ព័ត៌មានជាតិ
ជនបរទេសមានសិទ្ធិទទួលវ៉ាក់សាំងកូវីដ-១៩ មិនគិតថ្លៃដូចពលរដ្ឋខ្មែរ
ជនបរទេសនៅកម្ពុជាមានសិទ្ធិទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូចប្រជាពលរដ្ឋខ្មែរដែរ ប៉ុន្តែមិនមែនជាអ្នកទេសចរណ៍ទេ ពោលគឺអ្នកកំពុងបំពេញការងារនៅអង្គការជាតិ-អន្តរជាតិ និងមន្រ្តីការទូតជាដើម។
រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា ក្រសួងកំពុងពិចារណានឹងផ្ដល់ជូនការចាក់វ៉ាក់សាំងកូវីដ-១៩ដល់ជនបរទេសដែលបំពេញបេសកកម្មនៅកម្ពុជាដូចជានៅអង្គការ UN WHO និងមន្ត្រីការទូតជាដើម។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា ការផ្ដល់វ៉ាក់សាំងដល់ជនបរទេសទាំងនោះ គឺអាស្រ័យលើក្រុមអាទិភាព។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ប្រសិនពួកគេ [ជនបរទេស] ស្ថិតក្នុងក្រុមអាទិភាពបំពេញការងារនៅកន្លែងមានហានិភ័យ ដែលត្រូវចាក់វ៉ាក់សាំង នោះទើបពួកគេអាចមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩នោះបាន។ បើ [ជនបរទេស] មិនស្ថិតនៅក្នុងក្រុមអាទិភាពទេ គឺត្រូវរង់ចាំវគ្គក្រោយបន្តទៀត គឺមិនអាចពេលវ៉ាក់សាំងមកដល់ [កម្ពុជា] ភ្លាម [មន្ត្រីសុខាភិបាល] ត្រូវចាក់ជូនជនបរទេសទាំងនោះទាំងអស់គ្នានោះទេ”។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបន្ថែមថា បច្ចុប្បន្នក្រុមការងារកំពុងសម្រុកធ្វើកិច្ចការទាំងនេះ និងមានការយកចិត្តទុកដាក់ខ្លាំងថែមទៀតផង។
លោកស្រី ឱ វណ្ណឌីន បន្តថា៖ “ការចាក់វ៉ាក់សាំងនេះធ្វើឡើងដោយតាមគោលការណ៍ស្ម័គ្រចិត្ត ដូចនេះនៅពេល [ក្រសួងសុខាភិបាល] ប្រកាសឱ្យចុះឈ្មោះដើម្បីទទួលចាក់វ៉ាក់សាំង ជនបរទេសដែលចង់ចាក់វ៉ាក់សាំង គឺត្រូវចុះឈ្មោះទទួលចាក់វ៉ាក់សាំងដូចគ្នា”។
លោកស្រី បញ្ជាក់ថា ៖ “ជនបរទេសដែលបំពេញការងារនៅកម្ពុជា ក៏នឹងទទួលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយមិនគិតកម្រៃសេវាដូចជាប្រជាពលរដ្ឋកម្ពុជាដែរ”។
លោក ប៉ិច ពិសី នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា ប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា លោកគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ដល់ទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលកំពុងបំពេញការងារ និងបេសកកម្មនៅកម្ពុជា។
លោក ប៉ិច ពិសី មានប្រសាសន៍ថា ៖ “យើង [រដ្ឋាភិបាលកម្ពុជា] គួរតែចាក់ វ៉ាក់សាំងកូវីដ-១៩ [ដល់អ្នកកំពុងរស់នៅកម្ពុជា] កាន់តែច្រើនកាន់តែល្អ ព្រោះដើម្បីទប់ស្កាត់ជំងឺ [កូវីដ-១៩] ហ្នឹង ទាល់តែយើងចាក់ថ្នាំបង្ការឱ្យបានគ្រប់គ្នា។
លោក ប៉ិច ពិសី បានបន្ថែមថា ហេតុផលល្អទី២ ដែលគួរផ្ដល់ការចាក់វ៉ាក់សាំងដោយមិនគិតថ្លៃដល់ជនបរទេសកំពុងរស់នៅកម្ពុជា ដោយសារវ៉ាក់សាំងភាគច្រើនជាជំនួយពីប្រទេសជាមិត្តដែលផ្ដល់ដល់ប្រទេសកម្ពុជា។
លោក ប៉ិច ពិសី មានប្រសាសន៍ថា៖ “វ៉ាក់សាំងទាំងនោះភាគច្រើនជារបស់ជំនួយ ដែលគេ [បរទេស] ជួយទិញឱ្យយើង [រដ្ឋាភិបាលកម្ពុជា] អ៊ីចឹង បើយើងចាក់ឱ្យបរទេសបាន ក៏ល្អដែរ ព្រោះយើងអត់បានយកលុយទៅទិញវ៉ាក់សាំងទាំងនោះទេ។ អ៊ីចឹង គួរតែផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋខ្មែរផង និងប្រជាពលរដ្ឋ [ជនជាតិ] ផ្សេងទៀតដែលរស់នៅលើទឹកដីខ្មែរដោយស្របច្បាប់ផង”។
ដើមសប្ដាហ៍នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងពីចិន១លានដូស ដោយចិននឹងផ្ដល់វ៉ាក់សាំង៦០ម៉ឺនដូសសិន នៅខែកុម្ភៈនេះ។
កម្ពុជាក៏នឹងទទួលបានវ៉ាក់សាំងពីអូស្ត្រាលី ប្រមាណ៣លានដូសដែរ តាមរយៈជំនួយជាថវិកា២៨លានដុល្លារអាមេរិក។ រីឯ COVAX ក៏នឹងផ្ដល់វ៉ាក់សាំង៧លានដូស មកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានសរសេរលិខិតស្នើជំនួយវ៉ាក់សាំងទៅរដ្ឋាភិបាលឥណ្ឌា និងរុស្ស៊ីរួចហើយ ខណៈរដ្ឋាភិបាលកំពុងពិចារណាលើការទិញវ៉ាក់សាំងពីអង់គ្លេសមួយទៀត។ វ៉ាក់សាំងអង់គ្លេសមួយដូស មានតម្លៃ៤ ឬ៥ដុល្លារ ចំណែកវ៉ាក់សាំងចិន មានតម្លៃ២០ដុល្លារ។
អត្ថបទ៖វីរៈ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា