Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ និងអ្នកវិភាគសេដ្ឋកិច្ច ៖ យុវជនត្រូវមានជំនាញមួយយ៉ាងតិច​ប្រចាំជីវិត សម្រាប់ខ្លួនឯង និងសង្គមជាតិ

បានផុស

នៅ

លោក កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លើក​ទឹក​ចិត្ត​ដល់​យុវជន​ពុំ​ទាន់​មាន​ជំនាញ​ច្បាស់លាស់ គួរ​ចាប់​យក​ឱកាស​ចូល​រៀន​វគ្គ​ជំនាញ​ខ្លី​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូន តាមរយៈ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​សម្រាប់​ក្រុម​គោលដៅ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំង​ប្រទេស​ចំនួន ១,៥ លាន​នាក់ ដោយ​មិន​បង់ថ្លៃ​សិក្សា និង​ថែមទាំង​ទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ២៨ ម៉ឺន​រៀល ពេល​កំពុង​សិក្សា​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ក៏បាន​អំពាវនាវ​បន្ថែម​ដល់​យុវជន គួរ​ចាប់​យក​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ និង​ជា​ទីផ្សារ​កំពុង​ត្រូវការ។ ដូចនេះ យុវជន​អាច​ជ្រើសរើស​មុខជំនាញ​ចូល​រៀន​បាន​តាមរយៈ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ផ្តល់​ជូន​ដោយ​រាជរដ្ឋាភិបាល​នៅ​ពេលនេះ ដែល​មាន​មុខ​ជំនាញ​ដល់ ទៅ ៣៨ មុខ ក្នុង​វិស័យ​ចំនួន ១០ សុទ្ធ​សឹង​ជា​តម្រូវការ​ទីផ្សារ។

លោក កត្តា អ៊ន យល់​ឃើញ​ថា យុវជន​ម្នាក់ គួរ​មាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំ​ជីវិត ដែល​មាន​ន័យ​ថា ត្រូវ​មាន​ចំណេះដឹង​មួយ​ច្បាស់លាស់​សម្រាប់​ចិញ្ចឹម​ជីវិត​ខ្លួនឯង ជួយ​គ្រួសារ និង​សង្គមជាតិ។ បន្ថែម​នេះ លោក ចាត់ទុកថា ការ​បណ្ដុះបណ្ដាល​ជំនាញ​គឺជា​ស្ពាន​អាច​ឲ្យ​យុវជន​រក​ចំណូល​បាន​សម្រាប់​ខ្លួនឯង និង​អាច​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​រហូត​ដល់​ថ្នាក់​ឧត្ដមសិក្សា​ទៀត​ផង។ ទន្ទឹម​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ហើយ​នោះ លោក កត្តា អ៊ន ក៏​ជំរុញ​យុវជន ត្រូវ​យកចិត្តទុកដាក់​ពី​ជំនាញ​ទន់​ផង​ដែរ ដែល​សំដៅ​ដល់​ការ​រៀបចំ​កិរិយា​មារយាទ សីលធម៌ គុណធម៌ ដើម្បី​ក្លាយ​ជា​កម្លាំង​ពលកម្ម​ជំនាញ​ប្រកប​ដោយ​គុណភាព។

ដោយឡែក​ចំពោះ​លោក​បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច និង​ជា​ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​មើល​ឃើញ​ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​ដាក់​ចេញ​នា​ពេលនេះ ពិតជា​ចាំបាច់​ក្នុង​ការ​បណ្ដុះបណ្ដាល​មូលធន​មនុស្ស​ប្រកប​ដោយ​គុណភាព មាន​ន័យ​ថា មាន​មនុស្ស​ហើយ ត្រូវ​មាន​ទាំង​ចំណេះដឹង សមត្ថភាព បច្ចេកទេស សុខភាព ទម្លាប់​ការងារ​ល្អ​ផង​ដែរ។ ដូចនេះ ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស មិន​ត្រឹមតែ​ផ្តោត​លើ​ការ​បង្រៀន​ជំនាញ​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ផ្តោត​លើ​ជំនាញ​ទន់​ដូចជា ផ្នត់គំនិត និង​ទម្លាប់​ល្អ​ក្នុង​ការងារ​ផង ដើម្បី​ទទួល​បាន​ការងារ​ល្អ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ យល់ថា កម្មវិធី​បណ្ដុះបណ្ដាល​នេះ ផ្តល់​ឱកាស​ដល់​យុវជន​ពុំ​ទាន់​មាន​ជំនាញ​ច្បាស់លាស់ ឬ បាន​បោះបង់​ការ​សិក្សា​ចោល ឲ្យ​មក​ចូល​រៀន ដើម្បី​ក្លាយ​ជា​កម្លាំង​ពលកម្ម​ជំនាញ​មួយ​ច្បាស់លាស់​វិញ។ លោក​បណ្ឌិត​មើល​ឃើញ​ថា យុវជន​មួយ​ចំនួន នៅតែ​យល់ថា ការ​សិក្សា​ជំនាញ​បច្ចេកទេស មាន​កម្រិត​ទាប​ជាង​ការ​សិក្សា​ថ្នាក់​ឧត្ដមសិក្សា ដោយសារ​ពួកគាត់​គិត​ពី​មុខមាត់​ជាង​អាជីព​ដែល​មាន​ជំនាញ​ច្បាស់លាស់ និង​អាច​រក​ចំណូល​បាន​ឆាប់រហ័ស។ លោក​បណ្ឌិត លើក​ឡើង​ថា នៅ​ប្រទេស​សិង្ហបុរី សម្រាប់​យុវជន​រៀន​មិន​ចប់​ថ្នាក់​វិទ្យាល័យ​ទេ គឺ​ពួកគេ​អាច​ចូល​រៀន​វគ្គ​ជំនាញ​បច្ចេកទេស​វិញ។ ហើយ​បន្ទាប់​ពី​សិក្សា​បាន ២ ឬ ៣ ឆ្នាំ ពួកគេ​អាច​បន្ត​សិក្សា​ថ្នាក់​ឧត្ដមសិក្សា​ទៀត។

ចំណែក​លោក​បណ្ឌិត គិន ភា អ្នកវិភាគ​សង្គម និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ក៏​ជំរុញ​ដល់​យុវជន ត្រូវ​មាន​ជំនាញ​មួយ​យ៉ាង​តិច​ប្រចាំ​ជីវិត ព្រោះ​ពេល​មាន​ជំនាញ​មួយ​ពិតប្រាកដ​ក្នុង​ជីវិត ពួកគេ​អាច​ជួយ​ខ្លួនឯង ជួយ​គ្រួសារ​បាន ដែល​នេះ​ក៏​មាន​ន័យ​ថា បាន​ចូលរួម​ជួយ​សង្គម​ជាតិ​ដែរ។ បន្ថែម​ពី​នេះ លោក​បណ្ឌិត គិន ភា បាន​លើក​ឡើង​ថា ដើម្បី​សម្រេច​បាន​នូវ​អភិក្រម “​រៀន​ឲ្យ​ចប់ រៀន​ឲ្យ​ចេះ និង​មាន​ការងារ​ធ្វើ​” គឺ​ត្រូវការ​ការ​ចូលរួម​ពី​តួអង្គ​រាជរដ្ឋាភិបាល វិស័យ​ឯកជន ជាពិសេស គឺ សិក្ខាកាម​ផ្ទាល់ខ្លួន ត្រូវ​តែ​មាន​វិន័យ​លើ​ខ្លួនឯង ដើម្បី​ធានា​ថា​ពេល​រៀន​ចប់​ទទួល​សញ្ញាបត្រ គឺ​ត្រូវ​យក​ជំនាញ​មក​ធ្វើការ​កើត។

ជាមួយ​គ្នា​នេះ តាម​ការ​បញ្ជាក់​របស់ លោក កត្តា អ៊ន សម្រាប់​អ្នក​មាន​បំណង​ចុះ​ឈ្មោះ​ចូលរៀន និង​ស្វែងរក​ព័ត៌មាន នៃ​វគ្គ​សិក្សា​ជំនាញ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​បច្ចេកទេស អាច​ចូល​តាមរយៈ ៖ ទី(១).ប្រព័ន្ធ​ឌីជីថល ដែល​មាន​លើ​កម្មវិធី​ទូរស័ព្ទ​ដៃ (TVET 1.5M) ឬ តាមរយៈ​គេហទំព័រ www.tvet.gov.kh ,(http://www.tvet.gov.kh/) និង​ទី​(២).តាម​បណ្ដា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​ទូទាំង​ប្រទេស។ ដើម្បី​ចូលរៀន​ក្នុង​កម្មវិធី​នេះ យុវជន​គោលដៅ ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​រួមមាន ៖ (១).ជា​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​, (២).​មាន​អាយុ​ចាប់ពី ១៥ ឆ្នាំ​ឡើង​, (៣).​មាន​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ ឬ សំបុត្រ​កំណើត​, និង (៤).មាន​បណ្ណ​សមធម៌ (​កម្រិត​ភាព​ក្រីក្រ ១ និង​ក្រីក្រ ២) ឬ បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម