យ៉ាងច្បាស់ ពីគុណតម្លៃនៃសន្តិភាព»។
ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ សន្តិភាពបានផ្ដល់ឱកាសឲ្យកម្ពុជាផ្លាស់ប្ដូរមុខ មាត់ថ្មីគួរជាទីមោទនៈបំផុត ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសមានសេដ្ឋកិច្ច ដែលរីកចំរើនជាង ៧ភាគរយ ក្នុងមួយឆ្នាំៗ ក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ ដែលនាំឲ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមាន ចំណូលមធ្យមកម្រិតទាប ហើយអាចនឹងឈានទៅសម្រេចបានឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ ២០៥០។
ម្យ៉ាងទៀត កម្ពុជាដែលពីមុនធ្លាប់តែខ្វះខាត និងត្រូវពឹងផ្អែកស្ទើរទាំងស្រុងទៅលើជំនួយបរទេស ដើម្បីអាចរស់រាន់បាន បច្ចុប្បន្ន កម្ពុជាមានមហិច្ឆតាលើកស្ទួយមោទនភាពជាតិ ឲ្យឈានកាន់តែខ្ពស់ឡើងដូចសម័យអង្គរឡើង តាមរយៈការកសាងជាតិមួយឲ្យរឹងមាំ រស់រវើករុងរឿង និងមានវិបុលភាព។
តាមរយៈសារលិខិតដដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបានបោះជំហ៊ានដ៏ជោគជ័យ ក្នុងការពង្រឹងសុខុមាលភាពរបស់ប្រជាជន ដោយធានាថា គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល។ កម្ពុជាប្តេជ្ញាបង្កើនកិច្ចខិតខំទ្វេដងក្នុងការដាក់ចេញ និងអនុវត្តវិធានការកែទម្រង់នានា ដូចជាការដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅសម្រេចឲ្យបានគោលដៅនៃការអភិវឌ្ឍ ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០។ កម្ពុជាត្រៀមខ្លួនស្វាគមន៍ និងសហការជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីសម្រេចកិច្ចការដ៏សំខាន់ទាំងនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា «រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា នឹងបន្តតម្កល់ “សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ចំពោះពាក្យស្លោក “អរគុណសន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ខ្ញុំ ព្រះករុណាខ្ញុំ ជឿជាក់យ៉ាងមុតមាំថា ការប្រារព្ធទិវាសន្តិភាពអន្តរជាតិឆ្នាំនេះ នឹងបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តសារជាថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់តម្លៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក»៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


