ព័ត៌មានជាតិ
ក្រសួងការងារ ៖ មុខជំនាញ ៣៨ មុខ សម្រាប់បណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ ជាជំនាញដែលទីផ្សារកំពុងត្រូវការ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំណត់វិស័យ និងមុខជំនាញសម្រាប់ជំហានដំបូងចំនួន ៣៨ មុខជំនាញ ក្នុងវិស័យអាទិភាព ១០ សម្រាប់ការរៀនមិនគិតថ្លៃ ក្នុង«កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»។ ក្នុងនោះ វិស័យអាទិភាពទាំង ១០ នោះ ត្រូវបានកំណត់តាមរយៈការសិក្សាលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យ និងអនុវិស័យ, ការសិក្សាទីផ្សារការងារផ្អែកលើចំនួនរោងចក្រ សហគ្រាស និងកម្មករនិយោជិត និងគោលនយោបាយអាទិភាព ឬយុទ្ធសាស្ត្រនយោបាយនានា។ នេះបើតាមការថ្លែងបញ្ជាក់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ នៅពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ«របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ កាលពីព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។

លោក ហេង សួរ បានបង្ហាញថា វិស័យអាទិភាពទាំង ១០ នោះ រួមមាន ៖ សំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់ និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និង កសិ-ឧស្សាហកម្ម, និង ធុរកិច្ច និងព័ត៌មានវិទ្យា។ ដោយឡែក ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ត្រូវបានរៀបចំ និងអនុវត្តដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្នុងគោលបំណងអភិរក្សចំណេះដឹង និងជំនាញដូនតា ឲ្យបានគង់វង្ស និងអភិវឌ្ឍន៍ “ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋបង្កើតថ្មី”។

លោក ហេង សួរ ក៏បានគូសបញ្ជាក់ដែរថា «ជោគជ័យ នៃកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនមែនរាប់ត្រឹមពេលដែលយុវជនជាគោលដៅបានមកចុះឈ្មោះរៀន មិនត្រឹមតែវគ្គបណ្ដុះបណ្ដាលបានដំណើរការហើយ ក៏មិនត្រឹមតែពេលយុវជនបានបញ្ចប់ការបណ្ដុះបណ្ដាលនោះទេ។ ជោគជ័យពិតប្រាកដ ត្រូវសម្រេចឲ្យបាននូវបាវចនាប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី គឺត្រូវធ្វើយ៉ាងម៉េចឲ្យយុវជនយើងបានចូលរៀន រៀនឲ្យចប់ រៀនឲ្យចេះ និងឲ្យមានការងារធ្វើ ឬសង្ខេបដោយសាមញ្ញគឺ “រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារ”»។ ដូចនេះ ដើម្បីឲ្យកម្មវិធីបណ្ដុះបណ្ដាលនេះដំណើរទៅប្រកបដោយភាពជោគជ័យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយស្ថាប័ន និងដៃគូពាក់ព័ន្ធ រៀបចំ និងធ្វើបច្ចុប្បន្នភាពកញ្ចប់សិក្សាផ្អែកលើសមត្ថភាពសម្រាប់ការបណ្ដុះបណ្ដាល ដោយកំណត់ជាស្តង់ដារនូវជំនាញនីមួយៗ គឺមានចាប់ពី៥ ទៅ ៦ម៉ូឌុល ហើយក្នុងម៉ូឌុលនីមួយៗ គឺត្រូវមានម៉ោងរៀនយ៉ាងតិច ៦៣០ ម៉ោង រួមទាំងទ្រឹស្ដី ការអនុវត្តនៅរោងជាង និងការចុះកម្មសិក្សាតាមវិស័យឯកជន។ ម៉ូឌុលទី ១ អំពីជំនាញទន់ ត្រូវបានបញ្ចូលទៅគ្រប់ជំនាញទាំងអស់ ដោយផ្តោតលើការធ្វើការងារជាក្រុម, សុវត្ថិភាព និងសុខភាព ការងារ (OSH), KAIZEN (5S), ការរៀបចំបែងចែកអាទិភាពការងារ និងការគ្រប់គ្រងពេលវេលា, ការប្រាស្រ័យទាក់ទងនៅកន្លែងការងារ, សហគ្រិនភាព, មូលដ្ឋាន ជំនាញបៃតង, មូលដ្ឋានច្បាប់ស្តីពីការងារ និងចរណៈវិជ្ជា, ព្រមទាំងមានការគោរពទង់ជាតិជារៀងរាល់ម៉ោង ៧ ព្រឹក និងការហាត់កីឡាចំនួន ៣០ នាទី មុននឹងចាប់ផ្ដើមចូលរៀននៅម៉ោង ៨ ព្រឹកផងដែរ។ ទន្ទឹមនេះ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ ក៏មានសម្រាប់ការសិក្សាវេនយប់ និងវេនចុងសប្ដាហ៍ថ្ងៃសៅរ៍-អាទិត្យ ដែលអាចផ្តល់ជម្រើស និងភាពបត់បែនបន្ថែមលើវេនធម្មតាដល់ក្រុមគោលដៅអាចចូលរៀនបាន ដោយឆ្លើយតបតាមតម្រូវការការងារនៅភូមិសាស្ត្រមូលដ្ឋានទៀតផង។

លោក ហេង សួរ បានបញ្ជាក់ទៀតថា មិនត្រឹមតែការសិក្សាទ្រឹស្ដីនៅសាលានោះទេ ប៉ុន្តែក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានចុះអនុស្សរណៈ នៃការយោគយល់ (MOU) ជាមួយសភាពាណិជ្ជកម្ម និងសមាគមនិយោជកតាមវិស័យនានាចំនួន ១៧ ដើម្បីផ្តល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្សដែលនឹងចុះឈ្មោះរៀនកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលនឹងអនុញ្ញាតឲ្យយុវជនជាគោលដៅអាចផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងនៅកន្លែងធ្វើការ និងធានាថាសិស្សមានសមត្ថភាពអាចធ្វើការងារបានពិតប្រាកដក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាល៕





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


