ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ស្នើឱ្យប្រធានសាលាដំបូងសហការជាមួយភាគីពាក់ព័ន្ធ បំពេញភារកិច្ចឱ្យបានត្រឹមត្រូវ
អភិបាលខេត្តស្វាយរៀង លោកប៉េង ពោធិ៍សា នៅថ្ងៃទី២៤ ខែតុលានេះ បានផ្តាំផ្ញេីដល់ ប្រធានសាលាដំបូងខេត្តស្វាយរៀង លោក អ៊ាក ផល្លា ដែលត្រូវប្រកាសចូលកាន់មុខតំណែង ត្រូវបន្តពង្រឹងការសហការ និងសាមគ្គីភាពឯកភាពផ្ទៃក្នុង និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា ជាធរមាន។ លោក ប៉េង ពោធិ៍សា បានប្រកាសបែបនេះ នៅក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងលោក អ៊ាក ផល្លា ជាប្រធានសាលាដំបូងខេត្ត ស្វាយរៀង ជំនួសលោកឌិន ស៉ីវុទ្ធី ដែលត្រូវផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង។

លោក ប៉េង ពោធិ៍សា ក៏បានណែនាំប្រធានសាលាដំបូងដែលចូលកាន់តំណែង ឱ្យប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥យ៉ាង “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីពង្រឹង យន្តការ នៃការដឹកនាំគ្រប់គ្រងសាលាដំបូងខេត្ត ក្នុងការធានាគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព នៃការផ្ដល់សេវា និងបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងវិស័យ យុត្តិធម៌ ដែលជាចំណែកមួយចូលរួមធ្វើឲ្យកាន់តែប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាព ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់កម្មវិធី នយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋា-ភិបាល ។ ក្នុងនោះ អភិបាលខេត្តស្វាយរៀង ក៏បានណែនាំឱ្យមានការសហការ និងទំនាក់ទំនងល្អជាមួយរដ្ឋបាល ដែនដីគ្រប់លំដាប់ ថ្នាក់ មន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយភាពម្ចាស់ការ ការទទួលខុសត្រូវ និងស្របតាមនីតិវិធីនានាជាធរមាន។

ជាមួយគ្នានេះ លោក ប៉េង ពោធិ៍សា ក៏បានសរសើរ និងអរគុណ ចំពោះលោកឌិន ស៊ីវុទ្ធី ដែលក្នុងពេល នៃការកាន់មុខតំណែងជាប្រធានសាលាដំបូងខេត្តស្វាយរៀង រយៈពេលជិត ៥ឆ្នាំ កន្លងមកនេះ លោក ឌិន ស៊ីវុទ្ធី បានសហការ និងមានទំនាក់ទំនងយ៉ាងល្អ ប្រសើរជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការដឹកនាំអនុវត្តវិស័យច្បាប់ និងវិស័យតុលាការ ដែលការណ៍នេះបានធ្វើឲ្យខេត្តស្វាយរៀង ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលល្អៗជាបន្តបន្ទាប់។
ពីពិធីប្រកាសមុខតំណែងនេះ លោកកេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញេីដល់ប្រធានសាលាដំបូងដែលត្រូវចូលកាន់តំណែងត្រូវប្រកាន់យកចំណុច៥យ៉ាងដូចជា៖
១-ត្រូវពង្រឹងប្រសិទ្ធភាពចំណាត់ការសំណុំរឿង ឱ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងតម្លាភាព ជាអាទិ៍ បទល្មើសគ្រឿងញៀន, សម្អាតប្រាក់, ជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ ប្លន់ ដើម្បីរួមចំណែកអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងត្រូវអនុវត្តទោសបន្ថែមដែលជាការបណ្តេញចេញពីកម្ពុជាចំពោះជនល្មើសជាជនបរទេស ក្រោយបញ្ចប់ការអនុវត្តទោសពន្ធនាគារ។ លោក កើត រិទ្ធ ក៏បានសង្កត់ធ្ងន់ថា ចំពោះជនល្មើសដែលមានសញ្ជាតិ ២ ក្នុងនោះមួយជាសញ្ជាតិខ្មែរ ដែលត្រូវបានចាប់ខ្លួន ចោទប្រកាន់ ឬឃុំខ្លួនបណ្តោះអាសន្ន នៅលើទឹកដីខ្មែរ, ចៅក្រមនិងព្រះរាជអាជ្ញាពុំមានកាតព្វកិច្ចតាមផ្លូវច្បាប់ណាមួយដែលត្រូវជូនដំណឹងទៅស្ថានទូតបរទេសឡើយ ដោយត្រូវចាត់ទុកជនល្មើសនោះជាជនជាតិខ្មែរ ដែលនេះសបញ្ជាក់ពីការលើកតម្កើងអធិបតេយ្យភាពជាតិខ្មែរ។

២-នៅពេលជំនុំជម្រះក្តី ត្រូវវៀរចាកអគតិទាំង ៤ ប្រការគឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ និងត្រូវប្រកាន់យកសុគតិធម៌ទាំង ៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និង បញ្ញាវុធវិនិច្ឆ័យ។
៣-ត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ តាមគ្រប់មធ្យោបាយ, រៀបចំសមាសភាពមន្ត្រីដើម្បីទទួលការបណ្តុះបណ្តាលបន្ត ហើយមន្ត្រីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ។
៤-ត្រូវពង្រឹងគុណភាពនៃការតាក់តែងសាលក្រម/សាលដីកាដោយត្រូវមានសំអាងហេតុ និងសំអាងច្បាប់ច្បាស់លាស់ គ្រប់គ្រាន់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ជាធរមាន។ រដ្ឋមន្ត្រីក្រសួងយុត្ិធម៌ក៏សូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចផ្តល់កិច្ចសហការធានាឱ្យសេចក្តីសម្រេចរបស់តុលាការត្រូវបានអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព។
៥-ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន គឺ“ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” និងអភិក្រមទាក់ទងនឹងការកែទម្រង់ទាំង ៤ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ “ចក្ខុវិស័យច្បាស់លាស់ ប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយស្មោះត្រង់ និងលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ជាពិសេស ការត្រៀមលក្ខណៈគ្រប់បែបយ៉ាងចូលរួមអនុវត្តយុទ្ធនាការសំខាន់ៗទាំង ៣ ដែលនឹងដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលខាងមុខ។
នៅថ្ងៃក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងលោក អ៊ាក ផល្លា ជាប្រធានសាលាដំបូងខេត្ត ស្វាយរៀង ជំនួសលោកឌិន ស៉ីវុទ្ធី ដែលត្រូវផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ លោកជុំ ហាត ប្រធាន ក្រុមប្រឹក្សាខេត្ត និងលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដែលពិធីប្រកាសមុខតំណែងនេះ បានប្រារព្ធធ្វើនៅតុលាការខេត្តស្វាយរៀង៕
អត្ថបទដោយ៖ ភក្ដី



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


