Connect with us

ព័ត៌មានជាតិ

បន្ថែម​ផ្តល់ប្រាក់​ឧបត្ថម្ភ កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញឥត​គិតថ្លៃ​ចាប់​ចុះឈ្មោះ​ទទួល​ពាក្យ​ពីថ្ងៃទី ១៥ វិច្ឆិកា

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាកវិជ្ជាជីវៈបានប្រកាសឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ​រង​ហានិភ័យ​មកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅ​តាមរាជធានីខេត្តដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាកវិជ្ជាជីវៈបានមានប្រសាសន៍​នៅព្រឹកថ្ងៃទី ១២ វិច្ឆកានេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈនៅថ្ងៃ ១៤ វិច្ឆិកា ២០២៣។ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យអាចទៅចុះឈ្មោះចូលរៀនបាននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមរាជធានី​ខេត្តនិងតាមប្រព័ន្ធឌីជីថល www.tvet.gov.kh និងប្រព័ន្ធ Mobile App: TVET 1.5 M។

លោកបានបន្តថា ការ​ចុះឈ្មោះសិក្សា​ យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យត្រូវមានអាយុ ១៥ ឆ្នាំឡើង មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើត មានបណ្ណសមធ៌មក្រីក្រ ១ ឬ ២ ឬ បណ្ណសំគាល់គ្រួសារងាយ​រង​ហានិភ័យ។ ដោយឡែក​ចំពោះយុជនមកពីសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ត្រូវមានអាយុ ១៥ ឆ្នាំឡើង និងមានអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត។

ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយហានិភ័យនេះក៏មានការចូលរួមពីវិស័យឯកជនមកពីសភាពាណិជ្ជកម្មនិងសមាគមចំនួន ១៨ ផងដែរ ដោយជួយគាំទ្រទៅលើការហាត់ការនិងកម្មសិក្សាដល់សិស្ស។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ការសិក្សាជំនាញវិជ្ជាជីវៈនេះមានរយៈពេល ៤ ខែ ដោយយុវជនមិនត្រឹមតែទទួលបានការសិក្សាជំនាញថ្មីៗ បច្ចេកទេសនិងព័ត៍មានវិទ្យា​ឌីជីថល​ប៉ុណ្ណោះទេ​ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧០ ដុល្លារក្នុង ១ ខែពីរាជរដ្ឋាភិបាលផងដែរ។

លោករដ្ឋមន្ត្រីបានបន្តថា យុវជនដែលចូលរៀនសាលាវិជ្ជាជីវៈទាំងអស់នឹងរៀនបណ្តើរនិង​ចុះហាត់ការនៅតាមរោងចក្រ​សហគ្រាស​ក្រុមហ៊ុននានា ដើម្បីដកស្រង់បទពិសោធន៍ផ្ទាល់ពីអ្នកជំនាញ និងអាចបញ្ចេញនូវសមត្ថភាពរបស់ខ្លួនថែមទាំង​​មានឱកាសទទួលបានការងារល្អៗនៅសហគ្រាសនោះពេលបញ្ចប់ការហាត់ការផងដែរ។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការងារបណ្តុះបណ្តាលនេះត្រូវធ្វើយុទ្ធនាការបន្ថែមទៀតដើម្បីឱ្យយុវជនបានយល់ពីសារសំខាន់នៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដើម្បី​អាច​មកចុះឈ្មោះចូលរៀន ខណៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេស នឹងប្រកាសដោយសម្តេចធិបតី ហ៊ុន ម៉ាណែតនៅថ្ងៃទី ១៤ វិច្ឆិកាខាងមុខនេះ។

បើតាម​លោករដ្ឋមន្ត្រី ការបណ្តុះបណ្តាលនេះទទួលបានជោគជ័យទៅបាន​អាស្រ័យមានការចូលរួមពីគ្រប់ភាគី​រួមទាំងវិស័យ​ឯកជនពិសេសយុវជនខ្លួនឯងផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម