ព័ត៌មានជាតិ
លោក ទៀ សីហា ទស្សនកិច្ចនៅវៀតណាម ខណៈថ្ងៃទី១៥ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅឥណ្ឌូនេស៊ី
លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈក្រោយចប់ទស្សនកិច្ចនេះ លោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងបន្តដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅប្រទេស ឥណ្ឌូនេស៊ី។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា ទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ ផាន វ៉ន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម ក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យបានរឹងមាំ និងរីកចម្រើន ធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពប្រទេសទាំងពីរ ក៏ដូច ជាសម្រាប់តំបន់ទាំងមូល។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ និងជាទស្សនកិច្ចជាលើកទី១ ទៅប្រទេសវៀតណាម លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រីវៀតណាម។

ដោយឡែក ក្រោយបញ្ចប់ដំណើរទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់លោក បបូទូ ស៊ូប៊ីន រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៣ លោកនាយឧត្ដមសេនីយ៍ ទៀ សីហា ក៏នឹងបន្តដំណើរដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៧ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី បានរៀបចំឡើងក្រោមមូលបទ «សន្តិភាព វិបុលភាព និងសន្តិសុខ» ដោយផ្តោតលើកិច្ចពិភាក្សាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ការពង្រឹងជំនឿទុកចិត្ត និងការលើកកម្ពស់សមត្ថភាព និងភាពធន់របស់តំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមផ្នែកសន្តិសុខ។ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសបូក ក៏នឹងពិភាក្សាផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួមផងដែរ។

ក្នុងឱកាសចូលរួមកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ព្រមទាំងជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ថៃ អូស្ត្រាលី និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេស ADMM បូក មួយចំនួនទៀត ដើម្បីពិគ្រោះយោបល់ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា ជាមួយបណ្ដាប្រទេសក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


